ប្រវត្តិ​ខេត្ត​បន្ទាយមានជ័យ និងប្រវត្តិ​អភិបាល​ខេត្ត​ថ្មី លោក អ៊ុំ រាត្រី

  • 2019-05-10 08:36:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រះ​មហាក្សត្រ បាន​ចេញព្រះរាជ្យក្រឹត្យ​នៅថ្ងៃទី៨ ខែ​ឧសភា ឆ្នាំ​២០១៩​ ត្រាស់​បង្គាប់​តែងតាំង​លោក អ៊ុំ រាត្រី ជា​អភិបាលខេត្ត​បន្ទាយមានជ័យ ជំនួស​លោក សួន បវរ ដែល​ត្រូវ​ផ្ទេរភារកិច្ច​ទៅ​បម្រើការងារ​នៅទីស្តីការ​ក្រសួង​មហាផ្ទៃ។

តើ លោក​អ៊ុ រាត្រី ជា​នរណា​?

​លោក អ៊ុ រាត្រី កើត​នៅ​ថ្ងៃទី​១៣​ ខែមិថុនា​ ឆ្នាំ​១៩៦៩ ក្នុង​ត្រកូល​កសិករ ហើយពី​តូច​ដល់​ធំ​ដឹងក្តី លោក​រស់នៅ​ភូមិ​ផាស៊ី​ស្រា ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបាត់ដំបង (​បច្ចុប្បន្ន​ខេត្តបន្ទាយមានជ័យ​)​។

លោក អ៊ុំ រាត្រី ក្នុងថ្ងៃ​ចូលកាន់តំណែង​ជាផ្លូវការ
​លោក​បាន​រៀន​ចំណេះដឹង​ទូទៅ​​ ពីថ្នាក់​បឋមសិក្សា​ ដល់​មធ្យមសិក្សា​ទុតិយភូមិ នៅ​ស្រុក​មង្គល​បូរី ហើយ​បន្ត​សិក្សា​​បរិញ្ញាប័ត្រ នៅ​សាកល​រី​ទ្យា​ល័យ​សេដ្ឋកិច្ច​នៅ​ក្រុងភ្នំពេញ និង​សញ្ញាប័ត្រ​បរិញ្ញាប័ត្រ​ជាន់ខ្ពស់ ជំនាញ​គ្រប់គ្រង​ពាណិជ្ជកម្ម (MBA) នៅ​ខេត្តបន្ទាយមានជ័យ។​

​លោក​បាន​រៀបការ​ជាមួយ​អ្នកស្រី ជ័យ ណា​រី បង្កើត​ចំណង​គ្រួសារ​បានកូន​៤​នាក់ ក្នុង​នោះបាន​រៀបការ​២​នាក់​ហើយ​។​

​ក្នុង​ជិវិត​ការងារ លោក​បាន​ចូល​បម្រើ​ជា​មន្ត្រី​ក្របខណ្ឌ​ក្រសួងមហាផ្ទៃ នៅ​សាលាខេត្ត​បន្ទាយមានជ័យ រួច​ឡើងជា​អភិបាលរង​ស្រុក​មង្គល​បូរី​ ជា​អភិបាលក្រុង​សិរីសោភ័ណ រួច​ជា​អភិបាលរង​ខេត្តបន្ទាយមានជ័យ​ (យូរ​ជាងគេ)​។ ឥឡូវ​លោក​ជា​អភិបាលខេត្ត​បន្ទាយមានជ័យ តាម​ព្រះរាជក្រឹត្យ​លេខ នសរកត ៥៩៤ ចុះ​ថ្ងៃទី​៨​ ខែឧសភា​ ឆ្នាំ​២០១៩ របស់​ព្រះករុណា​សម្តេចព្រះ​នរោត្តម សីហមុនី ព្រះមហាក្សត្រ​។ លោក​ជា​អភិបាលខេត្ត​ទី​១១ បើ​គិតពី​បង្កើត​ និង​ដំណើរការ​ខេត្ត​នេះ​ពី​ឆ្នាំ​១៩៨៨​មក​។​

ចុចអាន៖ តើ​ខេត្ត​បន្ទាយមានជ័យ មានអភិបាល​ប៉ុន្មាន​ហើយ ចាប់ពីឆ្នាំ ១៩៨៨ មក?

ការបង្កើត​ខេត្ត ភូមិសាស្ត្រ រដ្ឋបាល​និង​ពលរដ្ឋ៖

​ខេត្តបន្ទាយមានជ័យ​ បង្កើតឡើង​ដោយ​អនុ​ក្រឹត្យច្បាប់​លេខ​៣២ ក្រ​.​ច ចុះ​ថ្ងៃទី​២៣​ ខែមករា ​ឆ្នាំ​១៩៨៧ របស់​ក្រុមប្រឹក្សារដ្ឋ និង​កំណត់​ព្រំប្រទល់​ខេត្ត ដោយ​អនុក្រឹត្យ​លេខ​ ១០​ អនក្រ ​ចុះ​ថ្ងៃទី​៤​ ខែមេសា​ ឆ្នាំ​១៩៨៧ របស់​ក្រុមប្រឹក្សារដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​។

​​ខេត្ត​នេះ ត្រូវ​ប្រកាស​ឲ្យ​ដំណើរការ​ការងារ (​សម្ពោធ​ខេត្ត​) ជា​ផ្លូវការ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៨៨ ក្រោម​អធិបតី​លោក ប៊ូ ថង អនុប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ត្រី​។ ខេត្ត​នេះ ត្រូវ​បំបែក​ពី​អតីត​ ៥​ស្រុក​ខាងជើង​ខេត្តបាត់ដំបង មុន​ឆ្នាំ​១៩៨៨ បូក​ស្រុក​បន្ទាយ​អម្ពិល នៃ​អតីត​ខេត្តសៀមរាប​-​ឧ​ត្ត​រ​មានជ័យ​។​

​ខេត្ត​នេះមាន​ចម្ងាយ​ ៣៥៩​គម ភាគ​ពាយ័ព្យ​រាជធានី​ភ្នំពេញ​។ មាន​ព្រំប្រទល់​ខាងកើត​ជាប់​នឹង​ខេត្តសៀមរាប ខាងលិច​ជាប់​នឹង​ប្រទេស​ថៃ ខាងជើង​ជាប់​នឹង​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ជាប់​នឹង​ប្រទេស​ថៃ​ ខាងត្បូង​ជាប់​នឹង​ខេត្តបាត់ដំបង​។ ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ថៃ ប្រវែង​១៥៣​គម ដែលមាន​ស្រុក​ម៉ាឡៃ ក្រុង​ប៉ោយប៉ែត ស្រុក​អូរជ្រៅ ស្រុក​ស្វាយចេក ស្រុក​ថ្មពួក​។​

​ភូមិសាស្ត្រ​ការគ្រប់គ្រង​រដ្ឋបាល ខេត្ត​មាន​ផ្ទៃ​សរុប ៦៦៧៩​គីឡូម៉ែត្រ​ក្រឡា​។ រដ្ឋបាលខេត្ត​ចែកជា​២​ក្រុង គឺ​ក្រុង​សិរីសោភ័ណ​និង​​ក្រុង​ប៉ោយប៉ែត​ និង​៧​ស្រុក គឺស្រុកមង្គល​បូរី ព្រះនេត្រព្រះ ភ្នំស្រុក អូរជ្រៅ ស្វាយចេក ថ្មពួក​និង​ម៉ាឡៃ។​ ក្រុង-ស្រុកទាំង ៩ ចែកចេញ​ជា ១០​សង្កាត់ ​និង ​៥៥​ឃុំ។​

ប្រវត្តិ​ឈ្មោះ “​បន្ទាយមានជ័យ"

យោង​ប្រភពពី​មន្ត្រីរដ្ឋបាល បាន​ឲ្យ​ដឹងថា ឈ្មោះ​បន្ទាយមានជ័យ មកពី​ការ​សម្គាល់​បន្ទាយ​នៃ​កងទ័ព​អំឡុង​ទសវត្សរ៍​ទី​៨០ បូក​មានជ័យ មានន័យថា ឈ្នះ​ឬ​ជោគជ័យ​។ គឺ​ជោគជ័យ​តាំងពី​យុទ្ធនាការ​រដូវក្តៅ​ឆ្នាំ​១៩៨៤-៨៥ មក ទើប​រដ្ឋអំណាច​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បង្កើត​ខេត្តបន្ទាយមានជ័យ​ជា​ខេត្ត​ទី​២២ ក្នុង​ឆ្នាំ​១៩៨៧ និង​សម្ពោធ​ដំណើរការ​ឆ្នាំ​១៩៨៨​។​

​គិត​ចាប់តាំងពី​ដំណើរការ​រដ្ឋបាលខេត្ត​ពីថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​១៩៨៨ មក ខេត្តបន្ទាយមានជ័យ មាន​ថ្នាក់ដឹកនាំ​ (​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​, អភិបាលខេត្ត​) ចំនួន​១១​រូប​ហើយ ដែល​រួមមាន ១- សម​មិត្ត អ៊ិត លឿ (១៩៨៨-១៩៩២) ២- លោក ម៉ោញ កុសល (១៩៩២-១៩៩៤) ៣- លោក ដូង ខែម (១៩៩៤-១៩៩៩) ៤- លោក ថាច់ ឃ​ន (១៩៩៩-២០០៤) ៥- លោក ហេង ចាន់ថា (២០០៤- ២០០៦) ៦- លោក អន ស៊ុ (២០០៦-២០០៨) ៧- លោក អ៊ុង អឿន (២០០៨- ២០១៣) ៨- លោក ទ្រី ណារិន (២០១៣) ៩- លោក គោ​ស៊ុ សារឿ​ត (២០៣-២០១៦) ១០- លោក សួន បវរ (២០១៦-២០១៩) និង ១១-​លោក អ៊ុ រាត្រី (២០១៩- បច្ចុប្បន្ន​)៕

ប្រភព៖ រស្មីកម្ពុជា

អត្ថបទថ្មី
;