យានអវកាសអ៊ីស្រាអែល ធ្លាក់លើឋានព្រះចន្ទ
- 2019-04-12 04:09:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យានអវកាសអ៊ីស្រាអែល ធ្លាក់លើឋានព្រះចន្ទ
ចន្លោះមិនឃើញ
យានអវកាសរបស់អ៊ីស្រាអែល ឈ្មោះ Beresheet បានធ្លាក់លើភពព្រះចន្ទ ដោយសារបញ្ហាបច្ចេកទេសគ្រឿងម៉ាស៊ីន ក្នុងអំឡុងពេលព្យាយាមចុះចតលើផ្ទៃដីភពនេះ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩។
ចំណែកលោកនាយករដ្ឋមន្រ្តី អ៊ីស្រាអែល Benjamin Netanyahu ដែលកំពុងមើលការចុះចតពីបន្ទប់បញ្ជា បាននិយាយថា លើកទី១ មិនជោគជ័យ តែត្រូវព្យាយាមម្តងទៀត។
ការបរាជ័យក្នុងការចុះចតលើភពព្រះចន្ទនេះ គឺមិនអាចធ្វើឱ្យអ៊ីស្រាអែល ក្លាយជាប្រទេសទី៤ ដែលបញ្ជូនយានអវកាសទៅកាន់ភពនេះបានឡើយ បន្ទាប់ពីអាមេរិក រុស្ស៊ី (អតីតសហភាពសូវៀត) និងចិន។
សូមរំលឹកថា យានអវកាស Beresheet ត្រូវបានបាញ់បង្ហោះតាមរយៈគ្រាប់រ៉ុកកែត Falcon 9 របស់ក្រុមហ៊ុន Space X ចេញពីមជ្ឈមណ្ឌល Cape Canaveral រដ្ឋ Florida សហរដ្ឋអាមេរិក កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។ យាននេះ មានទម្ងន់ត្រឹមតែ ១៦០គីឡូក្រាមប៉ុណ្ណោះជាមួយតម្លៃត្រឹម ១០០លានដុល្លារ បានធ្វើឱ្យវាក្លាយជាយានដែលតូច និងថោកជាងគេបំផុត ដែលបានទៅដល់ព្រះចន្ទ ប៉ុន្តែត្រូវបានបរាជ័យក្នុងការចុះចត។
គោលដៅនៃបេសកកម្មនេះ គឺដើម្បីផ្តិតយករូបភាព និងធ្វើការពិសោធន៍នៅលើភពព្រះចន្ទ។
ការបង្កើតយានអវកាសនេះ គឺក្រោមកិច្ចសហការរួមគ្នារវាងក្រុមហ៊ុនឯកជន SpaceIL និងក្រុមហ៊ុនរដ្ឋ Israel Aerospace Industries ប៉ុន្តែក្រុមហ៊ុន SpaceIL គឺជាផ្តល់មូលនិធិស្ទើរតែទាំងស្រុង៕