សម្តេច ស ខេង៖ ការ​កែ​ទម្រង់​ការងារ​អត្តសញ្ញាណកម្ម​ កាន់តែ​ស្មុគស្មាញ​ទៅ

  • 2019-02-18 04:23:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេច ស ខេង ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​សម្គាល់​ឃើញ​ថា ពី​ដំណាក់កាល​មួយ ទៅ​ដំណាក់កាល​មួយ ការកែ​ទម្រង់​ការងារ​អត្តសញ្ញាណកម្ម​កាន់តែ​ស្មុគស្មាញ​ទៅៗ ទាំងផ្នែក​ក្របខណ្ឌ​ច្បាប់ ទាំងផ្នែក​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន។ ការ​ថ្លែង​នេះ ក្នុង​ពេល​ដែល​សម្តេច ស ខេង បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី៣ នៃ​គណៈកម្មាធិការ​ជាតិ​ដឹកនាំ​តម្រង់​ទិស​ការងារ​អត្រា​នុកូលដ្ឋាន សិ្ថតិ​អត្រា​នុកូលដ្ឋាន និង​អត្តសញ្ញាណកម្ម (គ.ជ.ដ.អ) នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ នាព្រឹក​ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩។

សម្តេច​ក្រឡាហោម បាន​ចាត់ទុក​ថា ការ​កំណត់​អត្តសញ្ញាណ​បុគ្គល​ឲ្យបាន​ច្បាស់លាស់ គឺជា​កិច្ចការ​ស្នូល​របស់​រាជរដ្ឋាភិបាល ដែល​ត្រូវ​ខិតខំ​ដោះស្រាយ​ ឲ្យ​ស្របតាម​ស្ថានភាព​ជាក់ស្តែង​របស់​កម្ពុជា​ផង និង​កាតព្វកិច្ច​ជា​អន្តរជាតិ​ផង។ សម្តេច​តែងតែ​ផ្តល់​អាទិភាព​ជា​ចម្បង​លើ​កិច្ច​ខិតខំ​ដោះស្រាយ និង​ជំរុញ​ការងារ​អត្តសញ្ញាណកម្ម​នេះ ឲ្យ​វិវឌ្ឍ​ទៅមុខ ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្តីពី​អត្តសញ្ញាណកម្ម ដែល​រាជរដ្ឋាភិបាល​បាន​អនុម័តរួច។

សូម​បញ្ជាក់​ថា កិច្ច​ប្រជុំ​នេះ ពិនិត្យ​ទៅលើ​របាយការណ៍​ប្រចាំឆ្នាំ​២០១៨ ស្តីពី​វឌ្ឍនភាព​នៃការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិស្តីពី​អត្តសញ្ញាណកម្ម​ឆ្នាំ២០១៧-២០២៦ និង​ពិនិត្យ​របាយការណ៍​សង្ខេប​ស្តីពី​វឌ្ឍនភាព នៃការ​រៀបចំ​សេចក្តី​ព្រាងច្បាប់​ស្តីពី​អត្រា​នុកូលដ្ឋាន ស្ថិតិ​អត្រានុ​កូលដ្ឋាន និង​អត្តសញ្ញាណកម្ម និង​បញ្ហា​ផ្សេងៗ។

ទាក់ទង​នឹង​ការ​រៀបចំ​សេចក្តី​ព្រាងច្បាប់​ស្តីពី​អត្រា​នុកូលដ្ឋាន ស្ថិតិ​អត្រា​នុកូលដ្ឋាន និង​អត្តសញ្ញាណកម្ម សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់​ថា៖ «ទោះបី​យើង​បាន​សម្រេច​ឯកភាព​គ្នា​ជា​ក្របខណ្ឌ​គោលការណ៍​រួចហើយ​ក៏ដោយ ប៉ុន្តែ​នៅពេល​ដែលយើង​ពិនិត្យ​មើល​លើ​សេចក្តី​ព្រាងច្បាប់ យើងអាច​នឹង​ចូលរួម​យោបល់​ដើម្បី​កែ​សម្រួល​បាន។ មួយវិញទៀត​ ការពិត​ទៅ​ការងារ​នេះ គឺក្នុង​ន័យ​ថា យើងកែ​ទម្រង់​ផង និង​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ផង ពុំមែន​យើង​ធ្វើ​ឡើងវិញ​ទាំងស្រុង​ទេ។ ជាក់ស្តែង​យើង​អនុវត្ត​បាន​ច្រើន​មកហើយ គ្រាន់តែ​ការងារ​រាយប៉ាយ បាន​ន័យថា ចំណុច​ណា​មិនល្អ​យើង​ត្រូវកែ ហើយ​ចំណុច​ថ្មីខ្លះ​ដែលថា យើង​គួរចាំបាច់​ត្រូវយក​មក​ដាក់ យើងដាក់​បញ្ចូល​ទៅ។ ការរៀបចំ​សេចក្តី​ព្រាងច្បាប់​ធ្វើយ៉ាងណា​កុំឲ្យ​ផ្ទុយ​នឹងច្បាប់​នានា ដែល​មាន​ជាធរមាន ពិសេស​គឺ​កុំឲ្យ​ផ្ទុយ​ទៅនឹង​ក្របរខណ្ឌ​រដ្ឋប្បវេណី»។

ចំណែក​លោកស្រី ចាន់ សុទ្ធាវី រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ បាន​ថ្លែង​ថា បើគិត​មើល​ទិដ្ឋភាព នៃ​ការរៀបចំ​សេចក្តី​ព្រាងច្បាប់​ស្តីពី​អត្រានុកូលដ្ឋាន ស្ថិតិ​អត្រា​នុកូលដ្ឋាន និង​អត្តសញ្ញាណកម្ម​នេះ វាជា​បញ្ហា​មួយ មាន​លក្ខណៈ​ស្មុគស្មាញ ដោយសារ​វាមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ទៅនឹង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ។

លោក​ស្រី​បន្តថា៖ «បញ្ហា​នេះ​ដែរ​ឃើញ​ថា កន្លងមក​ពុំទាន់​មាន​បទប្បញ្ញត្តិ​ណាមួយ​រៀបចំ​ឲ្យបាន​ច្បាស់លាស់​ស៊ីជម្រៅ​នៅឡើយទេ ដូច្នេះ​នៅក្នុង​ដំណើរការ​នៃការ​រៀបចំ​នេះ វាជា​ការ​ប្រែប្រួល ជាការ​ផ្លាស់ប្តូរ​ថ្មី​ នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ»៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;