លោក ដូណាល់ ត្រាំ ចង់​ឱ្យ​ប្រទេស១​ដែល​នៅជាប់​វេណេហ្ស៊ុយអេឡា ចូល​ជា​សមាជិក​ណាតូ

  • 2019-03-20 03:30:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានា​ធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​លើកឡើង​នូវ​លទ្ធភាព​អំពី​ការ​ចូលជា​សមាជិក​ថ្មី​របស់​ប្រេស៊ីល (ជា​ប្រទេស​ដែល​នៅជាប់​វេណេហ្ស៊ុយអេឡា) ក្នុង​អង្គការ​ណាតូ ដើម្បី​បង្កើន​កិច្ច​សហប្រតិបតិការ និង​សន្តិសុខ​រវាង​ប្រទេស​ទាំង២។ លោក​ថ្លែង​ដូច្នេះ​ទៅកាន់​អ្នក​សារព័ត៌មាន​នៅ​សេតវិមាន កាលពី​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០១៩ រួម​ជាមួយ​ប្រធានាធិបតី​ប្រេស៊ីល លោក Jair Bolsonaro ក្រោយ​ជំនួប​ពិភាក្សា។

រូបថត៖ ផ្តល់សិទ្ធិដោយ Reuters
លោក ដូណាល់ ត្រាំ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «**ខ្ញុំ​មាន​បំណង​ជ្រើសរើស​ប្រេស៊ីល ជា​សម្ព័ន្ធ​មិត្ត​មិនមែន​ណាតូ ដ៏​ធំ​មួយ។ ប្រសិន​បើ​អ្នក​ចាប់ផ្តើម​គិត​អំពីវា គឺ​អាចនឹង​ក្លាយ​ជា​សមាជិក​ណាតូ​មួយ​តែម្តង**»។

ប្រធានាធិបតី​អាមេរិក​បន្ថែម​ថា ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង២ អាមេរិក-ប្រេស៊ីល គឺ​មិន​ដែល​មាន​ភាព​ល្អប្រសើរ​ឡើយ​។ «ខ្ញុំគិត​ថា វាមាន​អរិភាព​នឹងគ្នាច្រើន ជាមួយ​នឹង​ប្រធានាធិបតី​ផ្សេងៗ ប៉ុន្តែ​គ្មាន​អរិភាព​ឡើយ ជាមួយ​ខ្ញុំ»។

រូបថត៖ ផ្តល់សិទ្ធិដោយ Reuters

សូម​ជម្រាប​ថា អង្គការ​ណាតូ​ដែល​មាន​អាយុកាល ៧០ឆ្នាំ​ហើយ​មកដល់​ពេលនេះ កាលពី​ខែ​មុន បាន​ត្រួសត្រាយ​ផ្លូវ​ឱ្យ​ម៉ាកសេដូនី ក្លាយ​ជា​សមាជិក​ទី៣០​របស់​ខ្លួន។ លោក ដូណាល់ ត្រាំ តែងតែ​រិះគន់​ចំពោះ​ប្រទេស​អឺរ៉ុប​ដែល​ជា​សមាជិ​កណាតូ នូវ​ការ​មិន​ព្រម​បង្កើន​ការ​ចំណាយ​យោធា។

គួរ​កត់​សម្គាល់​ដែរថា ការ​លើកឡើង​របស់​លោក​ ដូណាល់ ត្រាំ ខាងលើ​នេះ ធ្វើឡើង​ខណៈ​ដែល​អាមេរិក កំពុង​ពិចារណា​ធ្វើ​អន្តរាគមន៍​យោធា​ដើម្បី​បណ្តេញ​ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ចេញពី​អំណាច ដោយ​គាំទ្រ​មេបក្ស​ប្រឆាំង ឱ្យ​ឡើង​កាន់តំណែង​ជំនួស​វិញ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;