វិបត្តិសេដ្ឋកិច្ចពិភពលោក អាក្រក់បំផុតទាំង៥ ក្នុងប្រវត្តិសាស្ត្រ
- 2019-04-09 08:37:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិបត្តិសេដ្ឋកិច្ចពិភពលោក អាក្រក់បំផុតទាំង៥ ក្នុងប្រវត្តិសាស្ត្រ
ចន្លោះមិនឃើញ
ពិភពលោក ធ្លាប់ជួបវិបត្តិសេដ្ឋកិច្ចជាច្រើនលើកច្រើនសារ ប៉ុន្តែវិបត្តិសេដ្ឋកិច្ច ដែលត្រូវបានគេចាត់ទុកថាអាក្រក់បំផុតក្នុងប្រវត្តិសាស្រ្ដ មានដូចខាងក្រោម៖
១. វិបត្តិរូបិយប័ណ្ណ ឆ្នាំ១៧៧២៖ វិបត្តិនេះ បានផ្ទុះឡើងនៅក្នុងក្រុងឡុងដ៍ របស់ប្រទេសអង់គ្លេស និងបានរីករាលដាលពាសពេញទ្វីបអឺរ៉ុប។ នៅពាក់កណ្ដាលទសវត្សឆ្នាំ១៧៦០ ចក្រភពអង់គ្លេសបានប្រមូលទ្រព្យសម្បត្តិយ៉ាងច្រើនទុក តាមរយៈការជួញដូរ ដោយផ្ដល់ទៅវិញជារូបិយប័ណ្ណ។ ពេលនោះ ធនាគារអង់គ្លេសជាច្រើនបានបោះរូបិយប័ណ្ណដើម្បីធ្វើការជួញដូរ។ ប៉ុន្តែនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ១៧៧២ ម្ចាស់ដៃគូធនាគារមួយ បានរត់ទៅប្រទេសបារាំង ដើម្បីគេចពីការសងបំណុល។ ក្រោយការរត់គេចនោះ ប្រជាពលរដ្ឋអង់គ្លេសជាច្រើនបាននាំគ្នាចេញមកតម្រង់ជួរនៅមុខធនាគារអង់គ្លេស ដើម្បីដកទាមទារដកប្រាក់។ ការទាមទារដកប្រាក់តាមធនាគារនេះ ក៏បានផ្ទុះឡើងនៅតាមបណ្ដាប្រទេសដ៏ទៃទៀតនៅទ្វីបអឺរ៉ុប និងឈានចូលដល់ទឹកដីអាមេរិកផងដែរ។ អ្នកប្រវត្តិសាស្ត្រក៏បានចាត់ទុកវិបត្តិរូបិយប័ណ្ណមួយនេះ ថាជាមូលហេតុដែលនាំឲ្យមានបដិវត្តន៍អាមេរិកផងដែរ។
២. វិបត្តិហិរញ្ញវត្ថុ ឆ្នាំ១៩២៩-១៩៣៩៖ នេះគឺជាវិបត្តិហិរញ្ញវត្ថុ និងសេដ្ឋកិច្ចដែលអាក្រក់ជាងគេបំផុតក្នុងសតវត្សទី២០។ វិបត្តិនេះ មានរយៈពេលជិត ១០ឆ្នាំ ដែលបណ្ដាលមកពីការបាត់បង់ចំណូលយ៉ាងគំហុក អត្រាអ្នកគ្មានការងារធ្វើឡើងដល់កម្រិតខ្ពស់បំផុត និងការនាំចេញធ្លាក់ចុះរបស់អាមេរិក។
៣. វិបត្តិប្រេង ឆ្នាំ១៩៧៣៖ វិបត្តិប្រេងនេះ បានផ្ទុះឡើងនៅពេលប្រទេសនាំចេញប្រេង (OPEC) រួមគ្នាសងសឹកអាមេរិក ដែលបានផ្គត់ផ្គង់សព្វាវុធឲ្យទៅអ៊ីស្រាអែល ក្នុងសង្គ្រាមលើកទី៤ រវាងអារ៉ាប់-អ៊ីស្រាអែល។ ប្រទេស OPEC បានសងសឹកដោយផ្អាកការផ្គត់ផ្គង់ប្រេងទៅអាមេរិក នឹងប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិក។ ការផ្អាកនេះ ធ្វើឲ្យអាមេរិក និងប្រទេសអភិវឌ្ឍន៍ជាច្រើនជួបវិបត្តិប្រេង ហើយពេលនោះក៏មានការកើនឡើងអតិផរណាយ៉ាងខ្ពស់ ដែលបណ្ដាលមកពីតម្លៃថាមពល។
៤. វិបត្តិហិរញ្ញវត្ថុអាស៊ី ឆ្នាំ១៩៩៧៖ វិបត្តិនេះ បានផ្ទុះចេញពីប្រទេសថៃ ទៅប្រទេសជាច្រើនទៀតនៅតំបន់អាស៊ីបូព៌ា និងដៃគូពាណិជ្ជកម្មរបស់ថៃ។ ការផ្ទុះវិបត្តិនេះ កើតឡើងដោយសារអ្នកវិនិយោគបានបានដកទុនវិនិយោគយ៉ាងគំហុកចេញពីប្រទេសថៃ បន្ទាប់មកឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហុងកុង និងកូរ៉េខាងត្បូង ព្រោះតែអត្រាបំណុលខ្ពស់នៅក្នុងសេដ្ឋកិច្ចប្រទេសទាំងនោះ។
៥. វិបត្តិហិរញ្ញវត្ថុ ឆ្នាំ២០០៧-២០០៨៖ នេះជាវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់មួយ បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតនៅឆ្នាំ១៩៩៧។ វិបត្តិសេដ្ឋកិច្ចនេះ ផ្ទុះឡើងដោយសារការដាំក្បាលចុះនៃវិស័យអចលនទ្រព្យនៅសហរដ្ឋអាមេរិក និងការក្ស័យធននៃធនាគារ Lehman Brothers ដែលធ្វើឲ្យស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនវិនិយោគជាច្រើនបានដួលរលំជាបន្ដបន្ទាប់៕