ក្រសួង​សេដ្ឋកិច្ច បកស្រាយ​រឿង​កម្ពុជា មាន​បំណុល​បរទេស​ជាង ១ម៉ឺនលាន​ដុល្លារ

  • 2019-04-03 06:50:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជុំវិញ​ព័ត៌មាន​ដែល​បាន​ផ្សាយថា កម្ពុជា មាន​បំណុល​បរទេស​ជាង ១ម៉ឺនលានដុល្លារ​អាមេរិក​គិត​ត្រឹមឆ្នាំ​២០១៨នោះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​បាន​​បកស្រាយ​ថា គឺ​ជាតួលេខនៃការខ្ចី​ឥណទាន​សម្បទាន​ដែល​រាជរដ្ឋាភិបាល​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​គិត​ចាប់ពីឆ្នាំ​១៩៩៣ រហូតមកដល់​ដំណាច់​ឆ្នាំ​២០១៨ ពោលគឺ​ពុំមែន​ជាតួលេខ​សន្និធិបំណុល​បរទេស ដែល​កម្ពុជា​ជំពាក់​ជាក់ស្តែង​គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៨​នោះទេ។ នេះបើតាមសេចក្តី​ប្រកាសព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ​២០១៩។

ក្រសួង​ពន្យល់​ថា បើ​ចង់ដឹង​អំពី​ទំហំ​បំណុល​ជាសាធារណៈ​ក្រៅ​ប្រទេស​ដែលកម្ពុជា​ជំពាក់​ជាក់ស្តែង គឺ​គេត្រូវ​មើល​តួលេខ​សន្និធិ​បំណុល​សាធារណៈ​ក្រៅប្រទេស ដែល​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០១៨ គឺមាន​ចំនួន​ប្រមាណ ៧ពាន់លានដុល្លារ​អាមេរិក​​តែ​ប៉ុណ្ណោះ។

«បើគ្រាន់​តែ​ចុះ​កិច្ច​ព្រមព្រៀង​​ខ្ចី​ឥណទាន​ពីក្រៅប្រទេស​ ពុំទាន់​មាន​ន័យថា យើង​ជំពាក់​បំណុល​បរទេស​នោះទេ គឺ​លុះត្រាតែ​យើង​ដកសាច់​ប្រាក់​ពីដៃគូ យក​មក​ប្រើប្រាស់​សិន ទើប​គិត​ថា "ជា​បំណុល​សាធារណៈក្រៅ​ប្រទេស" ហើយ​ជាក់​ស្តែង យើង​ក៏មាន​ការ​បង្វែរ​សាច់ប្រាក់ ដែលមិនមាន​ប្រើប្រាស់​មួយ​ចំនួន និង​សងប្រាក់​ដើម​ជាបណ្តើរៗទៅ​ដៃគូ​វិញហើយ​ដែរ»។ ក្រសួង​សេដ្ឋកិច្ច​ បញ្ជាក់​​បន្ថែម៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;