អាមេរិក-​ចិន ជ្រើសរើស​កាលបរិច្ឆេទ​ពន្លត់ភ្លើង​សង្គ្រាម​ពាណិជ្ជកម្ម

  • 2019-02-21 06:48:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ត្រី​សហរដ្ឋ​អាមេរិក និង​ ចិន នឹង​បើក​កិច្ចប្រជុំ​មួយ ចាប់ពី​​ថ្ងៃ​ទី​​២១ ដល់​ ២២ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ នៅ​ក្រុង​វ៉ាស៊ីនតោន ដើម្បី​ឈាន​ដល់​កិច្ច​ព្រមព្រៀង​មួយ ដើម្បី​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មក។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់ Reuters នៅ​ថ្ងៃ​ទី​២១​កុម្ភៈ​។

សង្គ្រាម​ពាណិជ្ជកម្ម បាន​បង្ក​ផល​ប៉ះពាល់​ដល់​ទំនិញ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក ​ពន្យឺត​កំណើន​សេដ្ឋកិច្ច​សកលលោក ផ្ដល់​ឥទ្ធិពល​អវិជ្ជមាន​ដល់​ខ្សែ​សង្វាក់​ផ្គត់ផ្គង់ និង​រំខាន​ដល់​រោងចក្រ​នានា។

ប្រភព​ដែល​ដក​ស្រង់​សម្ដី​ពី​មន្ត្រី​ពាក់ព័ន្ធ​នឹង​ជំនួប​នេះ​ឲ្យដឹង​ថា ភាគី​ទាំង​សងខាង អាច​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ ​នៅ​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៩ បន្ទាប់ពី​ការ​ចរចា​កន្លង​មក ផ្ដោត​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ស្ដីពី ការ​ផ្លាស់ប្ដូរ​បច្ចេកវិទ្យា​ដោយ​បង្ខំ​និង​ចោរកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត កម្មសិទ្ធិបញ្ញា សេវាកម្ម រូបិយវត្ថុ កសិកម្ម និង​ ​ពាណិជ្ជកម្ម​មិន​ជាប់​របាំង​ពន្ធ​។

សូម​ជម្រាប​ថា មន្ត្រី​អាមេរិក និង​ចិន បាន​ធ្វើការ​ចរចា​គ្នា​នៅ​ក្រុង​ប៉េកាំង កាលពី​សប្ដាហ៍​មុន ដើម្បី​គូស​វាស​ពី​កាតព្វកិច្ច​របស់​ភាគី​ទាំង​សង​ខាង​នៅ​លើ​ក្រដាស​។

គួរ​បញ្ជាក់​ថា សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក និង​ចិន បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ហែល​ ៧ខែ​មក​ហើយ​។ វា​បាន​ចាប់ផ្តើម​កើតឡើង​តាំងពីថ្ងៃទី៦ ​ខែ​កក្កដា ឆ្នាំ២០១៨​មក ដែល​ពេលនោះ​អាមេរិក បាន​ដំឡើង​ពន្ធ​នាំចូល ២៥% លើ​ទំនិញ​របស់​ចិន​ជាង ៨០០​មុខ គិតជា​ទឹកប្រាក់​ប្រមាណ ៣៤ពាន់​លាន​ដុល្លារ​ក្នុង១ឆ្នាំ។ ហើយ​ចិន​ក៏បាន​ចាត់វិធានការ​ឆ្លើយតប​ភ្លាមៗ គឺ​បាន​ដំឡើង​ពន្ធ​នាំចូល ២៥% លើ​ទំនិញ​អាមេរិក​វិញ​ផងដែរ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;