ស.ស.ស.ក ចេញ​សេចក្តី​ថ្លែងការណ៍ ​រឿង​មន្រ្តី​គយ​ច្រក​ព្រែកចាក​ប្តឹង​អ្នកកាសែត​ទារសំណង​១០ម៉ឺន​ដុល្លារ

  • 2019-06-05 01:11:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា កាលពី​ថ្ងៃទី០៤ ខែ​មិថុនា បានចេញ​សេចក្តីថ្លែងការណ៍​ពាក់ព័្ធ​ករណី​អ្នក​សារព័ត៌មាន Online ចំនួន​៨រូប រួមទាំង​សហការី​ផ្សេងទៀត ត្រូវបាន​មន្រ្តី​គយច្រក​ព្រែកចាក ខេត្ត​កំពត ដាក់ពាក្យប្តឹង​ទៅកាន់​ព្រះរាជអាជ្ញាអមសាលា​ដំបូងខេត្ត​កំពត ពីបទ«ជេរ​ប្រមាថ​ចំពោះ​អ្នករាជការ​សាធារណៈ, បទ​ប៉ះពាល់ដល់​សិទ្ធិខាងរូបភាព​នៃ​បុគ្គល និង បទជ្រៀតជ្រែក​ដោយ​ខុសច្បាប់​ទៅក្នុង​ការបំពេញ​មុខងារ​សាធារណៈ» ដោយទាមទារ​សំណង​ជាប្រាក់ចំនួន ១០ម៉ឺនដុល្លារ​។

លោក ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ថ្លែងក្នុងសន្និសីទកាសែតមួយនាពេលកន្លងមក
ករណីប្តឹង​ផ្តល់នេះ បាន​ធ្វើឡើង​បន្ទាប់ពីមាន​ហេតុការណ៍​កើតឡើង​នាថ្ងៃទី២៨ ខែ​ឧសភា ឆ្នាំ២០១៩ នៅ​បរិវេណ​ប៉ុស្ដិ៍គយ​ព្រែកចាក ព្រំប្រទល់​កម្ពុជា-វៀតណាម ស្ថិតក្នុង​ខេត្តកំពត រវាង​មន្ដ្រីគយ និងអ្នកសារព័ត៌មាន Online មួយក្រុម ដែលបាន​ចុះយក​ព័ត៌មាន​ពាក់ព័ន្ធ​ការដឹកទំនិញ​ឆ្លងកាត់​ប៉ុស្ដិ៍គយ​ព្រែកចាក ខេត្ត​កំពត។

សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា បានស្នើសុំ​ដល់​ភាគី​ពាក់ព័ន្ធ ព្រមទាំង​ស្ថាប័ន​អនុវត្ត​ច្បាប់ ពិចារណា​ប្រើប្រាស់ ច្បាប់ស្តី​ពីរបប​សារព័តមាន ដើម្បី​អនុវត្ត​លើបណ្តឹង​ដែលពាក់ព័ន្ធ​អ្នកសារព័ត៌មាន ហើយក៏​ស្វាគមន៍​ផងដែរ ប្រសិន​បើភាគី​ទាំងសង្ខាង ឈាន​ដល់ ការព្រមព្រៀង​ផ្សះផ្សា និង​ទម្លាក់​ចោល​ពាក្យ​បណ្តឹង។

ជាមួយគ្នា​នេះ សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា បាន​ធ្វើការ​អំពាវនាវ​ឱ្យ​អ្នកសារព័ត៌មាន មេត្តា​ប្រកាន់​ឲ្យបាន​ខ្ជាប់​ខ្ជួននូវ ក្រម​សីលធម៌​វិជ្ជាជីវៈសារ​ព័ត៌មាន ជាពិសេស​នៅក្នុង​ពេល​ចុះយក ព័ត៌មាន ដោយ​គប្បី​ជៀសវាង​នូវ ការ​គំរាមកំហែង ការ​បំពាន ការរារាំង​តួនាទី​សមត្ថកិច្ច​មន្ត្រី​រាជការ សាធារណៈ ព្រមទាំង​មិនរំលោភ​បំពាន​លើរូបរាង​កាយ សិទ្ធិ តម្លៃ និង​អត្តសញ្ញាណ​បុគ្គល​ឯកជន។ ហើយ​ស្នើសុំ​ដល់ផ្នែក​ពាក់ព័ន្ធ រួមទាំង​មន្ត្រី​អង្គភាពរដ្ឋ ជៀសវាង​ការ​ប្រើពាក្យ​សម្តី​ប្រមាថ ការ​ប៉ះពាល់​រាងកាយ ការ​ឆក់យក សម្ភារៈ​ឧបករណ៍​យក​ព័ត៌មាន និង​បំផ្លាញ​ចោល​សម្ភារៈ​នានា​ទាំងនោះ​របស់​អ្នក​យក​ព័ត៌មាន ដោយ​សហការ​ពេញលេញ​ផ្តល់​ព័ត៌មាន​ដល់​អ្នក​សារព័ត៌មាន ដើម្បីរួមគ្នា​លើក​កម្ពស់ «សិទ្ធិ​ទទួល បាន​ព័ត៌មាន» និងលើក​កម្ពស់​ការផ្សព្វផ្សាយ​ព័ត៌មាន​ដែលមាន​គុណប្រយោជន៍​ដល់​សាធារណជន។

សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​បាន​បញ្ជាក់​ថា ខ្លួននឹង​បន្ត​តាមដាន​ដោយយក​ចិត្តទុកដាក់​បំផុត​ទៅលើ​នីតិវិធី និង​ចំណាត់ការ​នានា​របស់​តុលាការ​ចំពោះ​រឿង​ក្តី​ខាងលើ​នេះ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;