សម្តេច ហ៊ុន សែន៖ រូប​ទង់ជាតិ​ជប៉ុន​លើ​ក្រដាស​ប្រាក់​ខ្មែរ ៥០០​រៀល គឺជា​ករណី​ដ៏​កម្រ​បំផុត

  • 2019-05-29 07:56:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន​ បាន​លើកឡើង​ថា ក្រដាស​ប្រាក់​ខ្មែរ ៥០០រៀល​ដែល​មាន​រូបស្ពាន​ និង​ទង់ជាតិ​ជប៉ុន គឺ​ជា​ករណី​កម្រ​បំផុត​ដែល​ទង់ជាតិ​នៃ​ប្រទេសមួយ​ បាន​ផុស​ឡើង​នៅ​លើ​ក្រដាស​ប្រាក់​នៃ​ប្រទេស​មួយ​ទៀត។ ការ​ថ្លែងនេះ ក្នុង​សិក្ខាសាលា​ស្តី​អំពី «​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា» នាព្រឹក​ថ្ងៃទី២៩ ខែ​ឧសភា ឆ្នាំ​២០១៩ នៅក្រុង​តូក្យូ ប្រទេស​ជប៉ុន។

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
សម្តេច​នាយករដ្ឋមន្រ្តី បញ្ជាក់​ថា នេះ​ជា​សក្ខីភាព​យ៉ាង​ប្រត្យ័ក្ស​នៃ​ទំនាក់ទំនង​ទ្វេភាគី​ដ៏​ជ្រាលជ្រៅ​រវាង​ប្រទេស​ទាំងពីរ​​កម្ពុជា-ជប៉ុន។

ក្នុង​សិក្ខាសាលា​នេះ សម្តេច ហ៊ុន សែន ក៏​បាន​លើកឡើង​ពី​ការផ្តល់​ជំនួយ​របស់​ជប៉ុន ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ផងដែរ។ ក្នុង​ក្របខណ្ឌ​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​ផ្លូវការ គិតចាប់​ពីឆ្នាំ១៩៩២ ដល់ឆ្នាំ​២០១៨ ​ជប៉ុន​បានផ្តល់​ហិរញ្ញប្បទាន​សហប្រតិបតិ្តការ​ផ្លូវការ​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ប្រមាណ​ជាង ២,៨ពាន់លាន​ដុល្លារអាមេរិក ស្មើនឹង​ប្រមាណ ១៥% នៃហិរញ្ញប្បទាន​សរុប​របស់​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ សម្រាប់​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម​កម្ពុជា។ ទន្ទឹមនឹង​នេះ ជប៉ុនបាន​នឹង​កំពុង​គាំទ្រ​លើគម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​សំខាន់ៗ​ដូចជា ការ​កសាង​ស្ពាន​គីហ្សូណា, ស្ពាន​ត្សឺបាសា, ការធ្វើឱ្យ​ប្រសើរឡើង​នូវកំណាត់ផ្លូវជាតិ​លេខ១ និង​លេខ៥, ការអភិវឌ្ឍ​ស្ថានីយ​កុងតឺន័រ​ថ្មី កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ, និងការ​ធ្វើឱ្យប្រសើរ​ឡើងនូវ​ការការពារ​ទឹកជំនន់​រាជធានីភ្នំពេញ​ជំហានទី៤​ជាដើម។

សូម​រំលឹក​ថា ក្រដាស​ប្រាក់ ៥០០រៀល​គំរូថ្មី​នេះ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ឱ្យ​ចេញផ្សាយ ធ្វើ​ចរាចរ និង​ប្រើប្រាស់​នៅ​ទូទាំង​ប្រទេស កាលពី​ខែ​មករា ឆ្នាំ​២០១៥។

-ផ្ទៃខាងមុខ៖ ផ្នែក​កណ្តាល​នៃ​ក្រដាស​ប្រាក់​នេះ គឺមាន​រំលេចឡើងនូវព្រះឆាយាល័ក្ខណ៍​នៃ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម​ សីហមុនី។

-ចំណែក​ផ្ទៃ​ខាងក្រោយ៖ ផ្នែក​កណ្តាល គឺមាន​រំលេច​ឡើង​ជាស្ពាន​គីហ្សូណា ឆ្លងកាត់​ទន្លេមេគង្គ នៅក្រុង​កំពង់ចាម ហើយ​ផ្នែកខាងស្តាំ មាន​រូប​ស្តូប​អនុស្សាវរីយ៍មិត្តភាព​កម្ពុជា-ជប៉ុន ដែលស្ថិត​នៅក្បាល​ស្ពាន​គីហ្សូណា។ ដោយឡែក​ផ្នែកខាងឆ្វេង​ មាន​រូបភាព​ព្រាលៗនៃ​ផ្នែក​កណ្តាល​របស់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​នៅ​អ្នកលឿង​ (ស្ពាន​ត្សឺបាសា) ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;