មន្រ្តី​ជាន់ខ្ពស់​បក្សកុម្មុយ​នីស្ត​វៀតណាម៖ ការរីក​ចម្រើន​របស់​កម្ពុជា គឺ​ជា​ការ​រីកចម្រើន​របស់​វៀតណាម

  • 2019-05-29 01:31:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Tran Quoc Vuong គណៈលេខា​នៃ​គណៈកម្មាធិការ​មជ្ឈឹម​បក្ស​កុម្មុយនីស្ត​វៀតណាម បានកោត​សរសើរ​ពីការ​រីកចម្រើន​របស់​ប្រទេស​កម្ពុជា ហើយ​បាន​បញ្ជាក់​ថា ការរីក​ចម្រើន​របស់​ប្រទេស​កម្ពុជា គឺជាការ​រីកចម្រើន​របស់​ប្រទេស​វៀតណាម។ លោក​ថ្លែង​ដូច្នេះ​ក្នុងជំនួប​ជាមួយ​សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា កាលពី​ថ្ងៃទី២៨ ខែ​ឧសភា ឆ្នាំ​២០១៩ ក្នុង​ពេលដែល​សម្តេច​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម។

លោក Tran Quoc Vuong ក៏​បាន​បង្ហាញ​ក្តី​រីករាយ​ដែល​ឃើញ​រដ្ឋសភា​កម្ពុជា និង​វៀតណាម មាន​ទំនាក់​ទំនង​ និងកិច្ចសហប្រតិបត្តិការ​យ៉ាងល្អ​នៅក្នុង​ក្របខណ្ឌ​ទ្វេភាគី និង​ពហុ​ភាគី។ ទំនាក់ទំនងដ៏​ល្អ​នេះ គឺជា​ផ្នែក​សំខាន់ ដែលបាន​ទ្រទ្រង់​ដល់ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា និង​វៀតណាម។

ឆ្លៀតនៅក្នុង​ឱកាស​នោះ សម្តេច ហេង សំរិន បានចូលរួម​រំលែកទុក្ខ​ដ៏​ក្រៀមក្រំ និងសោកស្តាយ​បំផុត ជាមួយ​បក្ស រដ្ឋ និង​ប្រជាជន​វៀតណាម ចំពោះ​ការបាត់បង់អ្នក​ដឹកនាំ​មួយរូប​ដ៏ឆ្នើមរបស់ខ្លួន គឺ​លោក ឡេ ឌឹកអាញ់ អតីត​ប្រធានរដ្ឋ​វៀតណាម។ សម្តេចបាន​គូសបញ្ជាក់​ថា ការបាត់បង់​រូប លោក ឡេ ឌឹកអាញ់ គឺជាការ​បាត់បង់​មិត្តដ៏​ជិតស្និទ្ធ​របស់​កម្ពុជា ដែលបាន​រួមចំណែក​ដ៏ធំធេង​ជួយរំដោះ​ប្រជាជន​កម្ពុជា ពីរបបប្រល័យ​ពូជសាសន៍ ប៉ុល ពត ជួយ​ស្តារ កសាង និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឡើងវិញ។

សម្តេច​ប្រធាន​រដ្ឋសភា បានវាយ​តម្លៃខ្ពស់ចំពោះ​ភាពជោគជ័យ និង​សមិទ្ធផល​នានា ដែល​បក្ស រដ្ឋ រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម​សម្រេច​បាន ក្នុងការ​កសាង និង​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស។ សម្តេច​​មាន​ជំនឿមុតមំា​ថា ក្រោមការដឹកនាំរបស់​បក្សកុម្មុយនីស្ត វៀតណាម​នឹង​សម្រេច​បាននូវ​សមិទ្ធផល​ថ្មីៗ​ថែមទៀត ក្នុងការ​អភិវឌ្ឍ​ប្រទេស​ឱ្យ​ក្លាយជា​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន ហើយ​កិត្យានុភាព​របស់​វៀតណាម​លើឆាក​អន្តរជាតិ ត្រូវបាន​លើកកម្ពស់​ជា​បន្តបន្ទាប់៕

អត្ថបទ និងរូបថត៖ រដ្ឋសភាជាតិកម្ពុជា

អត្ថបទថ្មី
;