សុខ ធី មានពាក្យអ្វី និយាយទៅកាន់អ្នកគាំទ្រ មុនការប្រកួតមួយថ្ងៃ?
- 2019-05-09 05:13:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខ ធី មានពាក្យអ្វី និយាយទៅកាន់អ្នកគាំទ្រ មុនការប្រកួតមួយថ្ងៃ?
ចន្លោះមិនឃើញ
សុខ ធី នឹងត្រូវប៉ះកំពូលកីឡាករថៃ រ៉ត ថាំង នៅសង្វៀន ONE Championship នាថ្ងៃទី១០ ខែឧសភាស្អែកនេះ នៅ Impact Arena មឿងថង ថានី ភាគខាងជើងក្រុងថេប ប្រទេសថៃ។
តើមុនប្រកួតមួយថ្ងៃ សុខ ធី និងគ្រូបង្វឹក មានពាក្យអ្វី និយាយទៅកាន់អ្នកគាំទ្រនៅកម្ពុជា?
នៅក្នុងបទសម្ភាសន៍ជាមួយ [ខ្លីៗ] និងក្រុមអ្នកសារព័ត៌មានកម្ពុជា សុខ ធី បាននិយាយ៖ "ខ្ញុំនឹងធ្វើឲ្យអស់សមត្ថភាព ធ្វើឲ្យបានល្អតាមដែលអាចធ្វើទៅបាន។ លោកគ្រូ បានប្រាប់ពីយុទ្ធសាស្រ្ដប្រកួត និងសិក្សាពីចំណុចខ្លាំង និងចំណុចខ្សោយគេផងដែរ"។
ចំពោះមតិរិះគន់ស្ថាបនា ពីក្បាច់វាយចេញយឺត សុខ ធី បានឆ្លើយតបថា៖ "ខ្ញុំពិបាកនឹងកែរបៀបវាយនេះណាស់ ដោយសារតែខ្ញុំបានហាត់តាំងពីតូចមក។ ខ្ញុំទទួលស្គាល់ថាខ្ញុំវាយចេញយឺត ប៉ុន្តែវាមានទម្ងន់ធ្ងន់ ហើយច្បាស់។ បើខ្ញុំព្យាយាមវាយលឿន ហើយមិនត្រូវចំគោលដៅ គឺមិនត្រឹមតែអត់ពិន្ទុទេ គឺត្រូវអស់កម្លាំងខ្លួនឯងទៀតផង"។
ចំណែកលោក សាន សៅយ៉ាន់ ដែលជាគ្រូបង្វឹករបស់សុខ ធី បានបញ្ជាក់ថា៖ "ខ្ញុំសង្ឃឹម ៥០-៥០ មិនហ៊ានសង្ឃឹមខ្ពស់ទេ ដោយសារគេជាកំពូលកីឡាករម្នាក់ ដែលគេប្រៀបទៅនឹងមនុស្សដែក វ៉ៃមិនចេះឈឺ។ យ៉ាងណា យើងបានត្រៀមរួចរាល់អស់ហើយ"។
រីឯលោក ហ៊ុន ច័ន្ទរាជ្យ ប្រធានក្លឹប Cambodian Top Team ដែលដឹកនាំសុខ ធី មកប្រកួតនាពេលនេះ បានលើកឡើងថា៖ "មតិដែលលើកឡើងថាកីឡាករសុខ ធី ប៉ះ រ៉តថាំង ដូចពងមាន់ ប៉ះដុំថ្មី គឺជាការយល់ខុស។ សុខ ធី មានឈ្មោះល្បីនៅថៃ ហើយខ្ញុំជឿជាក់ថា ការប្រកួតនេះនឹងកក្រើក ដោយសារក្បាច់ប្រកួតរបស់កីឡាករទាំង២ ស្រដៀងគ្នា។ អ្នកស្គាល់សុខ ធី ប្រាកដជាដឹងពី ច្បាស់ពីសមត្ថភាព សុខ ធី ចំណែកខាងកម្មវិធីធំដូច ONE ក៏បានដឹងដែរ ទើបគេចាប់គូឲ្យប៉ះកីឡាករខ្លាំង ដូចជា រ៉តថាំង។ បើគេមិនគិតថាសុខធីខ្លាំង គេក៏មិនដាក់ឲ្យប៉ះរ៉តថាំងដែរ"។
លោក ច័ន្ទរាជ្យ បានបន្ថែមថា៖ "ពីរប្រកួតកន្លងមក សុខ ធី ចាញ់មែន ប៉ុន្តែចាញ់កីឡាករជើងចាស់របស់ថៃ លឺតសិលា ដោយពិន្ទុយ៉ាងជក់ចិត្ត។ ដោយសារតែឃើញក្បាច់ប្រកួតរបស់សុខ ធី ល្អ ទើប ONE Championship ដាក់ឲ្យសុខ ធី ប្រកួតទល់នឹងរ៉តថាំង នាពេលនេះ។ ការប្រកួតនេះ ក៏ជាការសាងកេរ្តិ៍ឈ្មោះគុនខ្មែរ ឲ្យកាន់តែមានឈ្មោះផងដែរ"៕