អ្នកវិភាគ​ប្រដាល់​​ថៃ​ ៣រូប បញ្ចេញ​ទស្សនៈ​បែបណា រវាង សុខ ធី និង រ៉តថាំង នៅ ONE?

  • 2019-04-23 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកប្រដាល់គុនខ្មែរ សុខ ធី ហៅ​កាកា នឹង​ឡើង​ប្រកួត​ក្នុង​សង្វៀន ONE Championship ជាថ្មី ដោយត្រូវប៉ះកីឡាករ​លំដាប់កំពូល​របស់​ថៃ Rodtang Jitmuangnon នៅ​ក្នុង​ព្រឹត្តិការណ៍ ONE: WARRIORS OF LIGHT នៅទីក្រុង​បាងកក ប្រទេសថៃ នា​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩។

សុខ ធី និង រ៉តថាំង
នៅ​មុន​ការប្រកួត​មកដល់ [ខ្លីៗ] បាន​សួរ​អ្នកជំនាញ​ខាង​វិស័យ​ប្រដាល់​នៅ​ថៃ ចំនួន ៣រូប ដែលស្គាល់​ច្បាស់​ពី​កីឡាករ​ប្រដាល់​ថៃ រួម​ទាំង​កីឡាករ​ខ្មែរ សុខ ធី ផងដែរ។ ពួកគេ​ទាំង៣ រូប បាន​បញ្ចេញ​ទស្សនៈ​ ខុសៗគ្នា ដូចខាងក្រោម៖

១. លោក Poptorn Roongsamai មកពី​ទស្សនា​វដ្ដី Champ Boxing Magazine (ទស្សនា​វដ្ដី​ប្រដាល់ថៃមួយ ក្នុង​ចំណោម​ទស្សនា​វដ្ដី​ប្រដាល់​ធំបំផុតទាំង៣ របស់ថៃ)។ លោក​ក៏ជាគណៈ​កម្មការ​ប្រចាំ​ស្ថាប័ន​ប្រដាល់ WBC និង WMO ផងដែរ។ លោក​បាននិយាយ​ថា៖

"ខ្ញុំ​គិត​ថា​នេះ​ជា​ការ​ចាប់​គូ​ប្រកួត​ដ៏​ល្អ។ កីឡាករ​ទាំង២ សុទ្ធ​តែ​ជា​អ្នកចូល​វ៉ៃ​ដូចគ្នា (striker)។ វានឹង​ក្លាយជា​ការប្រកួត​ដ៏ជក់ចិត្ត។ យ៉ាងណាក្ដី ខ្ញុំគិតថា ការប្រកួតនេះ អត់មានអ្នកសន្លប់ទេ ប៉ុន្តែ​ Rodtang មាន​ភាគ​រយ​ឈ្នះ​ច្រើនជាងកាកា គឺឈ្នះដោយពិន្ទុ"។

លោក Poptorn Roongsamai (អាវខ្មៅ)

២. លោក Sroi Mungmee មកពី​ទស្សនាវដ្ដី​ Khaosod (ទស្សនា​វដ្ដី​ល្បី​បំផុត​មួយ​នៅថៃ)។ លោក​ជា​អ្នក​វិភាគ​ប្រដាល់​ដ៏ល្បី​មួយរូប ដែល​តែងតែត្រូវ​បាន​គេ​សួរ នៅ​មុន​ការប្រកួត​ធំៗនានា។ លោកតែង​តែ​ទៅ​តាម​កីឡាករ​ផ្ទាល់​នៅ​រាល់​ការប្រកួតធំ ដែលរួម​មានទាំង​ការ​ទៅ​ដល់​សហរដ្ឋ​អាមេរិក ដើម្បី​សរសេរ​ពី​ការប្រកួត​របស់​​កីឡាករ​ប្រដាល់​សាកល​ថៃ​ Srisaket Sor Rungvisai ផងដែរ។ លោក​បាន​និយាយថា៖

"Rodtang និង កាកា គឺ​កំពុង​ឡើង​ដៃ​ដូចគ្នា ហើយ​ក៏ជា​កីឡាករ​កំពូល​ប្រចាំ​ប្រទេស​រៀងខ្លួននា​ពេល​បច្ចុប្បន្ន​ផងដែរ។ កីឡាករ​ទាំង២ មានជំនាញ​ខ្ពស់​ដូចគ្នា និង​ស្ថិត​នៅ​កម្រិត​ដូចគ្នា។ ពួកគេ​មានក្បាច់​គ្រប់​ទាំង​អស់ មិន​ថា​ម៉ាត់ ទាត់​ខ្ពស់ កែង ឬទាត់​ក្រោម​នោះទេ គឺ​មាន​គ្រប់។ ខ្ញុំ​គិត​ថា កីឡាករ​ទាំង២ នឹង​ក្លាយជា​គូជក់ចិត្ត​​។ ខ្ញុំគិតថា ការប្រកួត​នេះ នឹង​អាច​មានអ្នកសន្លប់ តែ​ខ្ញុំ​មិន​ច្បាស់​ថា​ខាងណា​នឹង​សន្លប់នោះទេ។ ប៉ុន្តែ​បើ​ឲ្យ​រើស ខ្ញុំ​រើស​យក Rodtang"។

លោក Sroi Mungmee

៣. Pornchai Udomsomporn មកពី​ទស្សនា​វីដេអូ​ប្រដាល់ Muay Too Magazine ហើយ​ក៏ជា​ពិធីករ​ប្រចាំ​សង្វៀន​ប្រដាល់ Lumpini Stadium។ លោក​បាន​​បញ្ចេញ​ទស្សនៈ​ថា៖

"និយាយដោយត្រង់ ខ្ញុំគិតថា កាកា មានឱកាស​ឈ្នះ Rodtang តិច​ណាស់ ដោយសារ​កត្តា ២។ កត្តា​ទី១ គឺដោយសារ​តែ Rodtang ច្បាស់​ក្នុង​ប្រភេទ​គីឡូ ៦១គីឡូក្រាម ជាង កាកា (គីឡូដើម​របស់ សុខ ធីចំណាំវ៉ៃ គឺ ៥៧)។ កត្តាទី២ គឺដោយសារ​ សមត្ថភាព​ប្រកួត​របស់ Rodtang នា​រយៈពេល​ចុងក្រោយ​នេះ គឺ​កាន់តែខ្លាំង។ វ៉ៃ​ឈ្នះ​ពិន្ទុ ឬ​សន្លប់ គឺ​ស្ថិតនៅលើ Rodtang ខ្លួនឯង។ បើ Rodtang វ៉ៃ​បុក​ខ្លាំង​ ខ្ញុំជឿថា​គាត់​អាច​ឈ្នះកាកា ​ដោយ​សន្លប់។ ប្រសិនបើ Rodtang មិន​វ៉ៃ​បុក​ពី​ដំបូង​ទេ ខ្ញុំគិត​ថា គាត់អាច​ឈ្នះ​ដោយ​ពិន្ទុ"។

លោក Pornchai Udomsomporn

សូមបញ្ជាក់ថា ខាងលើនេះ គឺគ្រាន់តែ​ជា​ការ​បញ្ចេញទស្សនៈ​ផ្ទាល់ខ្លួនប៉ុណ្ណោះ មិនមានខុស ឬត្រូវ​នោះទេ។ ប្រិយមិត្ត​ក៏អាច​បញ្ចេញ​ទស្សនៈ​ផ្ទាល់ខ្លួន នៅ​ក្នុង​ប្រអប់ Comment ខាងក្រោម​ផងដែរ៕

អត្ថបទ៖ សុខ សុវត្ថិ

;