៤ខែចុងក្រោយ ទូតអាមេរិក និងចិន វាយប្រហារគ្នា២ដង

  • 2019-04-20 12:24:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​រយៈពេល ៤ខែ​ដើម​ឆ្នាំ​២០១៩​នេះ ស្ថានទូត​ប្រទេស​មហាអំណាច​២​ប្រចាំ​នៅ​កម្ពុជា គឺ​អាមេរិក និង​ចិន បាន​វាយប្រហារ​ដាក់គ្នា​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ជុំវិញ​ទំនាក់ទំនង​រវាង​​ប្រទេស​ទាំង២ និង​កម្ពុជា នូវ​រឿង​២ គឺ​ទី១. ពាក់ព័ន្ធ​នឹង​ការ​ធ្វើរដ្ឋប្រហារ​របស់​លោក លន់ នល់ និង​របប​ខ្មែរក្រហម និង​ទី២. ​គឺ​ពាក់ព័ន្ធ​នឹង​បញ្ហា​ឱន​ភាព​ពាណិជ្ជកម្ម។

កាលពីថ្ងៃ​ទី៣០ ខែ​មករា ឆ្នាំ​២០១៩ ស្ថានទូត​អាមេរិក បាន​បង្ហោះ​សារ​លើទំព័រ​ហ្វេសប៊ុក​ថា៖ «រហូត​មក​ដល់​ពេល​នេះ គ្មាន​ភស្តុតាង​ណា​មួយ​ដែល​បញ្ជាក់​ពី​ការ​ពាក់ព័ន្ធ​របស់​សហរដ្ឋ​អាមេរិក​ទេ។ ផ្ទុយ​ទៅ​វិញ មាន​ភស្តុតាង​យ៉ាង​ច្រើន​ដែល​បង្ហាញ​ថា រដ្ឋាភិបាល​ចិន​បាន​គាំទ្រ​យ៉ាង​សកម្ម​ដល់​របប​ខ្មែរ​ក្រហម​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩ និង​ក្នុង​រយៈកាល​ក្រោយ​ពី​នោះ​មក»។

ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា (រូបថត៖ Reuters)
ឆ្លើយតប​មកវិញ នៅថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ស្ថានទូត​ចិន បាន​បង្ហោះ​វាយបក​វិញថា៖ «ជា​ការ​ពិត​ណាស់ ​រដ្ឋប្រហារ​ដែល​នាំ​ឲ្យ​កម្ពុជា​ធ្លាក់​ក្នុង​ភ្លើង​សង្រ្គាម​រ៉ាំរ៉ៃ​អស់​រយៈពេល​យ៉ាង​យូរ​នោះ ​មិន​មាន​ទំនាក់​ទំនង​អ្វី​នឹង​សហរដ្ឋ​អាមេរិក​ទេ ប៉ុន្តែ​មាន​ទាក់ទង​នឹង​ CIA»។
ស្ថានទូតចិនប្រចាំនៅកម្ពុជា (រូបថត៖ Google Maps)

មិនបាន​ប៉ុន្មាន​ខែផង ស្ថានទូត​អាមេរិក កាលពី​ថ្ងៃទី១៩ ខែ​មេសា ឆ្នាំ​២០១៩ ក៏បន្ត​បង្ហោះ​ហ្វេសប៊ុក​រិះគន់​លើ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចិន ដោយ​ថា ចិន បាន​ទទួលផល​ចំណេញ​យ៉ាងខ្លាំង​ពីការ​ដោះដូរ​ទំនិញ​រវាង​ប្រទេស​ទាំង២។

ស្ថានទូត​អាមេរិក​លើកឡើង​យ៉ាង​ដូច្នេះ​ថា៖ «ប្រទេសចិន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​របស់​ប្រទេស​កម្ពុជា តែ​ទំនាក់​ទំនង​នេះ​ចំណេញខ្លាំង​ទៅខាង​ប្រទេស​ចិន។ ប្រហែល ៨៧% នៃទំនិញ​ដោះដូរគ្នា​គឺជា​ទំនិញ​នាំចូល​មកពីប្រទេស​ចិន ដែលមិន​ជួយ​ដល់ការ​ធ្វើអោយ​មាន​ការងារ ឬជួយ​ដល់ឧស្សាហកម្ម​ ដូច​ទំនាក់ទំនង​របស់​ប្រទេសកម្ពុជា ជាមួយ​សហរដ្ឋអាមេរិក ឬ​សហភាពអឺរ៉ុប​នោះទេ។ នេះគ្រាន់​តែជាផ្លូវមួយ​ទៀត​ដែល​ប្រទេស​កម្ពុជា បាន​ងាកចេញ​ពីយុទ្ធសាស្រ្ត​សេដ្ឋកិច្ច​ដែលមាន​តុល្យភាព និង​លក្ខណៈ​ចម្រុះ​ច្រើន ទៅរក​យុទ្ធសាស្រ្ត​សេដ្ឋកិច្ច​ដែលមាន​ការពឹងផ្អែក​ច្រើន​ទៅលើ​ប្រទេសចិន»។

ដូច​លើកទី១ដែរ គឺខាង​ស្ថានទូត​ចិន បាន​បង្ហោះ​សារ​ឆ្លើយតប​វិញភ្លាមៗ ដោយ​ហៅការ​ចោទប្រកាន់​របស់​អាមេរិក​ខាងលើ​នេះ គឺជាការ​បង្ក​បញ្ហា​ម្តងទៀត ហើយ​អះអាង​ថា ខ្លួន​គឺ​ជា​អ្នកជួយ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា យ៉ាង​ច្រើន​សម្បើម។

ស្ថានទូត​ចិន​បាន​បង្ហោះ​នៅលើ​ទំព័រហ្វេសប៊ុក​នាថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០១៩​ យ៉ាង​ដូច្នេះ​ថា៖ «មិត្ត​កម្ពុជា​ទាំងអស់​ចូរប្រុងប្រយ័ត្ន! សហរដ្ឋអាមេរិក​កំពុងតែ​បង្ក​បញ្ហា​ម្តងទៀត​ជាមួយនឹង​អ្វីដែល​គេហៅថា បញ្ហា​ឱនភាព​ពាណិជ្ជកម្ម។ វាគឺជា​រឿង​ធម្មតា​ទេ ព្រោះ​នៅក្នុង​ពិភព​នៃសកលភាវូបនីយកម្ម សកម្មភាព​ពាណិជ្ជកម្ម​តែងតែ​ធ្វើ​ដំណើរ​ហួសពី​កម្រិត​ទ្វេភាគី។ នៅក្នុង​ករណី​កម្ពុជា​វិញ ប្រទេស​កម្ពុជា​បាន​នាំចូល​នូវវត្ថុធាតុ​ដើម​វាយនភ័ណ្ឌ និង​គ្រឿង​ម៉ាស៊ីន​វាយនភ័ណ្ឌ​យ៉ាងច្រើន​ពី​ប្រទេសចិន សម្រាប់​បម្រើ​វិស័យ​កាត់ដេរ​ ខណៈដែល​ខ្លួនបាន​នាំចេញ​ផលិតផល​សម្រេច​ទៅកាន់​គ្រប់ទី​កន្លែង​ទូទាំង​សកលលោក ក្នុងនោះ​រួមមាន​ទាំង​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ផងដែរ»។

ស្ថានទូត​ចិន​បន្តថា៖ «នៅក្នុងករណី​នេះ វាគឺជា​ភាពសកម្ម​បំផុត​របស់​កម្មករខ្មែរ ដែល​បម្រើក្នុង​វិស័យ​ឧស្សាហកម្ម។ ក្រៅពីនេះ ទំនាក់ទំនង​រវាងរដ្ឋ និងរដ្ឋ គឺ​មិនមែន​ត្រឹមតែ​ដើម្បីពាណិជ្ជកម្ម​នោះឡើយ។ អ្វីដែលគួរ​ឲ្យកត់សម្គាល់ គឺប្រទេសចិន​បាន​កសាង​ផ្លូវចំនួន​៣១ខ្សែ និង​ស្ពានចំនួន ៨ សម្រាប់​ប្រទេស​កម្ពុជា ដែលមាន​ប្រវែង​សរុប​ជាង ៣០០០​គីឡូម៉ែត្រ។ចុះតើ​សហរដ្ឋអាមេរិកវិញ​ធ្លាប់បានជួយ​ធ្វើអ្វីខ្លះ​ដល់​កម្ពុជា​សម្រាប់​វិស័យ​មួយនេះ? ចិនបាន​ជួយ​កសាង​ស្ថានីយ​វារីអគ្គិសនី​ទាំងអស់​នៅកម្ពុជា (ស្មើនឹង ៨០%នៃ​សមត្ថភាព​ផលិត​ថាមពល​អគ្គិសនី ដែលមាន​ដំណើរការ​នៅកម្ពុជា)។ ចុះតើ​សហរដ្ឋអាមេរិក​បានធ្វើអ្វីខ្លះដែរ?»៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;