វៀតណាម និង​កម្ពុជា ប្រតិកម្ម​នឹង​នាយក​រដ្ឋមន្រ្តី​សិង្ហបុរី ដែល​ថា «​វៀតណាម​ឈ្លានពាន​ចូល​កម្ពុជា»

  • 2019-06-05 02:06:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ការបរទេស​វៀតណាម បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​ការ​លើកឡើង​របស់​លោក Lee Hsien Loong នាយក​រដ្ឋមន្រ្តី​សិង្ហបុរី​ដែល​ថា ការ​ធ្វើ​អន្តរាគមន៍​របស់​យោធា​វៀតណាម​នៅ​កម្ពុជា ដើម្បី​ប្រយុទ្ធនឹង​ខ្មែរក្រហម ជាការ «ឈ្លានពាន»។ នេះបើ​តាម​ការ​ចុះផ្សាយ​របស់​ Vietnam Express កាលពី​ថ្ងៃទី៤ ខែ​មិថុនា ឆ្នាំ​២០១៩។

លោកស្រី Le Thi Thu Hang ថ្លែងនាពេលកន្លងមក (រូបថត៖ Sputnik News)
លោកស្រី Le Thi Thu Hang អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​វៀតណាម បាន​ថ្លែង​ថា វៀតណាម​មានការ​សោកស្តាយ​ចំពោះ​ការលើកឡើង​បែបនេះ ហើយថាវា​មិន​បាន​ឆ្លុះ​បញ្ចាំងពី​ប្រវត្តិសាស្រ្ត​ពិតឡើយ ដែល​បណ្តាល​ឱ្យមាន​ការ​គិតលើ​ផ្លូវ​អវិជ្ជមាន​របស់​សាធារណៈ​មតិ។

លោកស្រី​បញ្ជាក់​ថា ក្រសួង​ការបរទេស​វៀតណាម នឹង​ពិភាក្សា​ជាមួយ​ក្រសួង​ការបរទេស​សិង្ហបុរី។

អ្នកនាំពាក្យ​រូបនេះ អះអាង​ថា ការ​ចូលរួម​ចំណែក និង​ការ​លះបង់​របស់​វៀតណាម ក្នុង​ការ​ជួយ​ប្រជាជន​កម្ពុជា ដើម្បី​បញ្ចប់​របប​ប្រល័យ​ពូជសាសន៍​របស់​ខ្មែរក្រហម ដែល​នេះ​គឺជា​ការ​ពិត ហើយត្រូវ​បាន​ទទួល​ស្គាល់​យ៉ាង​ទូលំ​ទូលាយ។

ក្នុង​នាម​ជា​សមាជិក​អាស៊ាន វៀតណាម​នឹង​បន្ត​ធ្វើការ​ជាមួយ​សមាជិក​ទាំងអស់ ដើម្បី​កសាង​សហគមន៍​ដ៏រឹងមាំ​មួយ ដែល​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុងតំបន់។ នេះជា​ការ​បញ្ជាក់​បន្ថែម​របស់​លោកស្រី Le Thi Thu Hang។

ប្រតិកម្ម​នេះ ធ្វើឡើង​បន្ទាប់ពី​នាយក​រដ្ឋមន្រ្តីសិង្ហបុរី កាលពី​សប្តាហ៍មុន បាន​បង្ហោះ​សារតាម​ហ្វេសប៊ុក​របស់​លោក ដែល​ជាខ្លឹមសារ​ក្នុងសំបុត្រ​ផ្ញើទៅកាន់រដ្ឋាភិបាល​ថៃ​ដើម្បីចែក​រំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់​អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ​គឺ​ឧត្តមសេនីយ៍​ Prem Tinsulanonda។ នៅ​ក្នុង​សារ​នោះ​ លោក​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី​ បាន​សង្កត់​ធ្ងន់​អំពី​តួនាទី​របស់​អតីត​នាយក​រដ្ឋ​ថៃ​រូប​នោះ​ក្នុង​ការ​ការពារសន្តិសុខ​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​ទសវត្សរ៍​៨០និង​សន្តិសុខ​របស់​សមាជិក​អាស៊ាន​ទាំង​៥ នៅ​ពេល​នោះ​ ដោយទប់ទល់ការ​វាតទីរបស់​ប្រទេសកុម្មុយ​និស្ត​វៀតណាម​ ដែល​បាន​«ឈ្លាន​ពាន»ប្រទេស​កម្ពុជា​ដែល​ស្ថិត​ក្នុង​របប​ខ្មែរក្រហម ​ហើយ​ដែល​ការណ៍​នេះបានរារាំង​ការ​ទទួល​ស្គាល់​រដ្ឋាភិបាល​ទី​ក្រុង​ភ្នំពេញ​ថ្មី​ដែល​កើត​ចេញ​ពី​អន្តរាគមន៍​យោធា​របស់​វៀតណាម​នៅ​ពេល​នោះ។​

លោក Lee Hsien Loong ថ្លែងក្នុងវេទិកា Shangri-La Dialogue កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ​២០១៩ (រូបថត៖ AFP)

VOA បាន​ដកស្រង់​សម្តី​លោក Lee Hsien Loong ដែល​បាន​ថ្លែង​សុន្ទរកថា​ក្នុងពិធីបើកវេទិកា Shangri-La Dialogue ដែល​ជាកិច្ចប្រជុំ​កំពូលសន្តិសុខ​ទ្វីបអាស៊ី កាលពីយប់​ថ្ងៃទី៣១ ខែ​ឧសភាថា៖ «បន្ទាប់​ពី​សង្រ្គាម​ត្រជាក់​បាន​បញ្ចប់​ ​សហ​រដ្ឋអាមេរិក​បាន​ក្លាយ​ជា​ប្រទេស​មហា​អំណាច​តែ​មួយ​គត់។ ​អាស៊ី​អាគ្នេយ៍​បាន​ចូល​ទៅ​ក្នុង​ដំណាក់​កាល​ថ្មី​មួយ។ ​សង្រ្គាម​ឥណ្ឌូចិន​បាន​បញ្ចប់​ទៅ​ ហើយ​ប្រទេស​កុម្មុយនីស្ត​នានា​[នៅ​ឥណ្ឌូចិន]​បាន​បើក​ចំហ​នយោបាយ​ជាង​មុន។ ​ប៉ុន្មាន​ឆ្នាំ​មុន​នោះ​ ​ប្រទេស​វៀតណាម​បាន​ឈ្លាន​ពាន​កម្ពុជា​ ហើយ​ក្លាយ​ជា​ការ​គំរាម​កំហែង​យ៉ាង​ខ្លាំង​ដល់​ប្រទេស​ជិត​ខាង​ខ្លួន​ដែល​មិន​មែន​កុម្មុយនីស្ត។ ​ប៉ុន្តែ​ឥឡូវ​នេះ ​វៀតណាម​បាន​ចូល​ជា​សមាជិក​អាស៊ាន​ ដោយ​រួម​ទាំង ​កម្ពុជា ​ឡាវ ​និង​មីយ៉ាន់ម៉ា​ផង​ដែរ។ ​នេះ​ជា​ករណី​នៃ​ការ​ប្រែ​ក្លាយ​សង្រ្គាម​ឲ្យ​ទៅ​ជា​សន្តិភាព»។​

ជាមួយគ្នានេះ មន្រ្តី​ជាន់ខ្ពស់​របស់​កម្ពុជា ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​ការ​លើកឡើងរបស់​លោក​នាយករដ្ឋមន្រ្តី​សិង្ហបុរី ខាងលើនេះ​ផងដែរ។

សម្តេច ទៀ​ បាញ់ ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា ​ដែល​ទើប​ត្រឡប់​មក​ពី​កិច្ច​ប្រជុំ ​Shangri-La ​កាល​ពី​យប់​ថ្ងៃ​ច័ន្ទ ​បាន​បញ្ជាក់ប្រាប់ VOA ​នៅ​រសៀល​ថ្ងៃ​អង្គារ​​ថា ​ការ​លើក​ឡើង​ដោយ​ប្រើ​ពាក្យ«ការ​ឈ្លាន​ពាន​របស់​វៀតណាម»​មិន​«យុត្តិធម៌»​ចំពោះ​កងទ័ព​ស្ម័គ្រ​ចិត្ត​វៀតណាម​ក៏​ដូច​ជា​ពលរដ្ឋ​កម្ពុជា​ដែល​រង​គ្រោះដោយ​របប​ខ្មែរក្រហមនោះ​ទេ។​ ​សម្តេច​បាន​បញ្ជាក់​ថា​ វា​ជា​ការ​ស្នើ​សុំ​របស់​កម្ពុជា​ដើម្បី​ឲ្យ​ភាគី​វៀតណាម​មក​ជួយ​«រំដោះ»​កម្ពុជា​ពី​របប​ប្រល័យ​ពូជ​សាសន៍។​

សម្តេច ទៀ បាញ់ ថ្លែងនាពេលកន្លងមក

រដ្ឋមន្ត្រី​ការពារ​ជាតិ​រូប​នេះបញ្ជាក់​ថា​ នៅ​ក្នុង​អំឡុង​កិច្ច​ប្រជុំ ​Shangri-La Dialogue នៅ​សិង្ហបុរី​កាល​ពី​ចុង​សប្តាហ៍​កន្លងទៅ​ ​សម្តេច​បាន​លើក​ចំណុចអាក់អន់​ចិត្តបន្តិច​បន្តួច​របស់​ភាគី​កម្ពុជា​នេះ ទៅ​ជម្រាប​ជូន​​​រដ្ឋមន្ត្រី​ការពារ​ជាតិ​សិង្ហបុរី Ng Eng Hen ​រួច​ហើយ។​

«យើង​បញ្ជាក់​ឲ្យគាត់​ថា​ ពាក្យ​នោះ​គឺ​មិន​ត្រឹមត្រូវ​ទេ។​ ដូច្នេះ​គាត់​ចង់​កែ​តម្រូវ​របៀប​ណា​ អា​នេះ​គឺ​ជា​សិទ្ធិ​របស់​គាត់​ទេ។​ យើង​ក៏​មិន​ហ៊ាន​ទៅ​ផ្ទៀងផ្ទាត់ ឬ​ក៏​ទៅ​បញ្ជា​គេ​ថា ​អញ្ចុះ​អញ្ចេះ​នោះ​ យើង​អត់​មាន​ទេ»។

ទោះជាយ៉ាងណា សម្តេច​ ​ទៀ បាញ់​ មិន​រំពឹង​ថា ​ការ​ប្រើ​ពាក្យ​របស់​នាយក​រដ្ឋ​មន្ត្រីសិង្ហបុរី​ថា «វៀតណាម​ឈ្លាន​ពាន» ​នេះ​ នឹង​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​ដល់​ទំនាក់​ទំនង​កម្ពុជា​ជាមួយ​សិង្ហបុរី​ ឬ​សមាជិក​អាស៊ាន​ទេ ​ដោយសម្តេច​ថា ​ការ​ថ្លែងនេះ​គឺ​ជា​ការ​ថ្លែង​ជា​ទូទៅប៉ុណ្ណោះ​ ហើយ​វា​ជា​ការ​យល់​ច្រឡំ​អំពី​ប្រវត្តិ​សាស្ត្រ។

លោក​សុខ ឥសាន ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ប្រាប់ ​VOA ​ថា ​ក្នុង​នាម​ជា​ជន​រងគ្រោះ​ម្នាក់​នៃ​របប​ខ្មែរ​ក្រហម​ម្នាក់ ​លោក​យល់​ស្រប​នឹង​ទស្សនៈ​ថា ​ការ​ជជែក​អំពី​បរិបទ​ភូមិសាស្ត្រ​នយោបាយ​នៅ​ពេល​នោះមិន​ត្រូវ​មើល​រំលងប្រជាជន​កម្ពុជា​ជា​ច្រើន​លាន​នាក់​ដែល​រងគ្រោះ​ដោយ​របប​នោះ ​ហើយ​តាមទស្សនៈផ្ទាល់​របស់​លោក​ ​ អន្តរាគមន៍​របស់​វៀតណាម​ជា​ការ​«រំដោះ»។​

ប៉ុន្តែអ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​រូប​នេះ ​បានបន្ថយ​ទម្ងន់​នៃ​ប្រតិកម្ម​របស់​កម្ពុជាចំពោះ​ទំនាក់​ទំនង​ការទូត​រវាង​កម្ពុជា​និង​សិង្ហបុរី ​ដោយ​លោក​បញ្ជាក់​ថា៖​

«គាត់​និយាយ​តាំង​ឆ្នាំ​[១៩]៧៩។ ​​ លោក​ Lee Hsien Loong ​មាន​ជួប​ប្រទះ​នឹង​របប​ប្រល័យ​ពូជ​សាសន៍​ជិត​អស់​ជីវិត​ដូច​យើង​ខ្ញុំ​ឯ​ណា?​ អ៊ីចឹង​គាត់​និយាយ​មួយ​បែប​របស់​គាត់។​ អាហ្នឹង​ជា​រឿង​គាត់។​ យើង​អត់​មាន​ថ្នាំង​ថ្នាក់​អី​ទេ»។​

លោក​ សុខ ឥសាន ​បន្ថែម​ថា ​ការ​វិនិច្ឆ័យ​អំពី​ភាព​ខុសត្រូវ​នៃ​ការ​ប្រើ​ពាក្យ​ប្រវត្តិ​សាស្ត្រ​នេះគឺ​ទី​បំផុតអាស្រ័យ​លើ​ប្រជាជន៖​

«យើង​ថាខុស​ក៏​អត់​ថា​ខុស។ ​យើង​ថា​ត្រូវ​ក៏​អត់​ថា​ត្រូវ​ដែរ។​ ស្រេច​តែ​លើ​ការ​វិនិច្ឆ័យ​របស់​ប្រជាជន​គាត់​ ឬ​មួយ​ក៏​ប្រជាជន​នៅ​អាស៊ី​អាគ្នេយ៍​ ឬ​មួយ​ក៏​ប្រជាជន​កម្ពុជា​ដែល​ឲ្យ​តម្លៃ​ថា​ គាត់​និយាយ​ត្រូវ​ ឬ​ខុស»៕

ប្រភព៖ Vietnam Express | VOA News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;