សិង្ហបុរី បង្ហាញ​នាវាមុជទឹក​ពិសេស​របស់​ខ្លួន​ ជា​លើកដំបូង​

  • 2019-02-20 03:10:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាវាមុជទឹក​ថ្មី១គ្រឿង​របស់​សិង្ហបុរី ​ត្រូវ​បាន​បង្ហាញ​ជា​ផ្លូវការ​ នៅ​ក្នុង​ពិធី នា​ក្រុង Kiel ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩។ នាវា​មុជទឹក ប្រភេទ 218SG ដែល​គេ​ឲ្យ​ឈ្មោះ​ថា "Invincible" នេះ នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរការ​ដោយ​កងទ័ព​ជើងទឹក​សិង្ហបុរី​ នៅ​ក្នុង​ឆ្នាំ​២០២១។

ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ពិធី​សម្ពោធ លោក Ng Eng Hen រដ្ឋមន្ត្រី​ការពារ​ជាតិ​សិង្ហបុរី បាន​ប្រាប់​ឲ្យដឹង​ថា នេះ​ជា​ពេល​វេលា​ដ៏​ល្អ ដើម្បី​រួមចំណែក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សន្តិសុខ​នៅ​ជុំវិញ​ប្រទេស​សិង្ហបុរី។ នាវា​ដែល​មាន​ប្រវែង ៧០​ម៉ែត្រ​នេះ នឹង​ត្រូវ​ប្រើប្រាស់​ជំនួស​នាវាមុជទឹក​របស់​កងទ័ពជើងទឹក​សិង្ហបុរី​។ វា​ត្រូវ​បាន​ផលិត​ឡើង​សម្រាប់​តែ​កង​ទ័ព​ជើង​ទឹក​សិង្ហបុរី​ប៉ុណ្ណោះ​។

លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​សិង្ហបុរី បញ្ជាក់​ថា ចិន ឥណ្ឌូណេស៊ី ថៃ ឥណ្ឌា និង​កូរ៉េខាងត្បូង​ ក៏​គ្រោង​ទិញ​នាវាមុជទឹក​បន្ថែម​ទៀត​ផង​ដែរ ដូច្នេះ​វា​ជា​ពេលវេលា​ដ៏​សក្ដិសម​មួយ​សម្រាប់​សិង្ហបុរី ​ក្នុង​ការ​ពង្រឹង​ផ្នែក​ជើងទឹក​របស់​ខ្លួន​។ លោក​បន្ត​ថា ទឹកប្រាក់​ចំណាយ​លើ​ផ្នែកការពារជាតិ បានកើនដល់​ ៤៤៧ ពាន់លានដុល្លារ​ ក្នុង​ឆ្នាំ​២០១៧ នៅទ្វីបអាស៊ី។

លក្ខណៈ​ពិសេស​របស់​នាវា​ខាងលើ អាច​ស្ថិតនៅ​ក្នុង​ទឹក​បាន​យូរ​ជាង​នាវាមុជទឹក​បច្ចុប្បន្ន​របស់​កងទ័ពជើងទឹក​សិង្ហបុរី និង​បំពាក់​ប្រព័ន្ធ​ដែល​អាច​កំណត់​ទីតាំង​របស់​សត្រូវ​បាន​ឆាប់​រហ័ស​ជាង​មុន​។

សូម​ជម្រាប​ថា ក្រោយ​ពិធី​ខាងលើ នាវា​ឈ្មោះ Invincible នឹង​ត្រូវ​ដាក់​ឲ្យ​បើក​សាកល្បង មុន​នឹង​បញ្ជូន​ទៅ​កាន់​ប្រទេស​សិង្ហបុរី នៅ​ក្នុង​ឆ្នាំ​២០២១​៕

ប្រភព៖ Channelnewsasia | Straits Times ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;