រ៉ូបូតមានសញ្ជាតិ «Sophia» និយាយស្វាគមន៍សម្តេច ហ៊ុន សែន ក្នុងសន្និសីទមួយ
- 2019-03-26 04:45:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រ៉ូបូតមានសញ្ជាតិ «Sophia» និយាយស្វាគមន៍សម្តេច ហ៊ុន សែន ក្នុងសន្និសីទមួយ
ចន្លោះមិនឃើញ
បញ្ញាសិប្បនិមិត្ត កញ្ញា រ៉ូបូត សូភា (Robot Sophia) បាននិយាយស្វាគមន៍ចំពោះសម្តេច ហ៊ុន សែន និងអ្នកចូលរួម ក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាលើកទី១៣ ដែលធ្វើឡើងនៅសណ្ឋាគារ The Great Duke (Intercorn) Phnom Penh នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩។
រ៉ូបូត សូភា បានរំពឹងថា នឹងចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការប្រែប្រួលនៃផ្នែកឌីជីថល នៅក្នុងប្រទេសកម្ពុជា។
Sophia ដែលជាមនុស្សយន្តមានសញ្ជាតិដំបូងគេក្នុងលោក ពោលគឺមានសញ្ជាតិអារ៉ាប៊ីសាអ៊ូឌីត បានបង្ហាញមុខដោយប្រើប្រាស់ខោអាវពណ៌សជាអត្តសញ្ញាណ UNDP និងសំពត់ហូល រួមទាំងបង់កនូវក្រមា ដែលជាសំលៀកបំពាក់អត្តសញ្ញាណខ្មែរផងដែរ។ មនុស្សយន្ត Sophia គឺត្រូវបាននាំមកដោយ កម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិ (UNDP) ដើម្បីយកមកបង្ហាញអំពីការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល។
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា តាមរយៈការស្វាគមន៍ដ៏កក់ក្តៅជាមួយនឹងសារដ៏ច្បាស់លាស់របស់បញ្ញាសិប្បនិមិត្ត (Robot Sophia) គឺជាការបង្ហាញពី «ការប្រែក្លាយផ្នែកឌីជីថលឆ្ពោះទៅកាន់ឧស្សាហកម្ម ៤.០» និង «កិច្ចសហប្រតិបត្តិការ ភាពជាដៃគូជិតស្និទ្ធក្នុងការប្រែក្លាយឌីជីថលនៅកម្ពុជា» គឺជាសក្ខីភាពបញ្ជាក់ច្បាស់អំពីវឌ្ឍនភាពនៃបច្ចេកវិទ្យាឌីជីថល ដែលបានផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗដូចជា៖
ទី១) បច្ចេកវិទ្យាឌីជីថល អាចជួយជំរុញកំណើន និងប្រសិទ្ធភាព។ បច្ចេកវិទ្យាឌីជីថល រួមមាន ទូរសព្ទវៃឆ្លត (smart phone) បច្ចេកវិទ្យាក្លោដ (cloud computing) បច្ចេកវិទ្យាប្រើរ៉ូបូត (robotics) បច្ចេកវិទ្យាប្លុកឆេន (block chain) និងអ៊ិនធើណិតនៃបរិក្ខារ (internet of things) ជាដើម ដែលបាននឹងកំពុងផ្តល់លទ្ធភាពខ្ពស់ក្នុងការបង្កើនការតភ្ជាប់រវាងមនុស្ស និងមនុស្ស បង្កើតឡើងនូវធុរកិច្ចថ្មីៗ ជាមួយនឹងគំនិតថ្មីៗ សម្រួលដល់ការធ្វើពាណិជ្ជកម្ម កាត់បន្ថយរបាំងចូលទីផ្សារ បង្កើតឱកាសសម្រាប់សកម្មភាពច្នៃប្រឌិតថ្មីៗ និងបង្កើតសកម្មភាពសហគ្រិន។
ទី២)បច្ចេកវិទ្យាឌីជីថល អាចជួយរដ្ឋាភិបាលបង្កើនសមត្ថភាពវិស័យសាធារណៈបានល្អប្រសើរ ជួយបង្កើនគណនេយ្យភាព និងតម្លាភាពក្នុងការផ្តល់សេវាសាធារណៈនៅតាមមូលដ្ឋាន ជួយឲ្យអាជ្ញាធរនៅគ្រប់កម្រិតអាចផ្តល់សេវាដល់ប្រជាពលរដ្ឋបានកាន់តែច្រើនថែមទៀត។ ទន្ទឹមនេះ បច្ចេកវិទ្យាឌីជីថល អាចជួយពង្រឹងកិច្ចសហការ ភាពជាដៃគូ និងនវានុវត្តន៍រវាងក្រសួង និងផ្ទៃក្នុងក្រសួង ព្រមទាំងស្ថាប័នពាក់ព័ន្ធទូទាំងប្រទេស។
ទន្ទឹមនឹងផលវិជ្ជមាននេះ បច្ចេកវិទ្យាឌីជីថល ក៏បានផ្តល់នូវគុណវិបត្តិផ្សេងៗផងដែរដូចជា៖
១) មនុស្សយន្ត (Robot) បាននឹងកំពុងជំនួសកម្លាំងពលកម្មមនុស្ស ដែលនឹងធ្វើឲ្យមនុស្សបាត់បង់ការងារ។
២)ទាមទារកម្រិតជំនាញខ្ពស់ ដើម្បីឲ្យស្របទៅនឹងការរីកចម្រើនបច្ចេកវិទ្យា និងព័ត៌មានវិទ្យា។
៣) វិសមភាពនៃការទទួលផលប្រយោជន៍ ដោយសារភាពមិនស្មើគ្នានៃឱកាសទទួលបាននូវចំណេះដឹង និងបច្ចេកវិទ្យា។
៤) ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល នឹងបង្កើនភាពងាយរងគ្រោះ ដែលបណ្តាលមកពីឧក្រិដ្ឋកម្ម ឬ បទល្មើសពាក់ព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងសុវត្ថិភាពសង្គម៕
រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន