លោក ម៉ូន ចេអ៊ីន សន្យា​បង្កើន​ការ​ជួយ​កម្ពុជា ក្រោម​គោលនយោបាយ​ដ៏ធំបំផុត​​របស់​លោក

  • 2019-03-15 08:12:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​កូរ៉េខាងត្បូង លោក ម៉ូន ចេអ៊ីន បាន​សន្យា​បង្កើន​ការ​គាំទ្រ​បន្ថែម​សម្រាប់​កម្ពុជា ក្រោម​គោលនយោបាយ​ថ្មី​ឆ្ពោះទៅ​​ទិស​ខាងត្បូង​ (NSP) របស់​លោក ខណៈដែល​កម្ពុជា បាន​ក្លាយ​ជា​ប្រទេស​ធំបំផុតទី២ នៃ​ការផ្តល់ជំនួយ​អភិវឌ្ឍន៍​របស់​កូរ៉េខាងត្បូង។ លោក​ថ្លែង​ដូច្នេះ​ទៅកាន់​អ្នកសារព័ត៌មាន ​ក្រោយ​បញ្ចប់​ជំនួប​ទ្វេភាគី​ជាមួយ​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន នាថ្ងៃទី១៥ ខែមីនា ឆ្នាំ​២០១៩​នេះ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​រាជធានី​ភ្នំពេញ។

លោក ម៉ូន ចេអ៊ីន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចពិភាក្សា​រវាង​ភាគីទាំង២ នាពេលនេះ ក្នុងការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត។

ពេល​ចាប់ផ្តើម​ជំនួប​ជាមួយ​នាយករដ្ឋមន្រ្តី​កម្ពុជា លោក ម៉ូន ចេអ៊ីន បាន​បង្ហាញ​ជំនឿ​ថា ទំនាក់​ទំនង​ប្រទេស​ទាំង២ មាន​សក្តានុពល​ខ្ពស់​ ក្នុង​ការរីក​លូតលាស់​ទៅមុខ​យ៉ាង​ឆាប់រហ័ស​នាពេល​អនាគត។

ជាមួយគ្នានេះ សម្តេច ហ៊ុន សែន ក៏បាន​ប្រកាស​គាំទ្រ​យ៉ាង​សកម្ម​ចំពោះ​គោលនយោបាយ NSP របស់​លោក ម៉ូន ចេអ៊ីន និង​បង្ហាញ​ក្តី​សង្ឃឹម​ថា ទំនាក់​ទំនង​កូរ៉េខាងត្បូង-កម្ពុជា និង​កូរ៉េខាងត្បូង-អាស៊ាន នឹង​បន្ត​អភិវឌ្ឍ​បន្ថែម​ទៀត​ក្រោម​គោលនយោបាយ​ថ្មីនេះ។

សូម​ជម្រាប​ថា គោលនយោបាយថ្មី​ឆ្ពោះ​ទៅទិស​ខាងត្បូង​ គឺ​ជាគំនិត​ផ្តួចផ្តើម​នៃ​គោលនយោបាយ​ការ​បរទេស​ដ៏​សំខាន់​បំផុតមួយ​របស់​ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ជំរុញ​ទំនាក់​ទំនង​ការទូត និង​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ ជាមួយ​អាស៊ាន និង​ប្រទេស​ឥណ្ឌា។

ក្រុង​សេអ៊ូល គ្រោង​នឹង​ធ្វើ​ជាម្ចាស់ផ្ទះ​នៃកិច្ចប្រជុំ​កំពូល​ កូរ៉េខាងត្បូង-អាស៊ាន នៅ​ចុងឆ្នាំនេះ ដើម្បី​អបអរខួបលើកទី៣០ នៃ​ការ​បង្កើត​​ទំនាក់​ទំនង​រវាង​កូរ៉េខាងត្បូង និង​អាស៊ាន៕

អត្ថបទ​ទាក់ទង៖ កម្ពុជា-កូរ៉េ​ខាងត្បូង ចុះ​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​នឹង​ឥណទាន ថាមពល សុខាភិបាល វិនិយោគ និង​ស្ថាប័ន​ស្រាវជ្រាវ

ប្រភព៖ Yonhapnews ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;