លោក ថោង ខុន៖ ហាង​របស់​ជនជាតិ​ចិន អាច​ដាក់​ស្លាកឈ្មោះ​ជា​អក្សរចិន​នៅផ្នែក​កណ្តាល​បាន

  • 2019-05-10 03:31:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ថោង ខុន រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ បាន​លើកឡើង​ដល់បញ្ហា​ស្លាក​សញ្ញា​សម្គាល់​ឈ្មោះ​ហាង​ផងដែរ ដោយបាន​បន្ត​លើក​ទឹកចិត្ត​ឱ្យម្ចាស់​ហាង ឬ​ក្រុមហ៊ុន​ទាំងអស់​នៅ​កម្ពុជា ត្រូវដាក់​អក្សរខ្មែរ​នៅផ្នែក​ខាងលើ ដាក់​អក្សរ​អង់គ្លេស​នៅផ្នែក​កណ្ដាល តែត្រូវមាន​ទំហំ​តូចជាង​ពាក់កណ្ដាល​នៃ​អក្សរខ្មែរ​ដែលនៅ​ខាងលើ​នោះ ចំណែកឯ​ផ្នែក​ខាងក្រោម​បង្អស់ ម្ចាស់​អាជីកម្ម​អាចដាក់​ជាអក្សរ​ប្រទេសទីបី​បាន ដូចជា អក្សរចិន ជប៉ុន កូរ៉េ ថៃ បារាំង​ជាដើម។

ត្រង់​ចំណុច​នេះ លោកបាន​ឱ្យដឹង​ទៀត​ថា ចំពោះ​ហាង​របស់​ជនជាតិ​ចិន អាចដាក់​អក្សរចិន​នៅផ្នែក​កណ្ដាល​ក៏បាន តែដាច់​ខាតត្រូវ​ដាក់អក្សរខ្មែរ​នៅផ្នែក​ខាងលើ ហើយត្រូវតែ​ធំជាង​ពាក់កណ្ដាល​នៃអក្សរចិន​នោះ ពោលគឺ​មិនអាចជៀសវាង​ការប្រើប្រាស់​ភាសាអង់គ្លេស​បានឡើយ ពីព្រោះ​ដោយសារ​ប្រទេស​កម្ពុជា ជា​គោលដៅ​ទេសចរណ៍​ចម្រុះ​ជាតិសាសន៍ មិនមែន​មានតែ​ទេសចរចិន​ប៉ុណ្ណោះ​ទេ។

ការ​ថ្លែងខាងលើ​នេះ ធ្វើឡើង​ក្នុងកិច្ចប្រជុំ​ពេញអង្គ​លើកទី១ អាណត្តិទី៦ របស់​គណៈកម្មការ​អន្តរ​ក្រសួង ដើម្បី​សម្របសម្រួល​ការធ្វើដំណើរ និង​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ និងអ្នក​ដំណើរ​នៅតំបន់​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ និង​ច្រកទ្វារ​អន្តរជាតិ​ទូទាំង​ប្រទេស នាថ្ងៃទី​០៨ ខែ​ឧសភា ឆ្នាំ​២០១៩ នៅទីស្ដីការ​ក្រសួង​ទេសចរណ៍។

ជាមួយគ្នា​នោះ លោក​រដ្ឋមន្រ្តី​បាន​រិះគន់​ចំពោះ​មន្ត្រី​អ្នកផ្សព្វផ្សាយ​ឯកសារ​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្ត​ដល់ម្ចាស់​អាជីវកម្មជា​ជនជាតិ​ចិន​ថា មិន​បកប្រែ​ឯកសារ​ទាំងនោះ​ទៅជា​ភាសាចិន និងបាន​ណែនាំដល់​មន្ទីរ​ទេសចរណ៍ ផ្នែកពាក់ព័ន្ធ​ទាំងអស់​ត្រូវយកចិត្តទុកដាក់​ខ្ពស់ចំពោះ​ម្ចាស់អាជីវកម្ម​ជាជនជាតិ​ចិន ពិសេស​ត្រូវហៅ​ពួកគេ​មកផ្សព្វផ្សាយ​ពីច្បាប់ លិខិតបទដ្ឋានគតិ​យុត្តនានា ដោយត្រូវ​បកប្រែ ឬពន្យល់ជា​ភាសាចិន​ផងទើប​បាន។

លោកថា កន្លងមក​ជារឿយៗ តែមាន​ការប្រជុំផ្សព្វផ្សាយ​ពីឯកសារ​ច្បាប់ និងលិខិតបទដ្ឋាន​គតិយុត្តនានា ទៅដល់​ម្ចាស់​អាជីវកម្ម​ទេសចរណ៍ ប៉ុន្តែ​ភាពខ្លះ​ចន្លោះមួយ​ចំនួន​ក៏កើតមានឡើង​ផងដែរ ដូចជាការ​មិនសូវ​អញ្ជើញ​ម្ចាស់​អាជីវកម្ម​ជាជនជាតិចិន​ឱ្យបាន​ច្រើន ជូនកាល​អញ្ជើញមក​ហើយ បែរជាគ្មាន​ការបកប្រែ​ឯកសារ​ជាភាសាចិន ឬគ្មានការ​ពន្យល់​ជាភាសាចិន​ជាដើម។

បើតាម​លោក ថោង ខុន ជនជាតិចិនខ្លះ​មិនចេះ​ភាសាអង់គ្លេស ក៏រឹត​តែមិនចេះភាសាខ្មែរ​ផង បើគ្មាន​ការបកប្រែ ឬពន្យល់ជា​ភាសាចិន​ឱ្យពួកគេ​ទេ ក៏គ្មាន​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​ត្រឹមត្រូវ​តាមច្បាប់​ដែរ ដូច្នេះ​គ្រប់​មន្ទីរ​ទេសចរណ៍ និងផ្នែក​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​គិតគូរ​ឡើងវិញ​លើ​បញ្ហា​នេះ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;