​មន្ទីរ​រ៉ែ​ខេត្ត​កោះកុង ពន្យល់​ពី​បញ្ហា​ខ្វះ​ថាមពល​អគ្គិសនី​ប្រើប្រាស់ នៅ​ក្រុង​និង​ស្រុក ចំនួន​២

  • 2019-03-15 02:50:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី១៤ ខែ​មីនា ឆ្នាំ​២០១៩​ បាន​ជូនដំណឹង​ថា ដោយសារ​អាកាសធាតុ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ មាន​ភាព​រាំងស្ងួត​ ធ្វើឲ្យ​ស្ថានីយ​វារីអគ្គិសនី​ស្ទឹង​តាតៃ និង​វារីអគ្គិសនី​ស្ទឹង​ឫស្សី​ជ្រុំ​ មាន​កម្ពស់​ទឹក​ទាប ពុំ​អាច​ទាញ​យក​ថាមពល​អគ្គិសនី​សម្រាប់​ផ្គត់ផ្គង់​ ក្នុង​ការ​ប្រើប្រាស់​បាន​គ្រប់គ្រាន់ ក្នុង​ខេត្ត​នេះ​។

មន្ទីរ​រ៉ែ​ខេត្ត​កោះកុង ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​យោគយល់​ ពីព្រោះ​ស្ថានភាព​នៅ​ពេល​នេះ ថាមពល​អគ្គិសនី​មាន​ត្រឹមតែ 10 MW ទេ ហើយ​សម្រាប់​ផ្គត់ផ្គង់​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ ក្នុង​ក្រុង​ខេមរភូមិន្ទ និង​ស្រុក​មណ្ឌលសីមា ពុំ​បាន​គ្រប់គ្រាន់​ឡើយ ដោយ​តំបន់​ខ្លះ​មាន​អគ្គិសនី​ប្រើប្រាស់ ហើយ​តំបន់​ខ្លះ ពុំ​មាន​អគ្គិសនី​ប្រើប្រាស់​ ដោយ​ក្រុមហ៊ុន​អគ្គិសនី​ ធ្វើការ​ផ្គត់ផ្គង់​ប្ដូរវេន​។

មន្ទីរ​រ៉ែ​ខេត្ត​កោះកុង​បន្ថែម​ថា ថាមពល​អគ្គិសនី 10 MW នេះ ក្នុង​ការ​ផ្គត់ផ្គង់​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ មួយ​ផ្នែក​បាន​មក​ពី​វារីអគ្គិសនី​តាតៃ និង​មួយ​ផ្នែក​ទៀត​ បាន​ទិញ​ពី​ប្រទេស​ថៃ។ ដូច្នេះ មន្ទីរ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ម្ចាស់​សណ្ឋាគារ​ ផ្ទះសំណាក់ សហគ្រាស ត្រៀម​ម៉ាស៊ីន​ភ្លើង​ផ្ទាល់​ខ្លួន សម្រាប់​ប្រើប្រាស់​ដោយខ្លួនឯង ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​តទៅ​។

មន្ទីរ​រ៉ែ​ខេត្ត​កោះកុង​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​ដែល​អគ្គិសនី​កោះកុង បាន​ទិញ​ថាមពល​អគ្គិសនី​ និង​រៀបចំ​បណ្ដាញ​បន្ថែម ពី​ប្រទេស​ថៃ រួចរាល់ ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ជូន​ប្រជាពលរដ្ឋ នឹង​បាន​ប្រើប្រាស់​ជា​ធម្មតា​ឡើង​វិញ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;