លោកស្រី រ៉ូណា ស្មីត នឹង​មក​មើល​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា

  • 2019-04-24 09:41:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោកស្រី រ៉ូណា ស្មីត នឹងមក​បំពេញ​ទស្សនកិច្ច​នៅប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី ២៩ ខែ​មេសា ដល់ថ្ងៃទី ០៩ ខែ​ឧសភា ឆ្នាំ​២០១៩ តាមការ​អញ្ជើញ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

លោកស្រីស្មីត បានមាន​ប្រសាសន៍​ថា «ខ្ញុំនឹង​ផ្តោត​បេសកកម្ម​របស់ខ្ញុំ​ទៅលើ​ស្ថានភាព​សិទ្ធិមនុស្ស​នាពេល​បច្ចុប្បន្ន និងតាមដាន​ពី​ដំណើរវិវត្តន៍​នានា​ចាប់តាំងពី​បេសកកម្ម​របស់ខ្ញុំ​កាលពីខែ​វិច្ឆិកា​កន្លងមក។ ខ្ញុំមាន​បំណង​បន្តការ​ពិនិត្យ​ផងដែរ​ទៅលើ​វិស័យ​សិទិ្ធ​មនុស្ស ទាក់ទងនឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ដោយពិនិត្យ​ជាពិសេស​ទៅលើ​ការ​មិន​រើសអើង និង​សមភាព ព្រមទាំង​ការ​ចូលរួម និង​គណនេយ្យភាព»។

ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​រយៈពេល ១១​ថ្ងៃ អ្នក​ជំនាញ​រូបនេះ គ្រោង​ជួបប្រជុំ​ជាមួយ​មន្រ្តី ជាន់ខ្ពស់​របស់​រដ្ឋាភិបាល តំណាង​សង្គម​ស៊ីវិល និង​សមាជិក​សហគមន៍​ការទូត​នានា។ លោកស្រី ស្មីត នឹង​បំពេញ​ទស្សន​កិច្ច​ផងដែរ​ទៅតាម​តំបន់​ផ្សេងៗ ដើម្បី​ប្រមូល​ព័ត៌មាន​ដោយផ្ទាល់។

អ្នកស្រី រ៉ូណា ស្មីត ក្នុងជំនួបជាមួយសម្តេច ស ខេង កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ

អ្នករាយការណ៍​ពិសេស អ.ស.ប បំពេញ​បេសកកម្មផ្លូវ​ការ​ជាប្រចាំ​មកកាន់​ប្រទេស​កម្ពុជា និងធ្វើ​របាយការណ៍​ប្រចាំឆ្នាំ​ទៅក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស ដែលក្រុម​ប្រឹក្សា​នេះ បាន​តែងតាំង​លោកស្រី នៅក្នុង​ខែមីនា ឆ្នាំ​២០១៥។ លោកស្រី​នឹង​បង្ហាញ​របាយការណ៍​បន្ទាប់​របស់​លោកស្រី ទៅក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ក្នុងខែ​កញ្ញា ឆ្នាំ​២០១៩។

អ្នកស្រី ស្មីត នឹង​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ដោយមាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ដើម្បី​ពិភាក្សា​អំពី​លទ្ធផល​ស្រាវជ្រាវ​បឋម​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ដែល​សន្និសីទនេះ​ នឹង​ប្រព្រឹត្ត​ទៅនៅ​រសៀល​ថ្ងៃ​ទី០៩ ខែ​ឧសភា នៅ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ដែលមាន​អាសយដ្ឋាន អគារលេខ៤ ផ្លូវ ២៧១ សង្កាត់​ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។ ការចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ អនុញ្ញាតឲ្យ​តែអ្នក​សារព័ត៌មាន​ប៉ុណ្ណោះ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;