ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​មកដល់​កម្ពុជា​ហើយ​នា​រសៀល​នេះ

  • 2019-03-14 09:15:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ម៉ូន ចេអ៊ីន ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​អញ្ជើញ​ធ្វើដំណើរ​មកដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ហើយ នារសៀល​នេះ ដើម្បី​បំពេញ​ទស្សនកិច្ច​ជាផ្លូវរដ្ឋ​ពីថ្ងៃទី១៤ ដល់ ១៦ ខែមីនា ឆ្នាំ​២០១៩។ ការ​មក​ដល់​កម្ពុជា​នេះ គឺ​បន្ទាប់ពី​លោក​បាន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេសប្រ៊ុយណេ និង​ម៉ាឡេស៊ី។

សូម​ជម្រាប​ថា ​ក្នុងអំឡុង​ពេល​ទស្សនកិច្ច​នេះ លោក មូន ចេអ៊ីន នឹង​ចូល​គាល់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី នៅ​ព្រះប​រមរាជវាំង ហើយនឹង​ជួប​ជាមួយ ​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន។

​លោក មូន ចេអ៊ីន និង សម្តេច ហ៊ុន សែន នឹង​ពិភាក្សា​អំពី​ការ​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី និងការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នានា​បន្ថែម​ទៀត​ ហើយក៏​ផ្លាស់ប្តូរ​យោបល់គ្នា​ផងដែរ​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែលជា​កង្វល់ និងផល​ប្រយោជន៍​រួម។ បន្ទាប់ពី​បញ្ចប់​ជំនួប ថ្នាក់ដឹកនាំទាំងពីរ​ នឹង​អញ្ជើញ​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ចំនួន និងធ្វើ​សេចកី្ត​ប្រកាសព័ត៌មាន​រួមគ្នា។

​មេដឹកនាំ​ទាំង២ ក៏​ត្រូវបាន​រំពឹងថា​ នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា-សាធារណរដ្ឋ​កូរ៉េ ដើម្បី​លើក​ទឹកចិត្ត​ឲ្យមាន​ការ​វិនិយោគ ការ​ផ្លាស់ប្តូរ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​កាន់តែ​ច្រើនឡើង រវាង​ប្រទេស​ទាំងពីរ។

​ទស្សនកិច្ច​លើកដំបូង​មកកាន់​កម្ពុជា​របស់​ប្រធានាធិបតី​ មូន ចេអ៊ីន គឺជា​ព្រឹតិ្តការណ៍ ដ៏សំខាន់​ក្នុងទំនាក់ទំនង​កម្ពុជា-សាធារណរដ្ឋ​កូរ៉េ ដែល​នឹង​ពង្រឹង​មិត្តភាព ហើយនឹង​ធ្វើឲ្យ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេសទាំងពីរ កាន់តែ​មាន​វិសាលភាព​ទូលំទូលាយ និង​ស៊ីជម្រៅ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;