រដ្ឋមន្រ្តី​មហាផ្ទៃ៖ កម្លាំង​នគរបាល​ជាតិ មាន​ស្នាដៃ​បន្សាប​ឥទ្ធិពល​បដិវត្ត​ពណ៌ និង​ទប់ស្កាត់​ភេរវកម្ម​ទាន់​ពេល

  • 2019-05-16 04:04:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេច​ ស ខេង ​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ បានមាន​ប្រសាសន៍​ថា​នៅឆ្នាំ​២០១៨​កន្លង​ទៅ កង​កម្លាំង​នគរបាល​ជាតិ​គ្រប់​ផ្នែក​គ្រប់ថ្នាក់​គ្រប់ជំនាញ​ បាន​ខិតខំ​ប្រឹងប្រែង​យកចិត្ត​ទុកដាក់​បំពេញ​តួនាទី​ស្នូល​របស់ខ្លួន​ប្រកបដោយ​ការ​តស៊ូ​ព្យាយាម​អត់ធ្មត់ និងមាន​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ ដោយ​ការពារ បាននូវ​អធិបតេយ្យជាតិ​បូរណភាព​ទឹកដី ប្រឆាំង​ដាច់ខាត​រាល់ការ​ប៉ុនប៉ង​របស់​ពួកអមិត្ត និង​ពួកឧទ្ទាម​ខុសច្បាប់​ដើម្បី​ការពារ​ជាតិ សាសនា​ ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល​ស្របច្បាប់។ ការថ្លែង​នេះ បានធ្វើឡើង​នៅក្នុង​ទិវា​ខួបអនុស្សាវរីយ៍​លើកទី​៧៤ នៃ​កំណើត​នគរបាល​ជាតិ (១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០១៩) នៅព្រឹក​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៩។

រូបថត៖ ហ្វេសប៊ុកសម្តេច ស ខេង
សម្ដេច​ក្រឡាហោម​បាន​បន្ត​ថា អនុវត្ត​តាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល និង​គោលការណ៍​ដឹកនាំ​របស់​ក្រសួង​មហាផ្ទៃ កងកម្លាំង​នគរបាល​ជាតិ បាន​បង្កើត​នូវស្នាដៃ​ធំៗ​ជាច្រើន​ជួយសង្គមជាតិ​ដូចជា បាន​ទប់ស្កាត់ និង​បន្សាប​ឥទ្ធិពល​នូវ​ឧបាយកល​សកម្មភាព​បដិវត្ត​ពណ៌ ទប់ស្កាត់ និង​បញ្ជា​បាន​នូវ​អំពើ​ភេរវកម្ម បង្ក្រាប​ទាន់ពេល​វេលា​បទឧក្រិដ្ឋ​ឆ្លងដែន ព្រមទាំង​បាន​ការពារ​ប្រកបដោយ​សុវត្ថិភាព​ទាំងស្រុង​នូវ​គោលដៅ​នយោបាយ ​ការទូត​ សេដ្ឋកិច្ច​វប្បធម៌ ក៏ដូចជា​គណៈ​ប្រតិភូ និង​ឥស្សរជន​ជាន់ខ្ពស់​រួមទាំង​បណ្ដា​ព្រឹត្តិការណ៍​ជាតិ និង​អន្តរជាតិ​សំខាន់ៗ រាប់ពាន់​លើក​ដែលបាន​រៀបចំ និង​ប្រព្រឹត្ត​ទៅនៅ​ព្រះ​រាជាណាចក្រ​កម្ពុជា។

សម្តេច ស ខេង បាន​បញ្ជាក់​ទៀត​ថា ផ្អែកតាម​ការពិនិត្យ​វាយតម្លៃ​អំពី​ស្ថានការណ៍​នានា​ក្នុង​សាកលលោក​នាឆ្នាំ​២០១៨​កន្លងទៅ អាច​ព្យាករ​បាន​ថា ឆ្នាំ២០១៩​នេះ សភាពការណ៍​សាកលលោក​នៅតែ​បន្ត​វិវឌ្ឍ​ទៅ​ប្រកបដោយ​ភាព​ស្មុគស្មាញ​ជាច្រើន​ទៀត ជាពិសេស​ព្រឹត្តិការណ៍​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​សន្តិសុខ ដែល​បញ្ហា​ទាំងនោះ​ អាច​បង្កឲ្យ​មាន​ផលប៉ះពាល់​ដល់​បរិយាកាស​សន្តិសុខ​នៅក្នុង​តំបន់ ក៏ដូចជា​នៅ​កម្ពុជា​ផងដែរ។ ក្នុង​ខណៈ​ពេល​ដូចគ្នា​នេះ សកម្មភាព​វាយប្រហារ​ ដោយ​អំពើភេរវកម្ម​សកម្មភាព​ឧក្រិដ្ឋកម្មឆ្លងដែន​គ្រប់​ប្រភេទ​ពិសេស​ការជួញដូរ​គ្រឿងញៀន​បទល្មើស​បច្ចេកវិទ្យា​អំពើ​ជួញដូរ​មនុស្ស​ជាពិសេស​ស្ត្រី និង​កុមារ នៅតែ​បន្ត​រីករាល​ដាល​បង្ក​នូវ​បញ្ហា​ប្រឈម និង​ក្តីព្រួយបារម្ភ​នៅក្នុង​សង្គម​ជាតិ​បន្ថែម​ទៀត៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;