វេទិកា​ Belt and Road៖ លោក ស៊ី ជីនពីង ប្រើ​ពាក្យ "ឈ្នះឈ្នះ" ខណៈ​លោក​ពូទីន ប្រដូច​គម្រោង​នេះ ទៅ​នឹង​ចក្ខុ​វិស័យ​រុស្ស៊ី

  • 2019-04-26 07:25:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​វេទិកា​ខ្សែ​ក្រវាត់ និង​ផ្លូវលើក​ទី២ នាក្រុង​ប៉េកាំង លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន បាន​ថ្លែងថា ដោយផ្អែក​លើ​គោលការណ៍​សមភាព និង​ប្រយោជន៍​ទៅវិញ​ទៅមក គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ (BRI) គឺផ្តោត​លើការ​តភ្ជាប់ និង​កិច្ច​សហប្រតិបត្តិការ ដើម្បី​សម្រេច​នូវ​លទ្ធផល "ឈ្នះឈ្នះ" និង​ការ​អភិវឌ្ឍ​រួមគ្នា។

រូបថត៖ ផ្តល់សិទ្ធិដោយ Reuters
លោក​បន្តថា គោលដៅ​នៃ​ស្តង់ដារ​ខ្ពស់ ការ​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​កម្រិត​ជីវភាព និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព គួរតែ​សម្រេច​បាន។ ក្រោម​គំនិត​ផ្តួចផ្តើម​ BRI នេះ ចិន​នឹង​ធ្វើការ​ជាមួយ​ភាគី​ដទៃទៀត ដើម្បី​លើក​កម្ពស់​ការ​អភិវឌ្ឍ​បៃតង។

លោក ស៊ី ជីនពីង បាន​សង្កត់​ធ្ងន់​ពី​ការ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​ប្រកបដោយ​គុណភាព​ខ្ពស់ តម្លៃ​សមរម្យ និង​មិន​ងាយកើត​មាន​ហានិភ័យ សម្រាប់​បណ្តា​ប្រទេស​ក្រោម​គំនិត​ផ្តួចផ្តើម BRI នេះ។

រូបថត៖ ផ្តល់សិទ្ធិដោយ Reuters

ចំពោះ​ការ​តភ្ជាប់​ប្រជាជន​វិញ លោក​ថា ចិន​និង​បណ្តា​ប្រទេស BRI នឹង​ផ្លាស់ប្តូរ​កម្មវិធី​បណ្តុះបណ្តាល​ វប្បធម៌ វិទ្យាសាស្រ្ត និង​ស្រាវជ្រាវ​រួមគ្នា ក៏ដូចជា​ការ​ផ្ទេរបច្ចេកវិទ្យា​រវាង​គ្នា។ ចំណែក​ពាណិជ្ជកម្ម​វិញ ចិននិង​បណ្តា​ប្រទេស​ក្រោម​គម្រោង​នេះ នឹង​ឈាន​ដល់ការ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ហើយ​នឹង​ការ​មាន​កាត់​បន្ថយពន្ធ​នាំចូល​ផងដែរ។

ក្នុង​វេទិកា​នេះ​ផងដែរ ប្រធានាធិបតី​រុស្ស៊ី លោក វ្លាឌីមៀ ពូទីន បាន​លើកឡើង​ថា គម្រោង​ដ៏មហិមា​របស់ចិន​នេះ គឺស្រដៀង​នឹង​ចក្ខុវិស័យ​របស់​រុស្ស៊ី​សម្រាប់​តំបន់ "អឺរ៉ាស៊ី" ដែល​មាន​គោល​បំណង​លើក​កម្ពស់​សន្តិភាព និង​វិបុលភាព​ក្នុង​តំបន់។

រូបថត៖ ផ្តល់សិទ្ធិដោយ Reuters

លោក​ ពូទីន បញ្ជាក់​ថា វេទិកា​នេះ នឹង​ផ្តល់​ឱ្យ​បណ្តា​ប្រទេស​នានា​មាន​ឱកាស​ក្នុងការ​ពិភាក្សា​អំពីបញ្ហា​ដូចជា​ការអភិវឌ្ឍ​សកល និង​សហប្រតិបត្តិការ​អន្តរជាតិ។ រុស្ស៊ី ពិតជា​ចាប់​អារម្មណ៍​ក្នុងការ​ស្តាប់ និង​ស្វែងយល់ពី​គោលដៅ​របស់ចិន វិធីសាស្រ្ត​ការអភិវឌ្ឍ និង​ទំនាក់​ទំនង​របស់​ចិន ជាមួយ​ប្រទេស​ជិតខាង។

«BRI នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ហើយផ្តល់​នូវការ​អភិវឌ្ឍ​ប្រកបដោយ​សុខុដុមនីយកម្ម​ក្នុងតំបន់​អឺរ៉ាស៊ី ហើយ​គោលដៅ​ទាំងនេះ បាន​នាំយើង​ឱ្យមកដល់ទីនេះ​ក្នុងក្រុង​ប៉េកាំង»។ នេះជាការ​ថ្លែងរបស់​លោក ពូទីន៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;