ADB នឹង​បន្ត​ជួយ​កម្ពុជា​លើកសិកម្ម ថាមពល អប់រំ និង​ផែនការ​អភិវឌ្ឍន៍​ទីក្រុង

  • 2019-02-22 08:06:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោម​ក្របខណ្ឌ​យុទ្ធសាស្រ្ត​ភាព​ជាដៃគូ​សម្រាប់​អភិវឌ្ឍន៍​កម្ពុជា​ឆ្នាំ២០១៩-២០២៣ ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) នឹង​បន្ត​គាំទ្រ​រាជរដ្ឋាភិបាល​លើ​កិច្ច​អភិវឌ្ឍ​ស្របតាម​យុទ្ធសាស្រ្ត​ចតុកោណ​ដំណាក់​កាលទី៤ និង​ផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ជាតិ ២០១៩-២០២៣ ជាពិសេស គឺផ្តោត​លើការ​វិនិយោគ​លើការ​បង្កើន​ទិន្នផល​កសិកម្ម ការ​តភ្ជាប់​ទីជនបទ ទៅកាន់​ទីប្រជុំជន, ការ​ផ្គត់ផ្គង់​អគ្គិសនី​ដោយ​ប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ, ការ​រៀបចំ​ផែនការ​អភិវឌ្ឍន៍​ទីក្រុង, ការ​អភិវឌ្ឍ​វិស័យ​អប់រំ​កម្រិត​ទុតិយភូមិ, ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ការ​ធ្វើ​វិមជ្ឈការ​សេវា​សាធារណៈ។

ការ​បញ្ជាក់​ខាងលើ​នេះ ធ្វើឡើង​ដោយ​លោក Shivaji Kshatrapati នាយក​ប្រតិបត្តិ​របស់​ ADB ទទួល​បន្ទុក​ប្រទេស​អាហ្គានីស្ថាន, បង់ក្លាដេស, ប៊ូតាន់, ឥណ្ឌា, ឡាវ, តាជីគីស្ថាន, និង​តួកមេនីស្ថាន ក្នុង​​ជំនួប​ជាមួយលោក​ឧប​នាយក​រដ្ឋមន្រ្តី អូន ព័ន្ធ​មុនីរ័ត្ន រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពីថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩។

​ លោក Shivaji Kshatrapati បន្ថែម​ថា ADB គាំទ្រ​ដល់​ដំណើរការ​អភិវឌ្ឍន៍​វិស័យ​ធនធាន​មនុស្ស​មនុស្ស​របស់​រាជរដ្ឋាភិបាល, ការ​អភិវឌ្ឍន៍​វិស័យ​ថាមពល​ដើម្បី​កំណើន​សេដ្ឋកិច្ច​ខ្ពស់, បង្កើន​ចំណេះ​ដឹង​ផ្នែក​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម, ការ​រៀបចំ​ហិរញ្ញវត្ថុ​សាធារណៈ​ប្រកប​ដោយ​បរិយាប័ន្ន។

ក្នុង​ជំនួប​ពិភាក្សា​នេះ លោក​ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធ​មុនីរ័ត្ន បានណែនាំ​ឱ្យ​ការ​រៀបចំ​ក្របខណ្ឌ​យុទ្ធសាស្រ្ត​ភាព​ជាដៃគូ​សម្រាប់​អភិវឌ្ឍន៍​កម្ពុជាឆ្នាំ ២០១៩-២០២៣ ដោយ​មាន​ភាគី​កម្ពុជា ជាម្ចាស់​ក្នុង​ការ​ដឹកនាំ​រៀបចំ​ឱ្យ​យុទ្ធសាស្រ្ត ឆ្លើយតប​ទៅនឹង​តម្រូវ​ការ​អភិវឌ្ឍន៍​ជាក់ស្តែង​របស់​កម្ពុជា ដូចជា៖

១. វិស័យ​អប់រំ​បណ្តុះ​បណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ

២. គោលដៅ​អភិវឌ្ឍន៍​ប្រកប​និរន្តភាព​របស់​កម្ពុជា

៣. ការ​អភិវឌ្ឍសហគ្រាស​ធុនតូច និង​មធ្យម

៤. កំណែ​ទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ

៥. ការ​ពង្រឹង​អភិបាលកិច្ច

និង៦. សេដ្ឋកិច្ច​ឌីជីថល​ជាដើម៕

រូបថត៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;