សម្តេច ហ៊ុន សែន អរគុណ​ក្រុមហ៊ុន​ហ្វេសប៊ុក ដែល​ជួយឱ្យ​គ្រប់គ្រង​គណនី​បាន​មកវិញ

  • 2019-02-26 04:48:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី​២៦កុម្ភៈនេះ បាន​សម្តែង​ការអគុណ​ដល់​ក្រុមហ៊ុន​ហ្វេសប៊ុក ដែល​បាន​សហការ​គ្រប់គ្រង​គណនេយ្យ​ហ្វេសប៊ុក​របស់​សម្តេច​បាន​មកវិញ បន្ទាប់ពី​ត្រូវបាន​ជន​អនាមិក hack កាលពី​ម្សិលមិញ។

សម្តេច​បាន​លើកឡើង​ថា៖ «ពូ​សុំ​អរគុណ​កូនក្មួយ​ទាំងអស់ ដែល​យកចិត្ត​ទុកដាក់​ ចូលរួម​ទប់ស្កាត់​ព័ត៌មាន​មិនពិត (fake news) ដែលព្យាយាម​បំពុល​ដោយ​ក្រុម​ជន​អគតិ​មួយចំនួន​តូច ក្នុង​ចេតនា​អាក្រក់​ផ្សព្វផ្សាយ​ព័ត៌មាន​បំផ្លាញ សង្គមជាតិ​យើង។ ពូ​តែងតែ​កោត​សរសើរ​កូនក្មួយ​ដែល​ខិតខំ​សិក្សា​ជំនាញ​បច្ចេកវិទ្យា​អាយធី (Information Technology)»។

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងមក
ជាមួយគ្នានេះ សម្តេច ហ៊ុន សែន បាន​បង្ហាញ​ពីបំណង​ចង់​ឱ្យ​កម្ពុជា​ ក្លាយជា​ប្រទេស​ ដែល​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​ស្របទៅនឹង​តម្រូវការ​សង្គម ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ជាតិ​សព្វថ្ងៃ (E-People & E-government) និង​គាំទ្រ​ឱ្យ​មាន​ការ​អភិវឌ្ឍ​កាន់តែ​ខ្លាំង​ឡើង​លើ​ប្រព័ន្ធ​អ៊ិនធឺណិត​ល្បឿនលឿន និង​មាន free wi-fi ឱ្យ​កាន់តែច្រើន​នៅក្នុង​ប្រទេស​យើង។

«ច្បាស់ណាស់ មិនថា​តែ​ជំនាញ​បច្ចេកវិទ្យា​មួយ​ទេ គឺ​គ្រប់​ជំនាញ​ទាំងអស់ ក្មួយៗ​ត្រូវតែ​បន្តសិក្សា​ស្រាវជ្រាវ​រៀនសូត្រ​ទៅមុខ​ថែមទៀត ហើយត្រូវមាន​ការ​ប្រយ័ត្នប្រយែង​ខ្ពស់​ក្នុងការ​ប្រើប្រាស់ និង​គ្រប់គ្រង​ឱ្យ​បាន​ហ្មត់ចត់​ល្អ​បំផុត។ សូម្បីតែ​គណនី​ហ្វេសប៊ុក​ ពូក៏មាន​ក្រុម​ជនខិលខូច​ បាន​ព្យាយាម​ចូលលួច​ជាច្រើន​ដងដែរ»។ នេះជា​ការរៀបរាប់​បន្ថែម​របស់​សម្តេច​នាយករដ្ឋមន្រ្តី។

ប្រមុខ​រាជរដ្ឋាភិបាល​បាន​លើកទឹកចិត្ត និង​គាំទ្រ ឱ្យ​យុវជន​យក​ជំនាញ និង​ចំណេះដឹង ជាពិសេស​ជំនាញ​បច្ចេកវិទ្យា មក​បម្រើ​កិច្ចការ​ប្រទេសជាតិ ឱ្យ​មាន​ប្រយោជន៍ ចៀសវាង​ទៅធ្វើអ្វីមួយ​ដែល​បំផ្លាញ​ដល់​អ្នកដទៃ និង​សង្គម​ជាតិ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;