ក្រសួង​ហាម​មិន​ឱ្យ​ក្រុមហ៊ុនរុករ៉ែ​អូស្ត្រាលី ប៉ះពាល់​តំបន់​អភិរក្ស និង​ព្រៃ​អារ័ក្ស​ជនជាតិ​ភាគតិច​ឡើយ

  • 2019-03-20 08:54:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កិច្ច​ប្រជុំ​អន្តរ​ក្រសួង បាន​គាំទ្រ​លើ​គម្រោង​សិក្សា​ស្វែងរុករក​រ៉ែ​លោហៈ​របស់​ក្រុមហ៊ុន RENAISSANCE MINERALS ក្នុង​ខេត្ត​មណ្ឌលគិរី ប៉ុន្តែ​បាន​ហាម​មិនឃាត់​ឱ្យ​ប៉ះពាល់​តំបន់​ស្នូល និង​តំបន់​អភិរក្ស​នៃ​ដែន​ជម្រក​សត្វព្រៃ​ស្រែពក និង​កំណត់​ចម្ងាយ​យ៉ាងតិច ១០០ម៉ែត្រ​ពី​តំបន់​សហគមន៍ ទីសក្ការ​​បូជា ព្រៃអារ័ក្ស និង​កន្លែង​កប់​សព​របស់​ជនជាតិ​ភាគតិច។

កិច្ច​ប្រជុំ​ខាងលើនេះ ដឹកនាំ​ដោយ​លោក ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន ដោយ​មាន​ការ​ចូលរួមពីភាគីពាក់ព័ន្ធ ធ្វើឡើង​នៅទីស្តីការក្រសួង​បរិស្ថាន កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ​២០១៩។ គោលបំណង​គឺ​ដើម្បី​ពិនិត្យ និង​ផ្តល់​យោបល់​ លើ​របាយការណ៍​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ដំបូង (IESIA) លើ​គម្រោង​សិក្សា​ស្វែង​រុករក​រ៉ែ​លោហៈ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងឃុំ​សុខសាន្ដ ឃុំស្រែ​សង្គម និង​ឃុំអរបួន ស្រុក​កោះញែក និង ឃុំ​ពូជ្ឬី ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី របស់​ក្រុមហ៊ុន RENAISSANCE MINERALS (ម្ចាស់​គម្រោង) ព្រមទាំង​សិក្សា និង​រៀបចំ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ដំបូង (IESIA) ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា អ៊ី & អេ ខនសាល់ធេន។

ជាមួយ​គ្នានេះ កិច្ច​ប្រជុំ​ក៏បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​ត្រូវ៖

-កំណត់​ចម្ងាយ​យ៉ាងតិច ១០០​ម៉ែត្រ ពីផ្លូវ​លេខ ១៤១

-កំណត់​ចម្ងាយ​យ៉ាងតិច ២០០​ម៉ែត្រ ពី​ព្រៃទ្រនាប់​អូរ

-ការ​ចល័ត​គ្រឿងចក្រ​ចូលក្នុង​តំបន់​គម្រោង មិនត្រូវ​ប៉ះពាល់​លើ​ធនធាន​ព្រៃឈើ ជាពិសេស​តំបន់​សុវត្ថិភាព ៥០០​ម៉ែត្រ ជុំវិញ​ទីតាំង​ខួង​រុករក​រ៉ែ ទីតាំង​ការដ្ឋាន​ស្នាក់នៅ​ឡើយ។

សូម​រំលឹក​ថា ក្រុមហ៊ុន Emeral Resource របស់​អូស្ត្រាលី ដែល​ជាក្រុមហ៊ុន​មេរបស់​ក្រុមហ៊ុន RENAISSANCE MINERALS បាន​ទទួល​អាជ្ញាបណ្ណ​អាជីវកម្ម​រ៉ែមាស ពី​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ខែកក្កដា ​ឆ្នាំ​២០១៨។ ការ​ផ្តល់​សិទ្ធិ​នេះ គឺដើម្បី​ឱ្យ​ក្រុមហ៊ុន ចាប់​ផ្តើម​ទាញ​យក​មាស​ពី​​អណ្តូង​រ៉ែ​អូខ្វាវ​​​​នៅ​​ខេត្ត​មណ្ឌលគិរី​ បន្ទាប់ពី​ការ​សិក្សា​របស់​ក្រុម​ហ៊ុន​បាន​បង្ហាញពី​​លទ្ធ​ផល​វិជ្ជ​មាន។ សិទ្ធិអាជីវ​កម្ម​នេះ​នឹង​គ្រប​ដណ្តប់​លើ​ផ្ទៃដី ១១,៥ ហិក​តា ​នៃ​គម្រោង​រ៉ែ​មាស​របស់​ខ្លួន​នៅ​តំ​បន់​​អូខ្វាវ​​។

កាល​ពី​ខែ​ ឧស​ភា ឆ្នាំ ២០១៧​ ក្រុមហ៊ុន Emeral Resource ​បាន​ចេញ​​​ផ្សាយលទ្ធ​ផល​នៃ​​ការ​សិក្សា​​របស់​ខ្លួន​​​ដោយ​បញ្ជាក់​ថា ​គម្រោង​រ៉ែ​មាស​អូ​ខ្វាវ​មាន​​​កំណប់​រ៉ែ​មាស ១,១៤ លាន​អោនស៍។ តាម​រយៈ​ទិន្ន​ផល​នេះ ក្រុម​ហ៊ុន​រំ​ពឹង​ថា​នឹង​​រក​បាន​ប្រ​មាណ​ ២២៥ លាន​ដុល្លារ​តាម​រយៈ​​តម្លៃ​មាស​នា​ពេល​នោះ​គឺ​ ១២៥០ ដុល្លារ​ក្នុង​មួយ​អោនស៍។

Emerald Resources ជឿជាក់​ថា​គម្រោង​រ៉ែមាស​អូរខ្វាវ​អាច​ផលិត​មាស​បាន ១០ម៉ឺន​៦ពាន់​អោនស៍​ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ​សម្រាប់​​ប្រតិបត្តិការ​រយៈពេល ៧ ឆ្នាំ ហើយ​អាច​ត្រូវ​​​ប្រើ​ប្រាស់​ដើម​ទុន​ប្រ​មាណ​ជិត​ ១០០ លាន​ដុល្លារ៕

រូបថត៖ ក្រសួងបរិស្ថាន

អត្ថបទ៖ សំភី

អត្ថបទថ្មី
;