វៀតណាម នឹង​ប្រឈម​មុខ​​ការខ្វះ​ថាមពល​អគ្គិសនី​នាពេល​ខាងមុខ​ដ៏ខ្លី

  • 2019-05-30 03:38:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាពេល​អនាគត​ដ៏ខ្លី​ខាងមុខ​នេះ វៀតណាម​អាច​នឹង​ប្រឈម​មុខ​ការ​ខ្វះខាត​ថាមពល​អគ្គិសនី​ ដោយសារតែ​កំណើន​តម្រូវការ។ នេះបើ​តាម​ការ​ចុះផ្សាយ​របស់​ Vietnam News នៅថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៩។

តាម​ការ​លើកឡើង​របស់​អ្នក​ជំនាញ​ក្នុង​សិក្ខា​សាលា​មួយ​នៅ​ទីក្រុង​ហូជីមិញ កាលពី​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៩ ស្តីពី​ការ​ធានា​សន្តិសុខ​ថាមពល ឱ្យដឹងថា ប្រភព​ថាមពល​វារី​អគ្គិសនី​ជាមួយ​តម្លៃទាប​បំផុត ត្រូវបាន​ប្រើប្រាស់​ទាញ​យក​ប្រយោជន៍​ដល់​សក្តានុពល​ពេលលេញ​របស់វា​ទៅហើយ ចំណែក​ថាមពល​ឧស្ម័ន​ ក៏​ត្រូវអស់​បន្តិច​ម្តងៗ​ផងដែរ ដោយ​មិន​អាច​ធានា​បាន​ឡើយ។

ទំនប់​វារីអគ្គិសនីមួយនៅវៀតណាម (រូបថត៖ វិបសាយ Hydroworld)
ចំពោះ​ថាមពល​កកើត​ឡើងវិញ​នៅក្នុង​ប្រទេស​វៀតណាម គឺ​មានការ​វិនិយោគ​តិចតួច​តែប៉ុណ្ណោះ​នៅក្នុង​គម្រោង​ថាមពល​ខ្យល់ ឯ​ថាមពល​សូឡា មានការ​វិនិយោគ​កើនឡើង តែ​ពឹង​ផ្អែកលើ​អាកាស​ធាតុ។ គម្រោង​ថាមពល​សូឡា​ប្រមាណ ៣៣២​គម្រោង នឹង​អាច​ផលិត​អគ្គិសនី​បាន​ជាង ២,៦២ម៉ឺន​មេហ្គាវ៉ាត់ នៅ​ត្រឹម​ឆ្នាំ​២០៣០។

លោក Le Van Luc អនុ​ប្រធាន​នាយកដ្ឋាន​ថាមពល​អគ្គិសនី និង​ថាមពល​កកើត​ឡើងវិញ នៃ​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម បាន​លើកឡើង​ថា ប្រភព​ថាមពល​វារី​អគ្គិសនី ត្រូវបាន​ប៉ាន់​ប្រមាណ​ថា នឹង​ថយ​ចុះ​ពីជាង ២៥​ភាគរយ នៅក្នុង​ឆ្នាំ​២០២០ មកនៅ​ត្រឹម ១២,៤​ភាគរយ នៅក្នុង​ឆ្នាំ​២០៣០។ ចំណែក​ប្រភព​ថាមពល​ធ្យូងថ្ម នឹង​កើនឡើង​បន្ថិច​ពី ៤៩,៣​ភាគរយ ទៅ ៥៣,២​ភាគរយ។

យោងតាម​ផែនការ​ថាមពល​វៀតណាម បង្ហាញ​ថា ចាប់ពីឆ្នាំ​២០១៦ ដល់ ២០២០ ថាមពល​អគ្គិសនី​សរុប ដែល​មកពី​ប្រភព​ថាមពល​ធ្យូងថ្ម គឺ​មាន​ចំនួន ១៣ ៨៥០មេហ្គាវ៉ាត់, ២០២១-២០២៥ កើនឡើង​ដល់ ២១ ៦០០​មេហ្គាវ៉ាត់ តែថយចុះ​វិញមក​ត្រឹម ៨៧០០មេហ្គាវ៉ាត់ ក្នុងឆ្នាំ​២០២៦-២០៣០។

អ្នក​ជំនាញ​លើកឡើង​ថា ត្រឹម​ឆ្នាំ២០៣០ រោងចក្រ​ថាមពល​ធ្យូងថ្ម នឹង​ចូលរួម​ចំណែក ៥៣,២ភាគរយ​នៃ​ថាមពលអគ្គិសនី​សរុប​របស់​វៀតណាម។ ដូច្នេះ​វានឹង​ក្លាយ​ជាជម្រើស​ដ៏​ល្អបំផុត​ទាំង​តម្លៃទាប និង​ប្រភព​ដែលអាច​ជឿជាក់​បាន ប៉ុន្តែ​បញ្ហា​ប្រឈម​នោះគឺ​ខ្វះ​មូលនិធិ ការ​វិនិយោគ និង​ប៉ះពាល់​ដល់​បរិស្ថាន​ផងដែរ៕

ប្រភព៖ Vietnam News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;