ឥណ្ឌា ទាក់ទង​ដៃ​គូប្រជែង​របស់​អាមេរិក ទិញ​យន្តហោះ​ចម្បាំង​ជំនាន់​ចុងក្រោយ

  • 2019-02-26 06:32:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​សារព័ត៌មាន​រុស្ស៊ី TASS កាល​ពី​ថ្ងៃ​ទី២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ បាន​រាយការណ៍​ថា ឥណ្ឌា និង​រុស្ស៊ី កំពុង​ចរចា​ដើម្បី​ឈាន​ដល់​កិច្ចព្រមព្រៀង​ ទិញ​យន្តហោះ​ចម្បាំង​ជំនាន់​ចុងក្រោយ Su-57 របស់​ក្រុមហ៊ុន​រដ្ឋ​រុស្ស៊ី Rostec​ ។

Su-57
លោក Viktor Kladov នាយក​ក្រុមហ៊ុន Rostec ទទួល​បន្ទុក​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ​និង​គោល​នយោបាយ​តំបន់ ត្រូវ​បាន​ដកស្រង់​សម្ដី​ថា ក្រុង​មូស្គូ នឹង​បន្ត​លក់​យន្តហោះ​ចម្បាំង​ជំនាន់​ទី​៤+ និង ៤++ ទៅ​ឲ្យ​កង​ទ័ព​ឥណ្ឌា និង​កំពុង​ចរចា​ពី​លទ្ធភាព​ក្នុង​ការ​លក់​យន្តហោះ​ចម្បាំង​ជំនាន់​ទី​៥ ផង​ដែរ​។

ប្រភព​បន្ត​ថា ឥណ្ឌា បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​លើ​យន្តហោះ​ចម្បាំង Su-57 តែ​រដ្ឋាភិបាល​ក្រុង​ញូវដេលី នឹង​រៀបចំ​យុទ្ធសាស្ត្រ​របស់​ខ្លួន សម្រាប់​ការ​អភិវឌ្ឍ​កងទ័ព​អាកាស​ជា​មុនសិន។ ដោយ​ឥណ្ឌា នឹង​ពិនិត្យ​មើល​លទ្ធភាព​នៃ​យន្តហោះ Su-57 ថា​តើ​អាច​សក្ដិសម​នឹង​យុទ្ធសាស្ត្រ​របស់​ខ្លួន​ឬ​យ៉ាងណា មុន​នឹង​សម្រេច​ចិត្ត​ទិញ ឬ បង្កើន​ការ​ផលិត​ប្រភេទ Su-30MKI នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ផ្ទាល់​តែ​ម្ដង​ ក្រោម​អាជ្ញាបណ្ណ​មួយ​របស់​រុស្ស៊ី​។

សូម​ជម្រាប​ថា Su-57 ជា​ប្រភេទ​យន្តហោះ​ដែល​មាន​សមត្ថភាព​ក្នុង​ការ​គេច​ពី​រ៉ាដា​សត្រូវ។ វា​អាច​ហៅ​ម្យ៉ាង​ទៀត​ថា T-50 ដែល​មាន​កន្លែង​បញ្ជា​មួយ​សម្រាប់​ពីឡុត​ម្នាក់ បំពាក់​ម៉ាស៊ីន​ចំនួន ​២ ធ្វើ​ឲ្យ Su-57 មាន​ល្បឿន​លឿន​ជាង​សំឡេង​។ បច្ចុប្បន្ន ​Su-57 ត្រូវ​បាន​ប្រៀបធៀប​នឹង​យន្តហោះ​ចម្បាំង F-22 របស់​សហ​អាមេរិក៕

F-22

ប្រភព៖ Xinhua ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;