​ពលរដ្ឋ​វៀតណាម​ផ្អើល ថ្លៃ​ភ្លើង​ឡើង​ខុស​ពី​ធម្មតា

  • 2019-04-25 04:21:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​​​​​ពលរដ្ឋ​វៀតណាម​មួយ​ចំនួន​បាន​សម្ដែង​អារម្មណ៍​ភ្ញាក់ផ្អើល​ និង​​ហួស​ចិត្ត​នៅ​ពេល​ទទួល​បាន​វិក្កយបត្រ​ភ្លើង​​នៅ​ក្នុង​ខែ​មេសា សម្រាប់​ថ្លៃ​ភ្លើង​ដែល​ប្រើ​ប្រាស់​កាល​ពី​ខែ​មីនា។ នេះ​ជា​វិក្កយបត្រ​ដំបូង​ ក្រោយ​ពី​​ក្រសួង​ថាមពល និង​ពាណិជ្ជកម្ម​វៀតណាម​បាន​សម្រេច​កែ​សម្រួល​តម្លៃ​អគ្គិសនី​នៅ​ថ្ងៃ​ទី ២០ ខែ​មីនា​រួច​មក។ តម្លៃ​ដែល​កែ​សម្រួល​ថ្មី​គឺ​មាន​ការ​កើន​ឡើង ៨,៣៦% ប៉ុន្តែ​នៅ​ក្នុង​​វិក្កយបត្រ​គឺ​ឡើង​ច្រើន​លើស​នេះ​ទៅ​ទៀត។

​កញ្ញា​ Tue Thu ដែល​រស់​នៅ​ទីក្រុង​ហូជីមិញ​និយាយ​ថា​ មុន​ពេល​មាន​ការ​ដំឡើង​ថ្លៃ​អគ្គិសនី​ គ្រួសារ​របស់​ខ្លួន​ប្រើ​ប្រាស់​ថាមពល​​​​ចន្លោះ ៤០ ដុល្លារ ទៅ ៤៥ ដុល្លារ​ប៉ុណ្ណោះ។ យ៉ាងណាក្ដី​​វិក្កយបត្រ​ដែល​ទទួល​បាន​ខែ​មេសា ឃើញ​ថា​ការ​ចំណាយ​មាន​រហូត​ដល់​ប្រមាណ​ ៦៦,២ ដុល្លារ ដែល​មាន​ការ​កើន​ឡើង​ប្រមាណ ៤៩% ធៀប​នឹង​​ពេល​មុនៗ។

ស្រដៀង​គ្នា​នេះ វិក្កយបត្រ​របស់​គ្រួសារ​អតិថិជន​ឈ្មោះ​ Xuan Tien រស់​នៅ​ទីក្រុង​ហូជីមិញ​ដែរ មាន​ការ​កើន​ឡើង​ទ្វេ​ដង។ ​ក្នុង​ខែ​មីនា​គ្រួសារ​របស់​លោក​ចំណាយ​លើ​អគ្គិសនី​អស់​ប្រមាណ​​ ១៥ ដុល្លារ ​ហើយ​នៅ​ខែ​មេសា​ឡើង​ដល់​ប្រមាណ ៣៣ ដុល្លារ​ឯណោះ។

​​​​​ទាក់ទង​នឹង​បញ្ហា​មិន​ប្រក្រតី​លើ​វិក្កយបត្រ​នេះ​ដែរ តំណាង​អគ្គិសនី​ជាតិ​វៀតណាម (EVN)​ បាន​លើក​ឡើង​អំពី​ហេតុផល​មួយ​ចំនួន​ដែល​នាំ​ឲ្យ​មាន​ការ​កើន​ឡើង​លើ​​​ថ្លៃ​ប្រើ​ប្រាស់​អគ្គិសនី។ ​អ្នក​តំណាង​រូប​នេះ​​និយាយ​ថា​កត្តា​អាកាសធាតុ​​កើន​ឡើង​កម្ដៅ​ក្ដៅ​ខ្លាំង​​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​​ត្រូវ​ប្រើ​ប្រាស់​​ថាមពល​អគ្គិសនី​ច្រើន​ ដើម្បី​បញ្ចុះ​កម្ដៅ ដូច​ជា​ប្រើ​កង្ហារ ឬ​ម៉ាស៊ីន​ត្រជាក់​ច្រើន​ជាង​មុន​ជា​ដើម។

តំណាង​ EVN ​ក៏​បាន​លើក​ឡើង​អំពី​ហេតុផល​មួយ​ទៀត​ គឺ​ដោយ​សារ​តម្លៃ​អគ្គិសនី​បាន​កែ​សម្រួល​ដំឡើង​ថ្លៃ​ ៨,៣៦%។​ បន្ថែម​ពី​នេះ​វិក្កយបត្រ​​​​​ដែល​ពលរដ្ឋ​ទទួល​បាន​នៅ​​​ខែ​មេសា​ គឺ​គិត​លើ​ការ​ប្រើ​ប្រាស់​រយៈពេល ៣១ ថ្ងៃ ច្រើន​ជាង​វិក្កយបត្រ​ប្រចាំ​ខែ​មីនា​ដែល​មាន​រយៈពេល ២៨ ថ្ងៃ​ប៉ុណ្ណោះ។

“ចំនួន​ថ្ងៃ​នៃ​ការ​ប្រើ​ថាមពល​អគ្គិសនី​គឺ​យូរ​ជាង​មុន​ ដូច​នេះ​បរិមាណ​អគ្គិសនី​ដែល​ប្រើ​ប្រាស់​​នឹង​ច្រើន​ជាង​មុន។ ​​បូក​បន្ថែម​ពី​លើ​​ការ​កែ​សម្រួល​តម្លៃ​​​នៃ​ថាមពល​អគ្គិសនី​ដែល​លក់​ឲ្យ​អតិថិជន​ ធ្វើ​ឲ្យ​ថ្លៃ​អគ្គិសនី​កើន​ឡើង​លើស​ខែ​មុន​”។ នេះ​ជា​ការ​លើក​ឡើង​របស់​តំណាង EVN។​​

គួរ​ដឹង​ថា​ថ្លៃ​អគ្គិសនី​ដែល​កែ​សម្រួល​ថ្មី​របស់​វៀតណាម​​គឺ​មាន​ចែក​ចេញ​ជា​ ៦ ​កម្រិត​ដូច​ខាង​ក្រោម​នេះ ៖

  • កម្រិត​ទី​មួយ​ចាប់​ពី ០ ដល់ ៥០ គីឡូវ៉ាត់ម៉ោង ​មាន​តម្លៃ​ ១ ៦៧៨ ដុង (ប្រមាណ ២៩២ រៀល) ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង។

  • កម្រិត​ទី​ពីរ​ចាប់​ពី ៥១ ដល់ ១០០ គីឡូវ៉ាត់ម៉ោង មាន​តម្លៃ​ ១ ៧៣៤ ដុង (ប្រមាណ ៣០២ រៀល)

  • កម្រិត​ទី​បី​ចាប់​ពី​ ១០១ ដល់ ២០០ គីឡូវ៉ាត់ម៉ោង មាន​តម្លៃ​ ២ ០១៤ ដុង ​(ប្រមាណ ៣៥០ រៀល)

  • កម្រិត​ទី​បួន​ចាប់​ពី ២០១ ដល់ ៣០០ គីឡូវ៉ាត់​ម៉ោង​ មាន​តម្លៃ​ ២ ៥២៦ ដុង (ប្រមាណ​ ៤៤១ រៀល)

  • កម្រិត​ទី​ប្រាំ​ចាប់​ពី ៣០១ ដល់ ៤០០​ គីឡូវ៉ាត់​ម៉ោង មាន​តម្លៃ ២ ៨៣៤ ដុង (ប្រមាណ​ ៤៩៣ រៀល)

  • កម្រិត​ទី​ ៦ ចាប់​ពី ​៤០១ គីឡូវ៉ាត់​ម៉ោង​ឡើង មាន​តម្លៃ ២ ៩២៧ ដុង (ប្រមាណ​ ៥០៩​ រៀល)​

ចុចអាន៖វៀតណាមឡើងកម្ដៅក្ដៅ​បំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ

​​​​​​ ​

ប្រភព៖ Zing ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;