ចិន​ នឹង​ធ្វើឱ្យ​កម្ពុជា ដើរតួនាទី​សំខាន់​ក្នុង​តំបន់​ឥណ្ឌូចិន និង​អាស៊ាន

  • 2019-04-24 08:33:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចិន​នឹង​ជួយ​ពង្រឹង​សេដ្ឋកិច្ច​កម្ពុជា និង​ធ្វើឲ្យ​កម្ពុជា​ដើរតួនាទី​សំខាន់​ក្នុង​តំបន់​ឥណ្ឌូចិន និង​អាស៊ាន។ នេះបើតាម​ការ​បញ្ជាក់​របស់​លោក ឈិន យន់ ប្រធាន​សមាគម​ទំនាក់​ទំនង​អន្តរជាតិចិន ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន នាព្រឹក​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០១៩។

លោក ឈិន យន់ បាន​គោរព​ជម្រាប​ជូន​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី អំពី​ដំណើរ​ទស្សនកិច្ច​លើកទី២ របស់​លោក​មក​កម្ពុជា ដើម្បី​ស្វែងរក​ឱកាស​ជួយដល់​អ្នកវិនិយោគគិន​ចិន មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា និង​ដើម្បី​ជួយជំរុញ​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ពលរដ្ឋខ្មែរ​ ឱ្យ​បានឆាប់​រហ័ស​បំផុត។ ទន្ទឹមនឹង​នេះ​ដែរ លោកបាន​ឃើញ​ផ្ទាល់​ភ្នែក​នូវការ​រីកចម្រើន​លឿន​របស់​កម្ពុជា ទាំងនៅ​តាមប​ណ្តា​ខេត្ត ជាពិសសេស​នៅរាជធានីភ្នំពេញ​ដែលមាន​ការរីកចម្រើន​យ៉ាងខ្លាំង។

នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ឈិន យន់ និងប្រតិភូ នឹង​បន្ត​ធ្វើទស្សនកិច្ច​នៅខេត្ត​ព្រះសីហនុ​ផងដែរ។

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
លោក ឈិន យន់ ឱ្យដឹង​ថា កន្លងមក​មាន​ធនាគារចិន​ចំនួនពីរ​ដែលបាន​គាំទ្រ​ដល់ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ជាមួយនឹង​ការ​ជួយជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច​ប្រទេសជាតិ​ទៀតផង។ លោក​បន្តថា​សេដ្ឋកិច្ច និង​នយោបាយ មិនអាច​កាត់ផ្តាច់​ពីគ្នា​បានទេ ហើយលោក​បានមើល​ឃើញថា​ កម្ពុជាបាន​ដើរតួនាទី​សំខាន់​នៅក្នុង​ការ​ថែរក្សា​ស្ថិរភាព សន្តិភាព​នៅក្នុង​តំបន់ និងជា​មិត្ត​ជិតស្និត​របស់​បណ្តាប្រទេស​អាស៊ាន និងចិន​ផងដែរ ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​មិត្តភាព​ក្នុង​តំបន់។

លោកបាន​ស្នើ សម្តេចតេជោ​នាយករដ្ឋមន្ត្រី ក្នុងការ​អភិវឌ្ឍ​របៀង​សេដ្ឋកិច្ច​នៅផ្លូវជាតិ​លេខ៩ ពិសេស​រវាង​កម្ពុជា និងប្រទេស​ឡាវ​នៅពេល​ខាងមុខ។ អ្វីដែល​លោក​ចង់ឃើញ គឺការ​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញ​ទៅមក ជាពិសេស​ លោកបាន​បញ្ជាក់ពី​របៀង​ប៉ូលសេដ្ឋកិច្ច​រវាង​រាជធានី​ភ្នំពេញ និង​ខេត្តព្រះសីហនុ ដែលនឹង​អាចធ្វើ​ជាប៉ូល​សេដ្ឋកិច្ចដ៏​សំខាន់​សម្រាប់​កម្ពុជា។

ជាមួយគ្នា​នោះដែរ លោក ឈិន យន់ បាន​គោរពស្នើ សម្តេច​តេជោ​នាយករដ្ឋមន្រ្តី ដើម្បី​ជួយ​សម្រួល​ឱ្យ​មាន​ចរាចរណ៍​ប្រើប្រាស់​រូបិយបណ្ណ​ចិន​នៅក្នុងទីផ្សារ​របស់​កម្ពុជា​ផងដែរ ដែលនឹង​កាន់តែ​ទាក់ទាញ​វិនិយោគ​គិន​ជាច្រើន​ទៀត​មក​កម្ពុជា និងពី​ប្រទេស​ដទៃៗ​ទៀត។

សម្តេច ហ៊ុន សែន បាន​បញ្ជាក់​ប្រាប់ លោក ឈិន យន់ អំពី​កំណែទម្រង់​ស៊ីជម្រៅ​របស់​កម្ពុជា ជា​បន្តបន្ទាប់ ជាពិសេស​នៅក្នុង​វេទិកា​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន​កន្លង​ទៅ​ថ្មីៗនេះ ដែលបាន​ជួយកាត់​បន្ថយការ​ចំណាយ​យ៉ាងច្រើន​ដល់អ្នក​វិនិយោគ​គិន ដើម្បី​ក្រុមហ៊ុន​មានលទ្ធភាព​បង់ពន្ធ​នាំចេញ​ចូលងាយស្រួល ចំណាយតិច​ក្នុងការ​ផលិត និងដឹក​ជញ្ជូន និងបាន​ទទួលមកវិញ​នូវប្រាក់​ចំណេញ​កាន់តែច្រើន។ 

សម្តេច ហ៊ុន សែន បាន​ជម្រាប​លោក យន់​ អំពី​គម្រោង​អញ្ជើញ​ទៅចូលរួម​វេទិកាផ្លូវ១​ខ្សែក្រវ៉ាត់១​ ដែលនឹង​ចេញដំណើរ​នៅថ្ងៃស្អែក​ចាប់ពីថ្ងៃទី​២៥ ដល់ ២៩ មេសា ២០១៩។ សម្តេច​គ្រោងនឹង​ជួប​ពិភាក្សា​បន្ថែម​អំពី​គម្រោង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជចិន​កម្ពុជា ដែល​ពាក់ព័ន្ធ​នឹងផ្លូវ១​ខ្សែក្រវ៉ាត់១ ស្រប​ជាមួយ​នឹង​យុទ្ធសាស្រ្ត​ចតុកោណ​របស់​កម្ពុជាផងដែរ នៅក្នុង​អំឡុងពេល​ដែល​សម្តេច​អញ្ជើញ​ជួប​លោកប្រធានាធិបតី​ចិន ស៊ី ជិនពីង និង លោក លី គឺឈាង នាយក​រដ្ឋមន្រ្តី​ចិន ក្នុង​ប៉ុន្មាន​ថ្ងៃខាងមុខ​នេះ។ ជាមួយគ្នា​នេះដែរ សម្តេច​នាយករដ្ឋមន្រ្តី នឹង​ស្នើសុំ​ការ​គាំទ្រ និង​កិច្ចសហការ​ជាមួយ​មិត្ត​ចិន ដើម្បី​ជំរុញ​តំបន់​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ពិសេស​នៅខេត្ត​ព្រះសីហនុ ដែលជា​ខេត្ត​កំពុងមាន​សក្តានុពល​នោះ ឱ្យកាន់តែ​រីកចម្រើន​ខ្លាំង​ឡើង​ថែមទៀត៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;