សម ម៉ាណា បញ្ជាក់ពីរឿងបាត់មុខឈឹងប្រមាណ ៥ឆ្នាំ
- 2019-03-06 08:26:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម ម៉ាណា បញ្ជាក់ពីរឿងបាត់មុខឈឹងប្រមាណ ៥ឆ្នាំ
ចន្លោះមិនឃើញ
ច្រើនឆ្នាំមកហើយ តារាម៉ូដែល និងសម្ដែង សម ម៉ាណា បានបាត់មុខឈឹងពីសិល្បៈ ទើបតែប៉ុន្មានថ្ងៃមុននេះប៉ុណ្ណោះ ស្រាប់តែនាងលេចមុខវិញក្នុងពិភពសិល្បៈធ្វើឲ្យមានការចាប់អារម្មណ៍។
កញ្ញា សម ម៉ាណា បានលេចមុខវិញចុងក្រោយបំផុត នៅថ្ងៃម្សិលមិញ ចូលរួមការដាក់បង្ហាញផលិតផលបច្ចេកវិទ្យា និងសំណង់មួយនៅសណ្ឋាគារសុខា។ វេលានោះ គេឃើញថា ម៉ាណា បានចូលរួមជាមួយក្រុម Dara Entertainment របស់លោក យ៉ែម សំអូន ធ្វើជាតារាម៉ូដែល។
បញ្ហានេះ សាមីខ្លួន បានឆ្លើយប្រាប់ថា នាងពិតជា វិលមកសិល្បៈវិញមែន ក្រោយចាកចេញអស់ពេលប្រមាណ ៥ឆ្នាំ។ ហេតុផល ក៏ព្រោះនាងនៅតែស្រឡាញ់សិល្បៈ បើទោះឃ្លាតឆ្ងាយយូរហើយក្ដី។ ផ្សំនឹងមានការកោះហៅពីរៀមច្បងផង នាងក៏សម្រេចចិត្តវិលវិញតែម្ដង។ "និយាយទៅ ទី១ ដោយសារការស្រឡាញ់ ហើយទី២ មិត្តភ័ក្ដិ ក៏ដូចជាទស្សនិកជន ជំរុញ ផ្សំនឹងបង យ៉ែម សំអូន ហៅផង កុំសម្រេចចិត្តថាចូលវិញទៅ"។
តារាម៉ូដែល និងសម្ដែង សម ម៉ាណា បានបន្សាត់ខ្លួនបន្តិចម្ដងៗ ពីការងារសិល្បៈគ្រប់ទម្រង់រហូតដល់ស្ងាត់ឈឹង កាលពីអំឡុងឆ្នាំ ២០១៤។ ការចាកចេញនៅពេលនោះ សាមីខ្លួនមិនបានបញ្ចេញឲ្យដឹងថា មកពីហេតុអ្វីនោះទេ។ ប៉ុន្តែនៅពេលនេះ នាងប្រាប់ថា នាងចាកចេញពេលនោះ ដោយសារតែ នាងមានមុខរបររកស៊ី ព្រមទាំងមានការងារផ្ទាល់ខ្លួនផ្សេងទៀតផង ក៏សម្រេចថាដកឃ្លាពីសិល្បៈទៅ។
បែបនេះក្ដី ប៉ុន្មានឆ្នាំមកនេះ មុខជំនួញរបស់នាងមិនទៅមុខ ពោលគឺមិនជោគជ័យ ទើបនាងសម្រេចវិលមកអាជីពចាស់នាងវិញ។ នេះមិនមែនជាការដកខ្លួន និងវិលមកវិញលើកទី១របស់ ម៉ាណា នោះទេ កាលពីអំឡុងឆ្នាំ ២០១០ នាងក៏បានឲ្យដឹងថា នាងបានវិលត្រឡប់មកសិល្បៈវិញដែរ ក្រោយចាកចេញច្រើនឆ្នាំដូចគ្នានឹងពេលនេះ។ កាលណោះ ល្បីថា នាងបែកបាក់ស្នេហ៍ជាមួយឧកញ៉ាមួយរូប។
តមក មិនបានប៉ុន្មានផង គេឃើញថា តារាស្រី បានទិញផ្ទះ និងបើកអាជីវកម្មផ្នែកសំអាងការនៅទល់មុខទូរទស្សន៍អាស៊ីអាគ្នេយ៍ ដោយបានចំណាយថវិកាអស់ប្រមាណ ២០ម៉ឺនដុល្លារឯណោះ។ លុយច្រើនសន្ធឹកសន្ធាប់ក្រោយវិលមកសិល្បៈវិញរយៈពេលខ្លីនេះ ល្បីថា នាងមានអ្នកឧបត្ថម្ភពីក្រោយ។ ប៉ុន្តែម្ដាយនាងបានបដិសេធ ដោយអ្នកស្រី នៅ សារឿន បញ្ជាក់ថា លុយទាំងនោះ បានពីការលក់ផ្ទះចាស់របស់អ្នកស្រីនៅក្រោយវត្តស្ទឹងមានជ័យប៉ុណ្ណោះ។
ងាកមកការវិលមកជាថ្មីនៅពេលនេះវិញ ក៏មិនខុសគ្នាប៉ុន្មានដែរ ពោលគឺ សម ម៉ាណា បានបាត់មុខជាមួយនឹងស្ថានភាពជីវិតហ៊ឺហាដូចគ្នា។ ម៉ាណា ប្រាប់ថា ក្រៅពីកត្តាមុខជំនួញ នាងក៏ត្រូវសង្សារប្រចណ្ឌហួងហែង និងជាអ្នកជំរុញនាងឲ្យចេញពីសិល្បៈដែរ។ បែបនេះក្ដី ដោយមិនអធិប្បាយបន្ថែម អំពីទំនាក់ទំនងជាមួយសង្សារដែលនាងបានអះអាងខាងលើ ម៉ាណា បញ្ជាក់ជាថ្មីថា ឥឡូវនាងវិលមកសិល្បៈវិញហើយ។
ក្រោយពីវិលវិញ តារាស្រី បញ្ជាក់ថា នាងទទួលបានការងារច្រើន ពិសេសជាមួយក្រុមពិធីការរបស់លោក យ៉ែម សំអូន តែម្ដង៕