ដំរី១ក្បាលនៅមណ្ឌលគិរី ត្រូវព្រានបាញ់សម្លាប់យកភ្លុក

  • 2019-02-25 01:29:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សត្វដំរី​ឈ្មោល​មួយក្បាល​ត្រូវបាន​ព្រាន​ព្រៃបាញ់​សម្លាប់ ដើម្បីកាត់​យកភ្លុក។ ដំរី​នេះ ត្រូវ​បាន​មន្ត្រី​បរិស្ថាន​ប្រទះ​ឃើញ​ពេល​កំពុង​ដើរ​ល្បាត កាល​ព្រឹក​ថ្ងៃទី២៤ ខែ​កុម្ភៈ ឆ្នាំ​២0១៩។

សត្វដំរី​បាន​ងាប់​ជាង ១០ថ្ងៃមកហើយ នៅក្នុង​ចម្ការ​ស្វាយចន្ទី ស្ថិតនៅ​ក្នុង​ភូមិស្រែល្វី ឃុំ​ស្រែខ្ទុម ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ដោយមាន​សភាព​ហើមស្អុយ ធ្លាយ​ពោះ រលួយ ជះក្លិន​ស្អុយ​ខ្លាំង។

លោក នេត្រ ភក្រ្តា អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ថ្លែង​ប្រាប់ [ខ្លីៗ] កាលពី​រសៀល​ថ្ងៃទី​២៤ ខែ​កុម្ភៈ ថា ក្រោយពី​ការ​ពិនិត្យ​ទៅលើ​ដងខ្លួន​សត្វដំរី​ដែលងាប់​នោះ គឺមាន​ស្លាកស្នាម​ប្រវែង​មួយ​ចំអាម​នៅ​ក្រោម​ភ្នែក ធ្លុះចូល​ទៅក្នុង គឺជា​ការ​បាញ់​សម្លាប់​សត្វដំរី​ដើម្បី​យកភ្លុក ហើយ​ដំរី​ដែលត្រូវ​បាញ់​សម្លាប់ គឺជា​ដំរីឈ្មោល និង​មាន​វ័យ​ចំណាស់។ ហើយ​សមត្ថកិច្ច​កំពុងតែ​ធ្វើការ​ពិនិត្យ​ជុំវិញ​កន្លែង​ដែល​ដំរី​ងាប់ ដើម្បី​រកដាន​អ្នក​ដែល​បាញ់​សត្វ​នេះ។

លោក​បាន​បន្ត​ថា ចំពោះ​សត្វដំរី​ដែលងាប់ និង​យកទៅ​កប់​នៅកន្លែង​សុវត្ថិភាព​មួយ ដើម្បី​រក្សា​គ្រោងឆ្អឹង សម្រាប់​ធ្វើការ​ស្រាវជ្រាវ​ជា​បន្តទៀត​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ជា​ផលប្រយោជន៍​បែប​វិទ្យាសាស្រ្ត។

ជាមួយគ្នា​នេះ​ ក្រសួង​បរិស្ថាន ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​និងការពារ​អភិរក្ស​ធនធាន​ធម្មជាតិ ការពារ​សត្វព្រៃ។

តាម​ការសន្និដ្ឋាន​របស់មន្រ្តី​ជំនាញ នៅក្នុង​ប្រទេស​កម្ពុជា មាន​សត្វដំរី​ប្រមាណ​ជាង ៥០០​ក្បាល ដែល​កំពុង​រស់នៅ។ នេះបើតាម​មន្រ្តី​នាំពាក្យ​ក្រសួង​បរិស្ថាន៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;