សមយុទ្ធបាញ់គ្រាប់ពិត "ហនុមានមាស ២០១៩" ដែល​ចាប់​ផ្ដើមព្រឹកនេះ ប្រើប្រាស់អាវុធយុទ្ធភណ្ឌអ្វីខ្លះ?

  • 2019-05-04 01:26:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សមយុទ្ធបាញ់គ្រាប់ពិត "ហនុមានមាស ២០១៩" នៅទីលានបាញ់គ្រាប់ពិតតេជោសែនជុំគិរី ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងវែង ស្រុកជុំគិរី ខេត្តកំពត ចាប់ផ្តើមនៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ នេះ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក។

នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រាប់​ឲ្យដឹងថា សមយុទ្ធបាញ់គ្រាប់ពិតនេះ មានរយៈពេល ៦ថ្ងៃ ដោយចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ ដោយមានកម្លាំងយោធាចូលរួមចំនួន ១៥៩៥នាក់ មកពីបណ្តាជំនាញតាមអង្គភាព វិទ្យាស្ថានកងទ័ពជើងគោក បញ្ជាការដ្ឋានអង្គរក្ស ទ័ពជើងអាកាស បញ្ជាការដ្ឋានការពារអាកាស វិទ្យាស្ថានកងទ័ពជើងគោក បញ្ជាការដ្ឋានបញ្ជូនសារ ក.ជ.គ កងពលតូចលេខ៧០ កងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ បញ្ជាការដ្ឋានវិស្វកម្ម ក.ជ.គ ការិយាល័យទី៥ ក.ជ.គ ក្រុមគ្រូ ក្រុមសេនាធិការក្នុងទីបញ្ជាការ កងពលដឹកជញ្ជូនលេខ៩០ ឧទ្ទការល័យ ក.ជ.គ ផងដែរ។

សម្រាប់ អាវុធយុទ្ធភណ្ឌដែលនឹងប្រើប្រាស់ក្នុងសមយុទ្ធនេះ មានដូចជា កាំភ្លើងធំ ១៥២មម និង ១២២មម កាំភ្លើង ២៣មម កាំភ្លើង៣៧មម កាំភ្លើង BM21 RM70 រថក្រោះ រថពាសដែក រថយន្តពេទ្យ រថយន្តពន្លត់អគ្គិភ័យ រថយន្តដឹកជញ្ជូន ឧត្ថម្ភាគចក្រ ។ល។

អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា កម្ពុជារៀបចំសមយុទ្ធបាញ់គ្រាប់ពិត "ហនុមានមាស ២០១៩" នៅទីលានបាញ់គ្រាប់ពិតតេជោសែនជុំគិរី ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងវែង ស្រុកជុំគិរី ខេត្តកំពត។ ប៉ុន្តែការហ្វឹកហ្វឺននេះ មិនមែនជាការគំរាមកំហែងដល់នរណាឡើយ ផ្ទុយទៅវិញការហ្វឹកហ្វឺននេះ មានគោលដៅពង្រឹងសមត្ថភាពកងទ័ពបន្ថែមទៀតប៉ុណ្ណោះ។

លោកថា "ហនុមានមាស ២០១៩" ត្រូវបានធ្វើឡើងដើម្បីពង្រឹងសមត្ថភាព ចំណេះដឹង បណ្តាជំនាញដល់ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងទ័ពជើងគោក ក្នុងកិច្ចការពារបូរណភាពទឹកដី នាពេលបច្ចុប្បន្ន និងអនាគត។ សមយុទ្ធនេះក៏ជាការវាស់ស្ទង់សមត្ថភាព ក្រោយពីធ្វើការហ្វឹកហ្វឺនតាមបណ្តាសាលា និងកងឯកភាពរួចផងដែរ។ មួយវិញទៀត សមយុទ្ធហនុមានមាស នឹងជួយលើកកម្ពស់សមត្ថភាព គុណភាព ផ្តល់ចំណេះដឹងការងារសេនាធិការ ក្នុងការធ្វើសមយុទ្ធដល់កម្មសិក្សា នាយទាហានសេនាធិការ ក្នុងការសហការរវាងប្រភេទទ័ព និងទ័ពជំនាញ ក្នុងពេលហ្វឹកហ្វឺន ក៏ដូចក្នុងពេលប្រយុទ្ធថែមទៀត។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បាន​អំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ហ្វឹកហ្វឺន ក្នុងស្រុកជុំគិរី ខេត្តកំពត កុំមានការភ្ញាក់ផ្អើលចំពោះការបាញ់សមយុទ្ធនេះ ហើយក៏ស្នើសុំបងប្អូនយោគយល់ បើសិនជាការធ្វើសមយុទ្ធមានសំឡេងរំខានមួយរយៈពេលខ្លី។

សូមបញ្ជាក់ថា ពិធី​បិទសមយុទ្ធនេះ នឹងធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩។

​នេះ​ជាលើកទី៤ ហើយដែល​សមយុទ្ធ​ហនុមានមាស ត្រូវ​បានធ្វើឡើង។ លើកទី១ គឺកាលពីឆ្នាំ២០១០ លើកទី២ នៅឆ្នាំ២០១៣ និងលើកទី៣ នៅឆ្នាំ២០១៨៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;