សម្តេច ហ៊ុន សែន ទម្លាយ​រូបថតមួយ​បង្ហាញពី​ដំណើរ​សម្ងាត់​ទៅកាន់​ប្រទេស​ថៃ ក្នុងឆ្នាំ​១៩៨៩

  • 2019-05-21 01:39:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាព្រឹក​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៩​ សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​បង្ហោះ​រូបថត​មួយសន្លឹក​លើទំព័រ​ហ្វេសប៊ុក ដោយ​បង្ហាញពី​ការធ្វើដំណើរ​ទៅកាន់​ប្រទេសថៃ ប្រកបដោយ​គ្រោះថ្នាក់។ រូបថត​នេះ ត្រូវបាន​អតីត​អ្នកកាសែត​ជនជាតិប៊ែលហ្សិក បាន​ប្រគល់​ឱ្យ​សម្តេច កាលពីថ្ងៃ​អាទិត្យ​ម្សិលមិញ។

ទិដ្ឋភាព​ក្នុងរូបថត​នេះ ត្រូវបាន​សម្តេច​បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា៖

ថ្ងៃ១៩ កញ្ញា ឆ្នាំ១៩៨៩ ខ្ញុំនិង​ប្រតិភូ​បានធ្វើដំណើរ​ជាសម្ងាត់​ទៅកាន់​ប្រទេសថៃ ដោយឆ្លងកាត់​ស្ពាន​តាមផ្លូវ​រថភ្លើង​នៅ​ប៉ោយប៉ែត ដែលពេលនោះ​សងខាងផ្លូវ ទាំងខាង​កម្ពុជា ទាំងខាងថៃ​សុទ្ធតែ​ជា​ចំការមីន។ ជាងនេះ​ទៅទៀត នៅ​សងខាងផ្លូវ​ប្រមាណ ១គីឡូម៉ែត្រ គឺមាន​កងទ័ព​ត្រីភាគី​ចាំវាយប្រហារ​គ្រប់ពេល​មកលើ​កងទ័ព​រដ្ឋកម្ពុជា​ ដែលនៅឈរ​ជើង​តាមផ្លូវជាតិ​លេខ៥។

ប៉ោយប៉ែត​ពេលនោះ​មាន​ផ្ទះបែកបាក់​តែមួយ​ខ្នង​នៅក្បាល​ស្ពានខាង​កម្ពុជា ក្រៅពីនោះ​គឺសុទ្ធតែ​ព្រៃត្រែង។ យើង​ឆ្លងព្រំដែន​នៅម៉ោងប្រមាណ​២រសៀល ដោយមិនទាន់​ទទួលទាន​អាហារថ្ងៃត្រង់​នៅឡើយ។ អ្នករួមដំណើរ​ជាមួយខ្ញុំ​ឆ្លងកាត់​ស្ពាន​នេះមាន សម្តេច ទៀ បាញ់ ឯកឧត្តម ចម ប្រសិទ្ធ ឯកឧត្តម ចាន់ អ៊ាន ឯកឧត្តម ខាំពូន កែវមុនី និង​ឧត្តមសេនីយ ឡុង សុភាព ដែលពេលនោះ​កាន់មុខតំណែង​ជាមេបញ្ជការ​យោធភូមិភាគ​ទី៤ ដឹកនាំកម្លាំង​ការពារ​ដំណើរ​របស់ខ្ញុំ (ឡុង សុភាព បានមរណភាព​ទៅហើយ)។ ក្រៅពីខាង​កម្ពុជា មានឧត្តមសេនីយ​កងទ័ពថៃ​ម្នាក់ឈ្មោះ ប៊ុនឡត រួមដំណើរ​ដើម្បីសម្រួល​ដំណើរយើង​ឆ្លងកាត់​ព្រំដែន និង​ទំនាក់ទំនង​ជាមួយខាង​ភាគីថៃ។

តើជា​បេសកម្មអ្វី​ទើបសម្ងាត់​បែបនេះ? ខ្ញុំបាន​ដាក់ចេញនូវនយោបាយ​មួយគឺ (អាក្រិតូបនីយកម្មកម្លាំង​ប្រដាប់​អាវុធ និងរដ្ឋបាល​ថៃ) សំដៅ​ទប់ស្កាត់​និង​កាត់បន្ថយ​ការជួយរបស់​ថៃចំពោះ​ខ្មែរក្រហម និងត្រីភាគី​ ដូចនេះ​ហើយ​ទើបមាន​ការជួបគ្នា​ជាសម្ងាត់​រវាងខ្ញុំ​ជាមួយ​ឯកឧត្តម ឆាវវ៉ាលិត យង់ឆៃយុទ្ធ ដែលជា​មេទ័ព​ជើងគោក​ដ៏មាន​ឥទ្ធិពល​របស់ថៃ​នៅថ្ងៃ២៧ តុលា ១៩៨៨ នៅទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ។ ឆ្លងកាត់​ជំនួបនេះ​ ទើបមាន​ទស្យនកិច្ច​របស់ខ្ញុំ​ដោយបើក​ចំហរ​នាទីក្រុង​បាងកក ខែ​មករា ១៩៨៩។

ខ្ញុំធ្វើ​ដំណើរ​ទៅបាងកក​ជាសម្ងាត់​នៅថ្ងៃទី១៩ កញ្ញា ១៩៨៩ ពេលនោះ​ទាក់ទងរវាង​សង្រ្គាម និងសន្តិភាព​នៅកម្ពុជា ដែលអាច​ចាត់ទុកថា​ជាផ្នែកមួយ​នៃការស្វែងរក​សន្តិភាព​សម្រាប់​កម្ពុជា។ ខ្ញុំនិងប្រតិភូ​ឆ្លងដែន​នៅម៉ោង​ប្រហែល២រសៀល ទៅបាយ​នៅអារញ្ញប្រាថេត ជាមួយ​អគ្គបញ្ជាការរង​កងទ័ព​ថៃ រួចហើយ​បន្ត​ដំណើរ​តាមឧទ្ធម្ភាគចក្រ​ ទៅទីក្រុង​បាងកក​ចរចា​ជាសម្ងាត់​ជាមួយ​នាយករដ្ឋមន្ត្រី​ថៃ ឆាតឆៃ ឈុនហាវ៉ាន់និង មេទ័ពជើងគោក​ថៃ ឆាវវ៉ាលិត យង់ឆៃយុទ្ធ នាល្ងាចថ្ងៃទី​១៩ តុលា ១៩៨៩។ ទំនាក់ទំនង​រវាងខ្ញុំ​ជាមួយមេដឹកនាំ​ថៃ​កាន់តែ​ប្រសើរ ដែលនាំ​ដល់ជោគជ័យ​នៃ​នយោបាយឈ្នះ-ឈ្នះ របស់ខ្ញុំ​នាពេលក្រោយ​មកទៀត៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;