នគរបាល​កម្ពុជា-ក្រុមហ៊ុន Huawei សហការ​រៀបចំ​ទីបញ្ជាការ​ត្រួតពិនិត្យ​ចរាចរណ៍​នៅភ្នំពេញ និង​ព្រះសីហនុ

  • 2019-04-23 01:41:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក David Li នាយក​ប្រតិបត្តិក្រុមហ៊ុន Huawei ប្រចាំ​កម្ពុជា បាន​ពិភាក្សា​គ្នា​ពី​គោលការណ៍​ឆ្នាំ​សហប្រតិបត្តិការ​អនុវត្ត​ច្បាប់​កម្ពុជា-ចិន ក្នុងការ​រៀបចំ​ទីបញ្ជាការ​ត្រួតពិនិត្យ​ចរាចរណ៍​នៅ​រាជធានីភ្នំពេញ និង​ខេត្តព្រះសីហនុ។ ជំនួប​ពិភាក្សានេះ ធ្វើឡើង​កាលពីថ្ងៃទី២២ ខែ​មេសា ឆ្នាំ​២០១៩ នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ។

លោក នេត សាវឿន បាន​សង្កត់​ធ្ងន់​ឱ្យ​ក្រុម​អ្នក​បច្ចេកទេស​របស់​ក្រុមហ៊ុន HUAWEI និងអ្នក​បច្ចេកទេស​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ សិក្សា​លើក​គម្រោង​ចេញជា​ទីបញ្ជាការ​ជា​កញ្ចប់​តែម្តង (សម្ភារៈ​បច្ចេកទេស​បំពាក់​ក្នុង​ទីបញ្ជាការ, សម្ភារៈ​បច្ចេកទេស​សម្រាប់​ដាក់តាម​គោលដៅ​នីមួយៗ​សម្រាប់​ត្រួតពិនិត្យ)។

អគ្គស្នងការ​នគរបាល​ជាតិ បន្ថែម​ថា កាមេរ៉ា​ដែលត្រូវ​បំពាក់​ត្រូវតែ​ធានា​លើ​គុណភាព ប្រសិទ្ធភាព​អាចទាញ​ជិត ទាញឆ្ងាយ​បាន អាចផ្ទុក​ទិន្នន័យ​បាន ហើយមិន​ត្រឹមតែ​ធានា​លើការ​ត្រួតពិនិត្យ​ចរាចរណ៍​នោះទេ ជាពិសេស​គឺអាច​បម្រើ​ឱ្យ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​បាន។

ជាការឆ្លើយតប ខាង​ក្រុមហ៊ុន HUAWEI ក៏បាន​សន្យាថា​នឹង​ខិតខំ​សហការ​ជាមួយ​ក្រុម​បច្ចេកទេស​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដើម្បី​លើក​គម្រោង​នេះ​ឱ្យ​បាន​ឆាប់។

ជាចុងក្រោយ លោក​នាយឧត្តមសេនីយ៍​សន្តិបណ្ឌិត បាន​ស្នើ​ក្រោយ​សិក្សា​បំពាក់​ ត្រូវគិត​ពី​គម្រោង​បណ្តុះបណ្តាល ដោយ​ការ​បណ្តុះបណ្តាល​មាន​ពីរ៖ ទី១. បណ្តុះ​បណ្តាល​របៀប​ដឹកនាំ​បញ្ជា​នៅទីបញ្ជាការ​ប្រចាំ​បញ្ជា និង​ទី២. បណ្តុះ​បណ្តាល​បច្ចេកទេស​ប្រើប្រាស់​ឧបករណ៍​សម្ភារៈ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;