គ្រោះថ្នាក់​យន្តហោះ​ដឹក​អ្នកដំណើរ​ធំៗ​ទាំង ១៨ ក្នុង​រយៈពេល ៥ឆ្នាំ​ចុងក្រោយ

  • 2019-03-11 03:58:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យន្តហោះ​ប៊ូអ៊ីង 737 MAX 8 របស់​ក្រុមហ៊ុន​អាកាសចរណ៍​អេត្យូពី Ethiopian Airlines បាន​ធ្លាក់​ ពេល​ហោះ​ចេញ​ពី​រដ្ឋធានី Addis Ababa ប្រទេស​អេព្យូពី ទៅកាន់​​រដ្ឋធានី Nairobi ប្រទេស​កេនយ៉ា កាលពី​ថ្ងៃ​ទី១០ ខែមីនា​ម្សិលមិញនេះ សម្លាប់​មនុស្ស​ទាំង ១៥៧នាក់។ គិត​ទាំង​គ្រោះថ្នាក់នេះ គឺ​មាន​គ្រោះថ្នាក់​យន្តហោះ​ធំៗ ចំនួន ១៨ ហើយ គិត​ចាប់​ពីឆ្នាំ ២០១៤ មក។

បំណែក​យន្តហោះ​ប៊ូអ៊ីង 737 MAX 8 របស់​ក្រុមហ៊ុន​អាកាសចរណ៍​អេត្យូពី Ethiopian Airlines (រូបភាព​ផ្ដល់សិទ្ធិដោយ Reuters)
គ្រោះថ្នាក់​យន្តហោះ​ដឹកអ្នកដំណើរ​ធំៗ ទាំង ១៨ នោះ មានដូចខាងក្រោម៖
  • ខែមីនា ឆ្នាំ២០១៤៖ យន្តហោះប៊ូអ៊ីង 777 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី Malaysia Airlines បាន​បាត់​ខ្លួននៅ​លើ​មហា​សមុទ្រ​ឥណ្ឌា ពេល​ហោះ​ចេញ​ពី​ម៉ាឡេស៊ី ទៅកាន់​ប្រទេស​ចិន។ យន្តហោះ​ដែល​រក​មិន​ទាន់​ឃើញ​នោះ ផ្ទុក​មនុស្ស ២៣៩នាក់ ដែល​ភាគច្រើន​ជា​ជនជាតិ​ចិន។

  • ខែកក្កដា ឆ្នាំ២០១៤៖ យន្តហោះ​ប៊ូអ៊ីង 777 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី Malaysia Airlines ត្រូវ​បាន​បាញ់​ទម្លាក់​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន សម្លាប់​មនុស្ស​ទាំង ២៩៨នាក់​។

បំណែក​យន្តហោះ​ប៊ូអ៊ីង 777 របស់​ Malaysia Airlines ក្រោយ​រង​ការ​បាញ់ទម្លាក់ (រូបភាពផ្ដល់សិទ្ធិដោយ Reuters)
  • ខែកក្កដា ឆ្នាំ២៩១៤៖ យន្តហោះ ATR 72 របស់​ក្រុមហ៊ុន​អាកាសចរណ៍ TransAsia Airways ហោះ​ពីក្រុង​តៃប៉ិ ទៅកាន់​កោះ Penghu (តៃវ៉ាន់) បាន​ធ្លាក់​ចំ​អគារ ពេល​ប្រុងប្រៀប​ចុះចត​នៅ​ព្រលាន សម្លាប់​មនុស្ស ៤៨នាក់។

  • ខែកក្កដា ឆ្នាំ២០១៤៖ យន្តហោះ McDonnell Douglas MD-83 របស់​ក្រុមហ៊ុន​អាកាសចរណ៍ Air Algerie ហោះ​ពី​ប៊ូគីណាហ្វាសូ ទៅកាន់​អាល់ហ្សេរី បាន​ធ្លាក់​នៅ​ប្រទេសម៉ាលី សម្លាប់​មនុស្ស ១១៦នាក់។

  • ខែធ្នូ ឆ្នាំ២០១៤៖ យន្តហោះ Airbus A320 របស់​ក្រុមហ៊ុន Indonesia AirAsia បាន​ធ្លាក់​នៅ​សមុទ្រ​ជ្វា ពេល​ហោះ​ពី​ឥណ្ឌូណេស៊ី ទៅកាន់​សិង្ហបុរី។ មនុស្ស​ទាំង ១៦២នាក់​នៅ​លើ​យន្តហោះ បានស្លាប់។

បំណែក​យន្តហោះ Airbus A320 របស់​ក្រុមហ៊ុន Indonesia AirAsia ក្រោយ​ស្រង់​ចេញ​ពី​សមុទ្រ (រូបភាព​ផ្ដល់​សិទ្ធិដោយ Reuters)
  • ខែមីនា ឆ្នាំ២០១៥៖ យន្តហោះ Airbus A320 របស់​ក្រុមហ៊ុន​ Germanwings ហោះ​ពី​អេស្ប៉ាញ ទៅ​អាល្លឺម៉ង់ បាន​ហោះ​បុក​ភ្នំ Alps ប្រទេស​បារាំង សម្លាប់​មនុស្ស​ទាំង ១៥០នាក់។ មូលហេតុ​ គឺ​ដោយសារ​អ្នក​បើក​យន្តហោះ សម្លាប់​ខ្លួន (បើក​បំបុកភ្នំ)។

  • ខែសីហា ឆ្នាំ២០១៥៖ យន្តហោះ ATR 42-300 របស់​ក្រុមហ៊ុន​អាកាសចរណ៍ Trigana Air Service បាន​ធ្លាក់​ពេល​ហោះ​ពីតំបន់ Sentani ទៅកាន់​តំបន់ Oksibil ប្រទេស​ឥណ្ឌូណេស៊ី សម្លាប់​មនុស្ស ៥៤នាក់។

  • ខែតុលា ឆ្នាំ២០១៥៖ យន្តហោះ Airbus A321 របស់​ក្រុមហ៊ុនអាកាសចរណ៍ Kogalymavia ហោះ​ពី​អេហ្ស៊ីប ទៅ St. Petersburg (រុស្ស៊ី) បាន​ផ្ទុះ បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ទាំង ២២៤នាក់។

  • ខែមីនា ឆ្នាំ២០១៦៖ យន្តហោះ​ប៊ូអ៊ីង 737 របស់ក្រុមហ៊ុន​អាកាសចរណ៍ FlyDubai ហោះ​ពីអារ៉ាប់រួម ទៅកាន់​រុស្ស៊ី បាន​ធ្លាក់ដោយសារ​បញ្ហា​អាកាសធាតុ បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ទាំង ៦២នាក់

  • ខែឧសភា ឆ្នាំ២០១៦៖ យន្តហោះ​ Airbus A320 របស់​ក្រុមហ៊ុន​អាកាសចរណ៍ EgyptAir ហោះ​ពី​អេហ្ស៊ីប ទៅ​បារាំង បាន​ធ្លាក់​ចូល​សមុទ្រ​មេឌីទ័ររ៉ានេ បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ ៦៦នាក់។

  • ខែវិច្ឆិកា ឆ្នាំ២០១៦៖ យន្តហោះ Avro RJ85 របស់​ក្រុមហ៊ុន LaMia ហោះ​ពី​ប្រទេស​បូលីវី ទៅកាន់​កូឡុំប៊ី បាន​ធ្លាក់​ដោយសារ​អស់សាំង។ មនុស្ស​ ៧១នាក់ ក្នុង​ចំណោម​អ្នកដំណើរ ៧៧នាក់​បាន​ស្លាប់ ដែល​ក្នុង​នោះ​ក៏មាន​ក្រុម​កីឡាករ​នៃក្លឹប​បាល់ទាត់​មួយ​របស់​ប្រេស៊ីល​ផងដែរ។

  • ខែធ្នូ ឆ្នាំ២០១៦៖ យន្តហោះ ATR 42-500 របស់​ក្រុមហ៊ុន Pakistan International Airlines បាន​ធ្លាក់​ដោយ​សារ​បញ្ហា​ម៉ាស៊ីន ធ្វើ​ឲ្យ​មនុស្ស​ ៤៨នាក់​បាន​ស្លាប់។

  • ខែកុម្ភៈ ឆ្នាំ២០១៨៖ យន្តហោះ Antonov An-148 របស់​ក្រុមហ៊ុនរុស្ស៊ី Saratov Airlines បាន​ធ្លាក់​ក្រោយ​ហោះ​ចេញ​ពី​ទីក្រុង​មូស្គូ​បាន​បន្តិច ធ្វើ​ឲ្យ​មនុស្ស ៧១នាក់​ស្លាប់។

  • ខែកុម្ភៈ ឆ្នា២០១៨៖ យន្តហោះ ATR 72 របស់​ក្រុមហ៊ុន Aseman Airlines បាន​ធ្លាក់​នៅ​អ៊ីរ៉ាក់ បណ្ដាល​ឲ្យ​មនុស្ស​ ៦៦នាក់​ស្លាប់។ កំហុស​អ្នក​បើក រួមទាំង​កត្តា​អាកាសធាតុ ជាមូលហេតុ​នៃ​ការ​ធ្លាក់​នេះ។

  • ខែមីនា ឆ្នាំ២០១៨៖ យន្តហោះ Bombardier Dash របស់​ក្រុមហ៊ុន US-Bangla ហោះ​ពី​បង់ក្លាដេស ទៅ​នេប៉ាល់ បាន​ឆេះ​ពេល​ចុះចត​នៅ​​ប្រទេស​នេប៉ាល់ បណ្ដាល​ឲ្យ​មនុស្ស ៥២នាក់​ស្លាប់ (នៅរស់ ១៩នាក់)។

  • ខែឧសភា ឆ្នាំ២០១៨៖ យន្តហោះប៊ូអ៊ីង 737 របស់​ក្រុមហ៊ុន​អាកាសចរណ៍ Cubana (ជើងហោះហើរ​ក្នុង​ស្រុក​របស់​គុយបា) បាន​ធ្លាក់ ស្លាប់​មនុស្ស​ ១១២នាក់ ដោយសារ​កំហុស​អ្នក​បើក។

  • ខែតុលា ឆ្នាំ២០១៨៖ យន្តហោះ​ប៊ូអ៊ីង 737 Max របស់​ក្រុមហ៊ុនអាកាសចរណ៍ Lion Air បាន​ធ្លាក់នៅ​ឥណ្ឌូណេស៊ី ស្លាប់​មនុស្ស ១៨៩នាក់។

  • ខែមីនា ឆ្នាំ២០១៩៖ យន្តហោះប៊ូអ៊ីង 737 Max 8 របស់​ក្រុមហ៊ុន​អាកាសចរណ៍ Ethiopian Airlines បាន​ធ្លាក់​ពេល​ហោះ​ចេញ​ពី​អេត្យូពីរ ទៅកាន់​កេនយ៉ា បាន​ធ្លាក់​ក្រោយ​ហោះ​ចេញពីព្រលាន បានតែ ៦នាទី បណ្ដាល​ឲ្យ​មនុស្សទាំង ១៥៧នាក់ ស្លាប់។ មុន​ពេល​ធ្លាក់ អ្នកបើក​យន្តហោះ​បានស្នើ​ហោះ​មក​កាន់​ព្រលាន​វិញ។ ការ​ស៊ើប​អង្កេត កំពុង​ធ្វើ​ឡើង ដើម្បី​រក​មូលហេតុ​ពិត​ប្រាដកនៃការធ្លាក់៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;