ក្រុមហ៊ុនរថយន្តមួយ ពឹងទីភ្នាក់ងារអវកាសជប៉ុន សម្រេចផែនការឡើងទៅព្រះចន្ទ
- 2019-03-06 07:49:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនរថយន្តមួយ ពឹងទីភ្នាក់ងារអវកាសជប៉ុន សម្រេចផែនការឡើងទៅព្រះចន្ទ
ចន្លោះមិនឃើញ
ក្រុមហ៊ុនរថយន្តតូយូតា បានចាប់ដៃគូជាមួយទីភ្នាក់ងារអវកាសជប៉ុន ហៅកាត់ JAXA ក្នុងគម្រោងបេសកកម្មឡើងទៅកាន់ព្រះចន្ទ ដោយបញ្ជូនយានចុះចតមួយគ្រឿង។
អ្នកនាំពាក្យបានបង្ហើបថា ភាគីទាំងពីរ នឹងធ្វើការប្រកាសបង្ហាញជាផ្លូវការ នូវសេចក្ដីលម្អិតជុំវិញបេសកកម្មនេះ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅក្រុងតូក្យូ ប្រទេសជប៉ុន។
នេះជាលើកទី២ ដែលក្រុមហ៊ុនរថយន្តតូយូតា បានលូកដៃក្នុងបេសកកម្មនៅទីអវកាស បន្ទាប់ពីលើកទី១ ក្រុមហ៊ុននេះបានសហការជាមួយទីភ្នាក់ងារអវកាសជប៉ុន ផលិតមនុស្សយន្តធុនតូច១គ្រឿង ដើម្បីបញ្ជូនទៅកាន់ស្ថានីយអវកាសអន្តរជាតិ។
មួយរយៈចុងក្រោយនេះ ប្រទេសមហាអំណាចមួយចំនួន បានងាកមកចាប់អារម្មណ៍ចំពោះព្រះចន្ទសាជាថ្មី បន្ទាប់ពីអវកាសយានិកនៃសហរដ្ឋអាមេរិក បានជាន់នៅលើឋានព្រះចន្ទ កាលពីជាង ៥០ឆ្នាំមុន។
ទីភ្នាក់ងារអវកាស NASA គ្រោងបញ្ជូនយានចុះចតដែលគ្មានមនុស្សបើក ទៅកាន់ព្រះចន្ទ នៅក្នុងឆ្នាំ២០២៤។ កាលពីឆ្នាំ២០១៧ ជប៉ុនបង្ហើបពីគម្រោងបញ្ជូនមនុស្ស ឡើងទៅព្រះចន្ទ ឆ្នាំ២០៣០។
គួររំឭកថា ប្រទេស៣ ដែលធ្លាប់បញ្ជូនយានចុះចតរបស់ខ្លួន ទៅកាន់ភពរណបដែលមានចម្ងាយ ៣៨៤០០០ គីឡូម៉ែត្រពីផែនដីនេះ មានដូចជា សហរដ្ឋអាមេរិក រុស្ស៊ី និងចិន៕