លោក ហ៊ុន ច័ន្ទរាជ្យ និយាយ​ពី​​អាជីព​ប្រដាល់​របស់​ សុខ ធី ​ក្រោយ​​រង​ការ​ពិន័យ​ពី​សហព័ន្ធ​គុន​ខ្មែរ

  • 2019-04-12 07:44:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ ​ហ៊ុន ច័ន្ទរាជ្យ ​គ្រូ​បង្វឹក​ និងជា​ម្ចាស់​​ក្លិប​​ Cambodian Top Team ​បាន​​ថ្លែង​ថា​ ​សុខ ធី ​ហៅ​ កាកា​ នៅ​តែ​មាន​ទីផ្សារ​ប្រដាល់​តាម​ប៉ុស្តិ៍​​នានា​នៅ​ប្រទេស​ថៃ​ ​​រួម​ទាំង​​លើ​សង្វៀន​កម្រិត​ពិភព​លោក ​ONE Championship ​ដែល​ទទួល​បាន​ការ​គាំទ្រ​​​ច្រើន​សន្ធឹក​សន្ទាប់​នៅ​កម្ពុជា​​​ បើ​​ទោះ​​រូប​គេ​ព្រលយ​​ពាក្យ​ថា​​ ឈប់​​វ៉ៃ​នៅ​សង្វៀន​ស្រុក​ខ្មែរ​ក៏​ដោយ។ ​ការ​បង្ហើប​យ៉ាង​​​​ដូច្នេះ​ បន្ទាប់​​ពី​ សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ ​​បាន​ដាក់​ពិន័យ​​​មិន​ឲ្យ​កីឡាករ​​ប្រដាល់​រូប​នេ​​ឡើង​ប្រកួត​លើ​​សង្វៀន​ក្នុង​ស្រុក​ និង អន្តរជាតិ​​រយៈ​ពេល​ ៦ ​ខែ ​កាល​​ចុង​​​ខែ​ ធ្នូ ​​ឆ្នាំ​ ២០១៨ កន្លង​ទៅ។

លោក ហ៊ុន ច័ន្ទរាជ្យ
​លោក​ ​ហ៊ុន ច័ន្ទរាជ្យ ​​បាន​បញ្ចេញ​ទស្សនៈ​ថា​ ៖ «​វា​ជា​រឿង​ធម្មតា​​ទេ​​ពេល​ សុខ ធី ​ព្រលយ​ថា​មិន​ប្រកួត​នៅ​ស្រុក​ខ្មែរ​ ​ក្រោយ​​អន់​ចិត្ត​នឹង​លទ្ធផល​ ​ប៉ុន្តែ​​រូប​គេ​នៅ​​តែ​មាន​​ការ​ផ្គូផ្គង​​ឲ្យ​ប្រកួត​ជា​ហូរហែ​នៅ​​តាម​សង្វៀន​ស្ថានីយ​ទូរទស្សន៍​របស់​ថៃ​ និង​ ជា​កីឡាករ​ប្រចាំ​នៅ​សង្វៀន​ One Championship ដែរ។ ​​​ពេល​គេ​មក​​ស្រុក​ខ្មែរ​ គេ​ហ្វឹកហាត់​នៅ​ក្លិប​ខ្ញុំ​ ហើយ ​ទៅ​ថៃ​ គេ​ហ្វឹកហាត់​នៅ​ថៃ​យ៉ាង​ខ្ជាប់ខ្ជួន។ ​ខ្ញុំ​នៅ​តែ​បន្ត​ជួយ​ជ្រោមជ្រែង​​ដដែល​​​ដើម្បី​​ឲ្យ​​រូប​​គេ​បាន​​ទៅ​ប្រកួត​នៅ​ក្រៅ​ស្រុក»។

យ៉ាង​ណា​ក្ដី គ្រូ​បង្វឹក​វ័យ​ ៣១​ ឆ្នាំ​រូប​នេះ​​គូស​បញ្ជាក់​ទៀត​ថា​​ ​កីឡាករ​វ័យ ២២ ​ឆ្នាំ​ខាង​លើ​​​​​មាន​សមត្ថភាព​ និង​ មាន​បទ​ពិសោធន៍​ច្រើន​​នៅ​ប្រទេស​ថៃ។​ ​ហើយ​អ្នក​​គាំទ្រ​នៅ​តែ​ឃើញ​អំពី​​សមត្ថភាព​របស់​គេ​នៅ​ឡើង​សង្វៀន​លំដាប់​អន្តរជាតិ។ ​ កាកា ​​ឡើង​ប្រកួត​លើ​​សង្វៀន​កម្រិត​អន្តរជាតិ​ One Championship ​បាន​ចំនួន​ ២ ​​ដង​ ដែល​លើក​​ទី១​ ​ចាញ់​កីឡាករ​ថៃ​ Lerdsila ​​ដោយ​ពិន្ទុ កាល​ពាក់​កណ្ដាល​​ឆ្នាំ​ ២០១៨។​ បន្ទាប់​​មក​ ​សង្វៀន​ដដែល​​នេះ​តម្រូវ​ឲ្យ​មាន​ការ​ប្រកួត​សង​សឹក​ ប៉ុន្តែ​ កាកា នៅ​តែ​ចាញ់​ពិន្ទុ ​លើ​កីឡាករ​​ថៃ​ដដែល​​ ក្នុង​ជំនួប​សង​សឹក​កាល​ចុង​ឆ្នាំ​ ២០១៨។

សុខ ធី ពេលប្រកួត​ចាញ់ Lerdsila នៅ​សង្វៀន ONE (រូបភាព៖ ONE Championship)

លោក ហ៊ុន ច័ន្ទរាជ្យ​ ដែល​ជា​អគ្គលេខាធិការ​​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​ផងដែរនោះ ​​រំពឹង​ថា​ សុខ ធី​ នឹង​​​បង្ហាញ​មុខ​លើ​សង្វៀន​ ONE ​នា​ពេល​​ឆាប់ៗ​ខាង​មុខ។​

គួរ​ដឹង​ដែរ​ថា​ សុខ ធី ​​ត្រូវ​បាន​សហព័ន្ធ​កីឡា​ប្រដាល់​​គុន​ខ្មែរ​​ពិន័យ​រយៈ​ពេល​ ៦​ ខែ​​​កាល​ដើម​ខែ​ធ្នូ​ ឆ្នាំ​ ២០១៨​ មិន​ឲ្យ​ឡើង​សង្វៀន​ប្រដាល់​ទាំង​​ក្នុង​ និង​ក្រៅ​ប្រទេស ​​ពាក់ព័ន្ធ​រឿង​តវ៉ា​​មិន​ព្រម​ទទួល​​យក​លទ្ធផល​​នៃ​​ការ​ប្រកួត​កាល​ពី​ពេល​កន្លងទៅ​ទល់​នឹង​កីឡាករ​ថៃ​នៅ​សង្វៀន​ ស៊ីអិនស៊ី ​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ដណ្ដើម​ខ្សែ​ក្រវាត់៕

អត្ថបទ៖ ស៊ីធី

អត្ថបទថ្មី
;