អគ្គមេបញ្ជាការ ថា​ការធ្វើ​សមយុទ្ធ​ហនុមានមាស មិនមែន​យក​ទៅវាយ​ប្រទេស​ជិតខាង​នោះទេ

  • 2019-05-08 07:24:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយ​ឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ​នៃ​កងយោធពលខេមរភូមិន្ទ បាន​ថ្លែង​បញ្ជាក់​ថា "សមយុទ្ធ​ហនុមាន​មាស ២០១៩" មិនមែន​ជាការ​គំរាមកំហែង​ទៅ​ប្រទេស​ជិតខាង ឬយកទ័ព​ទៅវាយ​ប្រទេស​ជិតខាង​នោះទេ តែគឺជា​ការ​ពង្រឹង​ទៅលើ​កងយុទ្ធពលខេមរភូមិន្ទ ដើម្បីពង្រឹង​វិស័យ​ការងារ​ការពារ​ជាតិ។ ការថ្លែង​នេះ ធ្វើឡើង​នៅក្នុង​ពិធី​បិទ "សមយុទ្ធ​ហនុមានមាស ២០១៩" កាលពីព្រឹក​ថ្ងៃទី៨ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ទីលាន​បាញ់​គ្រាប់ពិត​តេជោ​សែនជុំគិរី​របស់​កងពលតូច​លេខ៧០ ស្ថិតនៅ​ភូមិត្រពាំងវែង ឃុំត្រពាំងវែង ស្រុក​ជុំគិរី ខេត្ត​កំពត។

លោក​ក៏បាន​ប្រកាសដែរ​ថា កង​យុទ្ធពល​ខេមរភូមិន្ទ ប្រឆាំង​ដាច់ខាត​ពួកអមិត្ត​ដែលមាន​បំណង​ចង់​បំភ្លេចបំផ្លាញ​សន្តិភាព និងការ​អភិវឌ្ឍ​ដែល​កំពុងតែ​មាននា​ពេលបច្ចុប្បន្ន នៅក្នុង​ប្រទេស​កម្ពុជា។

«សន្តិភាព​មិនអាច​រកបាន​ដោយងាយ​ដូច្នេះ​យើង​ទាំងអស់​គ្នា​ត្រូវតែ​ការពារ​ឲ្យបាន​ដាច់ខាត​ទោះក្នុង​តម្លៃ​ណាក៏ដោយ។ ទោះក្នុង​លក្ខណៈ​ណា​ក៏ដោយ ដែល​ប្រើប្រាស់​នូវគ្រប់​រូបភាព​ចំពោះ​ដែល​ប្រើប្រាស់​នូវ​គ្រប់រូបភាព​ចំពោះក្តី ជា​បុគ្គល​ក្តី​ដែលចង់​បំផ្លាញ​សន្តិភាព​ យើងត្រូវតែ​ប្រឆាំង​ដាច់ខាត នឹងមាន​វិធានការ​ផ្លូវច្បាប់ ចំពោះ​អ្នកណា​ចង់​បំផ្លាញ​សន្តិភាព»។ នេះជាការលើកឡើង​បន្ថែម​របស់​លោក​អគ្គមេបញ្ជាការ។

សូម​ជម្រាប​ថា សមយុទ្ធនេះ​ចាប់ផ្តើម​ធ្វើឡើង​កាលពី​ព្រឹកថ្ងៃទី​៤ ខែ​ឧសភា ឆ្នាំ​២០១៩ ដោយមាន​កម្លាំង​យោធា​ចូលរួម​ចំនួន ១៥៩៥​នាក់។ អាវុធ​យុទ្ធភណ្ឌ​ដែល​ប្រើប្រាស់​ក្នុង​សមយុទ្ធ​នេះ មាន​ដូចជា កាំភ្លើងធំ ១៥២មម និង ១២២មម កាំភ្លើង ២៣មម កាំភ្លើង៣៧មម កាំភ្លើង BM21 RM70 រថក្រោះ រថពាសដែក រថយន្តពេទ្យ រថយន្តពន្លត់អគ្គិភ័យ រថយន្តដឹកជញ្ជូន និង​ឧទ្ធម្ភាគចក្រ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;