រកឃើញ​ជើងឯក Champions League ឆ្នាំនេះ​ហើយ ព្រមទាំង​កំណត់ត្រា​ថ្មី​សំខាន់ៗ

  • 2019-06-02 00:13:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ហង្ស​ក្រហម Liverpool បាន​ក្លាយជា​ជើងឯក UEFA Champions League ឆ្នាំ​២០១៩​នេះ បន្ទាប់ពី​យកឈ្នះ​ក្រុម​មកពី​អង់គ្លេស​ដូចគ្នា​គឺ​មាន់ខ្នាយមាស Tottenham Hotspur ក្នុង​លទ្ធផល ២-០ ក្នុង​វគ្គផ្តាច់ព្រ័ត្រ​កាលពី​យប់មិញ​ ដែល​ធ្វើឡើង​នៅទីក្រុង​ម៉ាឌ្រីត ប្រទេស​អេស្ប៉ាញ។

២គ្រាប់នេះ ធ្វើបាន​ដោយ Mohamed Salah ១គ្រាប់​ជា​ការស៊ុតបាល់​ប៉េណាល់ទី​នៅ​នាទី២ និង​១គ្រាប់​ទៀតជា​ការ​ស៊ុតបញ្ចូលទី​ដោយ Divock Origi នៅ​នាទី៨៧។ ១គ្រាប់​របស់ Salah នេះ គឺជា​គ្រាប់បាល់​លឿន​បំផុតទី២ នៅ​វគ្គផ្តាច់ព្រ័ត្រ UCL ពោលគឺ​ត្រឹមនាទី ១:៤៨ តាមពី​ក្រោយ Paolo Maldini ដែលធ្វើបាន​ឱ្យ AC Milan នៅ​នាទី ០០:៥០ ពេលប្រកួត​ទល់នឹង Liverpool ក្នុងឆ្នាំ​២០០៥។

​កីឡាករ​សញ្ជាតិអេហ្ស៊ីប Salah បាន​ក្លាយ​ជាកីឡាករ​អាហ្វ្រិក​ទី៥ ដែលរក​គ្រាប់បាល់​បាន​នៅក្នុង​វគ្គផ្តាច់ព្រ័ត្រ​ពានអឺរ៉ុប បន្ទាប់​ពី Rabah Madjer, Samuel Eto'o, Didier Drogba និង Sadio Mane។ ឯ Origi ក្លាយ​ជាកីឡាករ​បែលហ្សិកទី២ ដែល​រកគ្រាប់​បាន​នៅវគ្គ​ផ្តាច់ព្រ័ត្រ Champions League បន្ទាប់ពី Yannick Carrasco ដែល​រកគ្រាប់​បាល់​បាន​ឱ្យ Atletico Madrid ពេលប៉ះ Real Madrid នៅក្នុង​ឆ្នាំ​២០១៦។

ជ័យជម្នះ​នេះ បាន​ធ្វើឱ្យ Liverpool លើកពាន Champions League ជា​លើកទី៦ តាមពី​ក្រោយតែ​ពីរក្រុម​ប៉ុណ្ណោះ​គឺ Real Madrid ដែលឈ្នះពាន​នេះ ១៣ដង និង AC Milan ដែលឈ្នះ​ពាន ៧​ដង។ នេះ​ក៏ជា​ការស្តារ​ជ័យជម្នះ​ឡើងវិញ​ផងដែរ បន្ទាប់ពី​បានត្រឹម​ជាជើងឯករង​កាលពី​ឆ្នាំមុន ដោយប្រកួត​ចាញ់ Real Madrid នៅវគ្គ​ផ្តាច់ព្រ័ត្រ។

Klopp គឺ​ជាអ្នក​ចាត់ការទូទៅ​របស់​​ក្រុម Liverpool ទី៤ ដែល​ជួយឱ្យ​ក្រុមនេះ​ឈ្នះ​ពានអឺរ៉ុប បន្ទាប់ពី​លោក Bob Paisley, លោក Joe Fagan និង​លោក Rafael Benitez។ លោកក៏​ជាអ្នកចាត់​ការក្រុមទូទៅ​សញ្ជាតិ​អាល្លឺម៉ង់​ទី៥ ដែល​ដឹកនាំ​ក្រុម​ឈ្នះ​ពានអឺរ៉ុប​ផងដែរ បន្ទាប់ពីលោក Dettmar Cramer, លោក Jupp Heynckes, លោក Ottmar Hitzfeld និង​លោក Udo Lattek ប៉ុន្តែលោក​គឺជនជាតិ​អាល្លឺម៉ង់​ទី២ ដែល​ជួយក្រុម​មិនមែន​នៅលីគ​អាល្លឺម៉ង់ លើកពាន​អឺរ៉ុប (ទី១ គឺ​លោក Heynckes នៅ Real Madrid)។

ក្នុងការ​ប្រកួត​នេះ Liverpool គ្រប់គ្រង​បាល់ ៣៥% ឯ Spurs ៦៥%។ ការណ៍​នេះ បាន​ធ្វើឱ្យ​ក្រុមហង្ស​ក្រហម ក្លាយជា​ក្រុមទី២ ដែលគ្រប់គ្រង​បាល់​បានតិចជាង​គូប្រកួត​នៅវគ្គផ្តាច់ព្រ័ត្រ Champions League ប៉ុន្តែឈ្នះ​ជើងឯក។ ក្រុម Inter Milan ធ្លាប់ធ្វើ​បានដូច្នេះ​ក្រោមការ​ដឹកនាំ​របស់​លោក Jose Mourinho ពេល​ប្រកួត​ឈ្នះ Bayern Munich ក្នុងឆ្នាំ​២០១០។

នេះគឺជា​លើកដំបូង​ហើយ​ក្នុងប្រវត្តិសាស្រ្ត​វគ្គផ្តាច់ព្រ័ត្រ Champions League ដែលគ្មាន​ការពិន័យ​កាតណាមួយ​សោះឡើយ៕

រូបថត៖ UEFA Champions League

សូមទស្សនាវីដេអូ Highlight

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;