លោក ដូណាល់ ត្រាំ ចង់​ឱ្យមាន​បច្ចេកវិទ្យា 6G នៅ​អាមេរិក កាន់តែ​ឆាប់

  • 2019-02-22 02:53:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បញ្ជាក់​ថា លោក​ចង់ឱ្យមាន​បច្ចេកវិទ្យា 5G និង​ដល់ 6G នៅ​ក្នុង​អាមេរិក កាន់តែ​ឆាប់​តាមដែល​អាចធ្វើ​បាន ដែល​បច្ចេកវិទ្យា​នេះ គឺ​ខ្លាំង លឿន និង​ឆ្លាត​ជាង​ពេល​បច្ចុប្បន្ន។ នេះបើតាម​ការបង្ហោះ​នៅលើ​បណ្តាញ Twitter របស់​លោក កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ​២០១៩។

លោកបាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​អាមេរិក ត្រូវតែ​បង្កើន​កិច្ចប្រឹងប្រែង ដើម្បី​សម្រេច​នូវ​បច្ចេកវិទ្យា​នេះ ដោយលោក​ថា គ្មាន​ហេតុផល​ណាមួយ​ដែល​ឱ្យ​អាមេរិក ត្រូវដើរ​ក្រោយគេ​នោះ​ទេ៖ «យើងត្រូវតែ​ធ្វើជាអ្នក​ដែល​តែងតែ​នាំមុខគេ លើអ្វីៗ​ទាំងអស់​ដែលយើង​អាចធ្វើបាន ជាពិសេស​នៅពេល​វាមកដល់​ពិភព​ដ៏គួរឱ្យ​រំភើប​នៃ​បច្ចេកវិទ្យា»។

ការ​លើកឡើង​របស់​លោក ដូណាល់ ត្រាំ ខាងលើ​នេះ ខណៈ​ដែល​ក្រុមហ៊ុន​ចិន Huawei នឹង​ឈានមុខគេ​លើ​បច្ចេកវិទ្យា 5G នាពេល​បច្ចុប្បន្ន​នេះ។ កាលពី​ឆ្នាំ​មុន មានការ​លើកឡើង​ថា រដ្ឋាភិបាល​អាមេរិក បាន​ពិចារណា​លើការ​អភិវឌ្ឍ​សេវា​ 5G ផ្ទាល់ខ្លួន ដោយ​បារម្ភ​ខ្លាចថា ចិន​សម្រេច​ការគ្រប់​គ្រង​ពិភពលោក លើការ​ផលិត និង​ប្រតិបត្តិការ​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ។

ការបង្ហោះ​នៅលើ Twitter របស់​ប្រធានាធិបតី​អាមេរិក​រូបនេះ ធ្វើឡើង​តែប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ បន្ទាប់ពី​ស្ថាបនិក​ក្រុមហ៊ុន Huawei លោក Ren Zhengfei បាន​និយាយ​ថា អាមេរិក កំពុងតែ​រងហានិភ័យ​ ក្នុងការ​ដើរតាម​ក្រោយ​គេ នៅពេល​ដែល​ក្រុមហ៊ុន​លោក សម្រេច​បច្ចេកវិទ្យា 5G។ លោក​ថា អាមេរិក ប៉ុនប៉ង​បំផ្លាញ​ក្រុមហ៊ុន Huawei តាម​រយៈការ​ជំរុញ​ឱ្យសម្ព័ន្ធមិត្ត​ខ្លួន បញ្ឈប់​ការប្រើប្រាស់​ឧបករណ៍​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​នេះ៕

ប្រភព៖ Independent ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;