សុខ ធី ថា​មិនបាក់​ទឹកចិត្ត​នោះទេ ព្រោះ​ជួប​កីឡាករ​ខ្លាំងដូច​ Rodtang ទោះ​ត្រូវ​សន្លប់​លើកដំបូង​ក្នុងអាជីព

  • 2019-05-11 03:45:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកប្រដាល់​គុនខ្មែរ សុខ ធី ត្រូវ​បាន​អាជ្ញាកណ្ដាល​បញ្ឈប់​ត្រឹម​ទឹក​ទី២ ក្រោយ​រង​របួស​ជើង ពេល​ប្រកួត​ទល់​នឹង Rodtang នៅ ONE Championship កាលពីយប់ថ្ងៃទី១០ ខែឧសភា។ នេះ​ជា​លើក​ទី១ សម្រាប់ សុខ ធី ដែល​ត្រូវ​បាន​អាជ្ញាកណ្ដាល​បញ្ឈប់​បែបនេះ ក្រោយ​ឆ្លងកាត់​ការប្រកួត​ប្រមាណ​ជាង ៣០០ដង​កន្លងមក។

រូបភាព៖ ONE Championship
ក្រោយ​ចប់ការប្រកួត សុខ ធី បាន​ថ្លែង​ប្រាប់ថា បើគិត​ពីកម្រិត​សមត្ថភាព គឺខ្លួននៅលំដាប់ B ខណៈ Rodtang គឺ​នៅ​លំដាប់ A។ សុខ ធី ថា​ខ្លួនត្រូវការពេលពីរបីឆ្នាំអីទៀត ទើប​អាច​ដល់​កម្រិត​របស់ Rodtang បាន។ យ៉ាងណាក្ដី អ្នកប្រដាល់​វ័យ ២១ឆ្នាំ មកពីខេត្ត​បន្ទាយមានជ័យ បានអះអាង​ថា​ខ្លួន មិន​បាក់​ទឹកចិត្ត​នោះទេ។

សុខ ធី បញ្ចាក់ថា៖ "ខ្ញុំអត់ខ្លាចគេទេ ហើយក៏អត់ស្ដាយក្រោយ ឬបាក់ទឹកចិត្តអីដែរ ព្រោះខ្ញុំបានជួបកីឡាករកំពូល​ម្នាក់ ដែល​បាន​វាយ​ឈ្នះ​កីឡាករ​ថៃ​ជាច្រើន​មកហើយក្នុងប្រភេទ​គីឡូនេះ។ ការ​វាយ​ជាមួយអ្នកល្អដូច Rodtang គឺអាច​ឲ្យ​ខ្ញុំ​សិក្សា​ពីចំណុច​ខ្វះខាត​របស់​ខ្លួនឯង យកទៅ​កែប្រែ ឬហ្វឹកហាត់​ពង្រឹង​បន្ថែមទៀត"​។

រូបភាព៖ ONE Championship

សូមបញ្ជាក់ថា Rodtang បាន​ទាត់​ជើង​សុខ ធី ឲ្យ​អាជ្ញាកណ្ដាល​រាប់​លើកទី១ នៅ​ចុង​ទឹកទី១ មុន​បន្ត​ទាត់​សន្ធាប់​ថែមទៀត​នៅ​ទឹក​ទី២ រហូត​ធ្វើ​ឲ្យ​សុខ ធី ដួល ងើប​ប្រកួត​បន្ត​លែង​កើត។ នេះ​ជា​ជ័យជម្នះ​លើក​ទី៤ របស់ Rodtang ក្នុង​ ៤ប្រកួត​នៅ ONE Championship ដែល​ធ្វើ​ឲ្យ​កីឡាករ​រូបនេះ អាចនឹងឡើង​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នាប្រកួត​បន្ទាប់។ ចំណែក សុខ ធី បាន​ចាញ់​ជាលើកទី៣ ក្នុង ៣ប្រកួត​នៅ​ស្ថាប័នធំបំផុត​ប្រចាំ​ទ្វីបអាស៊ីមួយនេះ៕

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;