Airbus ចុះ​កិច្ច​ព្រមព្រៀង​លក់​យន្តហោះ​ឱ្យ​ចិន ៣០០​គ្រឿង

  • 2019-03-26 08:40:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Airbus បាន​ឱ្យដឹង​កាល​ពីថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៩​ថា ខ្លួន​បាន​ចុះ​កិច្ចព្រមព្រៀង​លក់​យន្តហោះ​ដឹក​អ្នក​ដំណើរ​ប្រមាណ ៣០០​គ្រឿង ទៅ​ឱ្យ​ក្រុមហ៊ុន​អាកាស​ចរណ៍​ចិន។ កិច្ចព្រមព្រៀង​នេះ ធ្វើឡើង​ក្នុង​អំឡុងពេល​ដែល​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង។

កិច្ច​ព្រមព្រៀង​នេះ គឺ​គ្រប​ដណ្តប់​លើ​យន្តហោះ​ត្រកូល A320 ចំនួន ២៩០​គ្រឿង និង​ត្រកូល A350 ចំនួន​១០គ្រឿង។ ក្រុមហ៊ុន Airbus បាន​ហៅ​ការ​បញ្ជាទិញ​នេះ​ថា ជា​សញ្ញា​តម្រូវ​ការ​ពីគ្រប់​វិស័យ​នៃ​​​ទីផ្សារ​អាកាសចរណ៍​ចិន ដែល​កំពុង​ពង្រីក​យ៉ាង​ឆាប់រហ័ស។

រូបថត៖ វិបសាយ XPlane.org
យ៉ាង​ណាក៏​ដោយ ក្រុមហ៊ុន​អឺរ៉ុប​មួយ​នេះ មិន​បាន​បញ្ជាក់​តម្លៃ​នៃកិច្ចព្រមព្រៀង​នេះទេ។ ប៉ុន្តែ​ផ្អែក​ទៅលើ​បញ្ជី​តម្លៃ​របស់​ក្រុមហ៊ុន​ Airbus យន្តហោះ​ទាំងនេះ ​អាច​នឹងមាន​តម្លៃ​សរុប​ប្រហែល ៣៥​ពាន់លាន​ដុល្លារ។

គួរ​កត់​សម្គាល់​ថា ការចុះ​កិច្ចព្រមព្រៀង​ខាងលើ​នេះ គឺធ្វើឡើង​ខណៈ​ដែល​យន្តហោះ 737 Max ​របស់​ក្រុមហ៊ុន​អាមេរិក Boeing ដែលជា​គូប្រជែង​ដ៏​ស្រួចស្រាវរបស់ Airbus បាន​ធ្លាក់​ដល់ទៅ២លើក មិនដល់​កន្លះ​ឆ្នាំផង។ ក្នុង​នោះ ធ្លាក់​លើកទី១ កាលពី​ខែតុលា ឆ្នាំ​២០១៨ គឺ​ជើង​ហោះហើរ​របស់​អាការចរណ៍ Lion Air ប្រទេស​ឥណ្ឌូណេស៊ី ស្លាប់​មនុស្ស ១៨៩នាក់ និង​លើកទី២ ធ្លាក់​កាល​ពីដើម​ខែ​មីនា ឆ្នាំ​២០១៩ គឺ​ជើង​ហោះហើរ​របស់​អាកាសចរណ៍​អេត្យូពី ស្លាប់​មនុស្ស ១៥៧នាក់។

រូបថត៖ វិបសាយ The New Yorker

យន្តហោះ ៣០០គ្រឿង​បញ្ជា​ទិញ​ខាងលើ​នេះ ក៏​ស្រដៀងគ្នា​ទៅហ្នឹង​ចំនួន​ក្រុមហ៊ុន Boeing លក់​យន្តហោះទៅ​ឱ្យចិន​ផងដែរ ដែល​កិច្ចព្រមព្រៀង​ពេលនោះ គឺ​ធ្វើឡើង​ក្នុង​អំឡុង​ទស្សនកិច្ច​របស់​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក នៅក្រុង​ប៉េកាំង កាលពីខែ​វិច្ឆិកា ឆ្នាំ​២០១៧៕

ប្រភព៖ CNN ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;