Chelsea ចេញ​ចំណាត់​ការ​លើ​ទង្វើ​របស់​អ្នកចាំទី Kepa ​ហើយ​

  • 2019-02-26 01:40:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​បាល់ទាត់​តោ​ខៀវ Chelsea បាន​សម្រេច​ផ្ដល់​ការ​ពិន័យ​លើ​អ្នកចាំទី​ Kepa Arrizabalaga ដែល​បាន​បដិសេធ​នឹងគ្រូបង្វឹក ក្នុង​ការ​ប្ដូរ​ចេញ កាល​ពី​វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ League Cup ។ Kepa នឹង​មិន​ទទួល​បាន​ប្រាក់​ឈ្នួល ចំនួន ១​សប្ដាហ៍ ក្រោយ​បង្ហាញ​សកម្មភាព​រឹង​ទទឹង​ជាមួយ​គ្រូបង្វឹក ក្នុង​ការ​ប្រកួត​ដែល Chelsea ចាញ់​ក្លឹប Manchester City ដោយ​បាល់​១១ម៉ែត្រ​កាត់​សេចក្ដី នៅ​កីឡដ្ឋាន Wembley។

អ្នកចាត់ការ​ទូទៅ Maurizio Sarri របស់ Chelsea មាន​បំណង​ដាក់​អ្នកចាំទី​ជម្រើស​ទី២ Willy Caballero ជំនួស Kepa ដែល​សង្ស័យ​ថា មាន​របួស​អំឡុង​ការ​ប្រកួត​។ យ៉ាងណាមិញ Kepa មិន​ព្រម​ប្ដូរចេញ​ឡើយ ខណៈ​ការ​ប្រកួត​នៅ​សល់​តែ ១​នាទី ឈាន​ដល់​ការ​ទាត់​បាល់ ១១​ម៉ែត្រ​កាត់សេចក្ដី​ ក្រោយ​ ១២០​នាទី ក្រុម​ទាំង​ពីរ បាន​ត្រឹម ០-០ ។

កាលពី​ថ្ងៃ​ទី​២៥ កុម្ភៈ​ Kepa បាន​ធ្វើ​ការ​សូម​ទោស​ទៅ​កាន់​លោក Sarri ព្រម​ទាំង​មិត្ត​រួមក្រុម និង​អ្នកគាំទ្រ ក៏​ប៉ុន្តែ​គេ​នៅ​តែ​មិន​អាច​គេច​ផុត​ពី​ការ​ពិន័យ​របស់ Chelsea ឡើយ​។

យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់ Chelsea ប្រាក់​ឈ្នួល​មួយ​សប្ដាហ៍ របស់ Kepa នោះ នឹង​ត្រូវ​បរិច្ចាគ​ទៅ​កាន់​មូលនិធិ​របស់​ក្លឹប​។

ចំណែក​លោក Sarri បាន​អះអាង​ថា លោក និង Kepa បាន​និយាយ​គ្នា​រួច​ហើយ និង​ឈាន​ដល់​ការ​បញ្ចប់​បញ្ហា​ជាស្ថាពរ បន្ទាប់ពី Kepa ដឹង​កំហុស​របស់​ខ្លួន។

គួរ​បញ្ជាក់​ថា Chelsea នឹង​ស្វាគមន៍​ក្រុម Hottenham Hotspur នៅ​ក្នុង​ការ​ប្រកួត​បន្ទាប់ សម្រាប់​ក្របខណ្ឌ English Premier League នា​ថ្ងៃ​ពុធ ទី​២៧ ខែ​កុម្ភៈ​ នៅ​កីឡដ្ឋាន Stamford Bridge ​៕

អត្ថបទទាក់ទង Kepa មិនព្រម​​ប្ដូរ​ចេញ ខណៈ Chelsea ចាញ់​ Man City ដោយ​ប៉េ​ណាល់​ទី​កាត់សេចក្ដី​ League Cup

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;