ក្រសួងសុខាភិបាល ប្រកាស​​ហាម​លក់ និង​ប្រើប្រាស់ឱសថ​លាប​ពង្រីក​ប្រដាប់​ភេទ​បុរស​១ប្រភេទ

  • 2019-05-12 01:41:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងសុខាភិបាល បាន​ប្រកាស​ហាមលក់ និងប្រើប្រាស់​ឱសថ​លាប​ប្រដាប់ភេទ​បុរស​ឈ្មោះ ENLARGE OIL។ ក្រសួង​បានបញ្ជាក់ថា៖ "សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ជ្រាបថា គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះថា Medical Health Care កំពុង​ផ្សព្វផ្សាយ​លក់​ឱសថ​លាប​ប្រដាប់​ភេទបុរស​ឈ្មោះ ENLARGE OIL មួយ​ដប​ចំណុះ ៣០ ml គ្មាន​អាសយដ្ឋាន​ផលិត​ច្បាស់លាស់ គ្មាន​ក្រុមហ៊ុន​នាំចូល​ត្រឹមត្រូវ គ្មាន​ចុះបញ្ជី​កា គ្មាន​ការត្រួតពិនិត្យ​គុណភាព និងគ្មាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល​ឡើយ"។

នៅ​ក្នុង​សេចក្ដីប្រកាសនោះ ក្រសួង​បានបញ្ជាក់ថា ទំព័រ​ហ្វេសប៊ុក​ខាងលើ បាន​ផ្សព្វផ្សាយ ភូត​កុ​ហក បោកប្រាស់ និងបំផ្លើស​​ហួស​ពី​ការពិត គ្មាន​មូលដ្ឋាន។

ក្រសួងសុខាភិបាល បាន​បន្ថែមថា ដើម្បី ចៀសវាង​ខាតបង់​ប្រាក់ និង​ប៉ះពាល់​ដល់​សុខភាព ឬ អាច​ឈានដល់​បាត់បង់​អាយុជីវិត របស់​អ្នកប្រើប្រាស់​ទៀត​នោះ ក្រសួងសុខាភិបាល សូមឱ្យ​សាធារណជន ឈប់​ជឿ​ការឃោសនា​បោកប្រាស់​ភូតកុហក​ខាងលើ និង បញ្ឈប់​ការប្រើប្រាស់ ឱសថ​លាប​ប្រដាប់​ភេទបុរស​ឈ្មោះ ENLARGE OIL ជាបន្ទាន់ ។

​ជាមួយគ្នានេះ ក្រសួងសុខាភិបាល​បានប្រកាស​បញ្ជា​ឱ្យ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Medical Health Care បញ្ឈប់​ជាបន្ទាន់​នូវ​ការប្រកាស​ផ្សព្វផ្សាយ​លក់ ចែកចាយ ផលិតផល ENLARGE OIL ខាងលើនេះ​បន្តទៀត ហើយ​ប្រមូល​ផលិតផល​ទាំងនេះ​មកវិញ ដើម្បី​កម្ទេចចោល ហើយ​ថា​ក្រសួង​នឹងមាន​វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ម្ចាស់​គណនី Medical Health Care នេះ​តាមច្បាប់​ជា​ធរមាន ។​

​សេចក្តីប្រកាស​ដដែល​នេះ បាន​បន្ថែមថា ករណី​បានឃើញ​អ្នកប្រើប្រាស់ លក់ ឬ ចែកចាយ​ផលិតផល​ខាងលើនេះ សូម​ផ្តល់ព័ត៌មាន ឬ ត្រូវការ​ព័ត៌មាន​បន្ថែម​ពី​នាយកដ្ឋាន​ឱសថ ចំណីអាហារ បិ​រ​ក្ខា​ពេទ្យ និងគ្រឿងសម្អាង តាមរយៈ​ទូរស័ព្ទ​លេខ ០៩៥ ៣៥៩ ៣៩៩ ឬ ០១២ ៩៨៣ ៣៣៤៕

ប្រភព៖ រស្មីកម្ពុជា

អត្ថបទថ្មី
;