រដ្ឋមន្រ្តី​កសិកម្ម​ស្នើឱ្យចិន ជួយ​ដល់ការ​បង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ និង​ពិសោធន៍​ពូជ​ឫស្សី និង​រុក្ខជាតិ​ផ្កា

  • 2019-05-29 03:13:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ស្នើឱ្យ​ភាគី​ចិន ពិនិត្យ​ និង​ពិចារណា​ផ្តល់​ការ​គាំទ្រ​ដល់​ការ​បង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ និង​ពិសោធន៍​ពូជ​ឫស្សី និងជា​ពិសេស​ពូជ​រុក្ខជាតិ​ផ្កា រួមជាមួយ​ការរៀបចំ​គម្រោង​សួនច្បារ​គំរូ​មិត្តភាព កម្ពុជា-ចិន ដើម្បី​អភិវឌ្ឍ​វិស័យ​ព្រៃឈើ និងអាច​បង្កើត​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ផងដែរ។

សំណើ​ខាងលើ​នេះ ត្រូវបាន​លើកឡើង​ក្នុង​ជំនួប​រវាង​លោក វេង សាខុន និង​លោកស្រី​សាស្រ្តាចារ្យ Jiang Zehui សហ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​គណៈអភិបាល​របស់​អង្គការ​អន្តរជាតិ​ឫស្សី និង​ផ្តៅ (INBAR) លោក Wang Wentian ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា និង​សហការី​ដើម្បី​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​រវាង​អង្គការ INBAR និង​ក្រសួង​កសិកម្ម កាលពី​ថ្ងៃទី២៨ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួង។

រូបថត៖ ក្រសួងកសិកម្ម
នា​ឱកាស​នេះ លោកស្រី​សាស្ត្រាចារ្យបាន​លើកឡើង​ថា កម្ពុជា​គឺជា​ប្រទេស​ដែលមាន​សក្តានុពល និង​អំណោយផល​ទាំង​ធនធាន​ដី និង​អាកាសធាតុ​សម្រាប់​ការ​ដាំដុះ​ឫស្សី ស្រប​ជាមួយ​កិច្ច​សហប្រតិបត្តិការ​យ៉ាងល្អ និងស៊ី​ជម្រៅ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​ តាមរយៈ​គោលនយោបាយ​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ។ លោកស្រី​ជឿជាក់ថា អង្គការ INBAR នឹងមាន​លទ្ធភាព​ច្រើនក្នុងការ​ជួយឧបត្ថម្ភ គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​ព្រៃឈើ​នៅ​កម្ពុជា។ ទន្ទឹមនឹ​ងនេះ កិច្ច​សហប្រតិបត្តិការ​រវាងភាគី​ទាំងពីរ នឹង​អាចឈាន​ឡើង​ថែមមួយ​កម្រិតទៀត​ សំដៅ​ទៅលើ​ការ​អភិវឌ្ឍ​រុក្ខជាតិ​ផ្កា​នៅ​កម្ពុជា ដែល​ប្រទេស​ចិន​មាន​សក្តានុពល​ខ្ពស់ ទាំង​បច្ចេកទេស​នៃការ​ដាំដុះ និង​ទីផ្សារ។

សូម​ជម្រាប​ថា ក្រោមការ​គ្រប់គ្រង​របស់​ក្រសួងកសិកម្ម បច្ចុប្បន្ន​មាន​សហគមន៍​ព្រៃឈើ​ចំនួន ៦១៤សហគមន៍ លើផ្ទៃដី​ជាង ៥០០​ពាន់​ហិកតា៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;