រដ្ឋមន្រ្តី​សង្គម​កិច្ច៖ ជនពិការ​ដែល​បម្រើ​ការងារ​ក្នុង​ស្ថាប័នរដ្ឋ និង​ឯកជន មាន​ជិត ៦ពាន់​នាក់

  • 2019-03-21 06:54:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក វង សូត រដ្ឋមន្រ្តី​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ បាន​ឱ្យដឹង​ថា រាជរដ្ឋាភិបាល​បាន​កំណត់​ជ្រើសរើស​ជន​មាន​ពិការភាព​ឱ្យចូល​បម្រើការងារ នៅតាម​ក្រសួង-ស្ថាប័នរដ្ឋ​ឱ្យ​គ្រប់២%  និង​វិស័យ​ឯកជន ១%។ ជាក់ស្តែងក្នុង​ឆ្នាំ២០១៨ ជនមាន​ពិការភាព​សរុប​ចំនួន ២៨៣៩ នាក់ ក្នុងនោះ​ ជនពិការ​កម្រិតធ្ងន់​មាន​ចំនួន ១៤៧៨ នាក់  បាន​ចូល​បម្រើ​ការងារ​​​នៅតាម​ក្រសួង ស្ថាប័ន​រដ្ឋ​ចំនួន ៤០ ចំណែក​វិស័យ ឯកជន​ចំនួន ៧៧ មាន​ជនពិការ​ចំនួន៣០៥៥ នាក់ បាននឹង​កំពុង​បម្រើ​ការងារ។ សរុប​ទាំង​ស្ថាប័នរដ្ឋ និង​ឯកជន​មានចំនួន​ប្រមាណ ៥៨៩៤ នាក់។

ការថ្លែង​ខាងលើនេះ ធ្វើឡើង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​សហប្រតិបត្តិការ​អូស្ត្រាលី-កម្ពុជា ដើម្បី​ការ​ផ្តល់​សេវា​ប្រកប​ដោយ​និរន្តរភាព និង​សមធម៌ (ហៅកាត់ ACCESS) នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ​២០១៩។

លោក​បាន​​បញ្ជាក់​ថា ផ្តើមចេញពី​ការ​យកចិត្ត​ទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​បានផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​ស្តីពី​សិទិ្ធ​ជន​មាន​ពិការភាព និង​បាន​ក្លាយជា​រដ្ឋភាគី​ជាផ្លូវការ​នៅថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០១៣។ ក្នុងនោះ កម្ពុជា ក៏ជា​ប្រទេស​ហត្ថលេខី​អនុវត្ត​យុទ្ធសាស្រ្ត អ៊ីនឈាន់ «ធ្វើឱ្យសិទ្ធិក្លាយជាការពិត» សម្រាប់​ជន​មាន​ពិការភាព​ក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ទសវត្សរ៍ ជន​មានពិការ​ភាព ឆ្នាំ​២០១៣-២០២២ ផង​ដែរ។

លោក​រដ្ឋមន្រ្តី​បានបន្ថែម​ថា គិតត្រឹមខែ​មករា ឆ្នាំ​២០១៩ រាជរដ្ឋាភិបាល​បានផ្តល់​របប​គោលនយោបាយ​ជន​​ពិការ​ក្រីក្រ​តាម​សហគមន៍​ដល់​ជន​មាន​ពិការភាព បាន​ចំនួន ១០​ខេត្ត ​សរុប​ចំនួន ១១៦២៨​នាក់។

សូម​ជម្រាប​ថា កម្មវិធី ACCESS នឹង​អាច​ជួយ​ដល់​ជន​មាន​ពិការភាព និង​ស្រ្តី​ដែល​រងគ្រោះ​ដោយ​អំពើហិង្សា ទាក់ទង​នឹង​យ៉េនឌ័រ (Gender Based Violent GBV) នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​កម្មវិធី​នេះ ដែលមាន​សេវាកម្ម​ប្រកប​ដោយ​និរន្តរភាព​គុណភាព ទាំងនៅ​ថ្នាក់​ជាតិ និង​ក្រោម​ជាតិ។ ក្នុងន័យ​នេះ ចាត់ទុក​ថា​ក​ម្មវិធី ACCESS គឺជា​កាលានុវត្តភាព​​ថ្មី​មួយទៀត ក្នុងការ​បើកទំព័រ​ជួយដល់​វិស័យ​ពិការភាព បន្ទាប់ពី​រាជរដ្ឋាភិបាលកម្ពុជា បាន​អនុវត្ត​ដោយ​ជោគជ័យ​នៃ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ពិការភាព ២០១៤-២០១៨ នាពេល​កន្លងទៅ​នេះ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;