គណៈប្រតិភូ EU មក​កម្ពុជា ​មិនមែន​​ក្នុង​បេសកកម្ម EBA នោះទេ

  • 2019-06-06 06:50:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គលេខាធិការ​រង នៃ​មន្ទីរ​ការ​បរទេស​សហភាព​អ៊ឺរ៉ុប លោក Jean-Christophe Belliard បាន​ដឹកនាំ​គណៈ​ប្រតិភូ​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ ប្រាក់ សុខុន ឧប​នាយក​រដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នា​ព្រឹក​ថ្ងៃទី​០៦ ខែ​មិថុនា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួង​ការ​បរទេស។

លោក Jean-Christophe Belliard បាន​ថ្លែង​ថា លោក​រីករាយ​ដែលបាន​មកដល់​កម្ពុជា ដោយលោក​បញ្ជាក់​ថា លោក​មក​កម្ពុជា​នេះ មិនមែន​ក្នុង​បេសកកម្ម EBA នោះ​ទេ ហើយ​លោក​មក​នេះ គឺ​ស្ថានទូត​បារាំង​បាន​អញ្ជើញ​ឱ្យ​មក​ចូលរួម​សន្និសីទ​មួយ​នៅក្នុង​ស្ថានទូត​បារាំង​នៅ​ភ្នំពេញ ហើយ​លោកនឹង​ថ្លែង​សុន្ទរកថា​អំពី​ទំនាក់ទំនង​រវាង​សហគមន៍​អឺរ៉ុប និង​អាស៊ាន។ នេះបើតាម​លោក កេត សោផាន់ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បាន​ថ្លែងប្រាប់​ក្រុម​អ្នក​កាសែត​ក្រោយ​ជំនួប​ពិភាក្សា​នេះ។

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សង្ឃឹម​ថា អគ្គលេខាធិការ​រង នៃ​មន្ទីរ​ការបរទេស​សហភាព​អ៊ឺរ៉ុប រួមទាំង​សហការី មក​កម្ពុជា​លើក​ដំបូង ពិតជា​បាន​ឃើញ​នូវ​អ្វី​ដែល​ជាក់ស្តែង​នៅលើ​ទីតាំង ខុសពី​អ្វី​ដែលជា​ព័ត៌មាន​មិនមែន​ជា​ការពិត​នៅក្នុង​បណ្តាញ​សារព័ត៌មាន​មួយ​ចំនួន​បានផ្សាយ ហើយ​នេះ គឺជា​បេសកម្ម​ក្នុងការ​កសាង​ទំនុក​ចិត្ត​រវាង​ភាគី​ទាំងពីរ កម្ពុជា និង​សហគមន៍​អឺរ៉ុប។

លោក​បាន​ថ្លែង​អំណរគុណ​សហគមន៍​អឺរ៉ុប​ដែលបាន​ផ្តល់ជំនួយ​ដល់​កម្ពុជា​លើ​វិស័យ​ជាច្រើន​ ក្នុង​រយៈពេល​ជាង ២០ឆ្នាំ​កន្លង​មក​នេះ។ លោក​បាន​បន្ត​ថា កម្ពុជា​បាន​ខិតខំ​ត្រៀម​នឹង​រៀបចំ​យ៉ាងខ្លាំង​ជាមួយ​ក្រសួង​ពាក់ព័ន្ធ សភា និង​សង្គម​ស៊ីវិល រួមទាំង​ផ្នែក​ឯកជន ដើម្បី​រៀបចំឲ្យ​បាន​ជោគជ័យ​នៅកិច្ច​ប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​នៅ​កម្ពុជា នៅឆ្នាំ​២០២០។

អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​បន្ត​ថា ការ​ពិភាក្សា​រវាង​ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​លើ​គោលការណ៍​ធំៗ គឺ​ភាគី​ទាំងពីរ​នឹង​បន្ត​កិច្ចសន្ទនា​ ដើម្បី​រក​ដំណោះ​ស្រាយ​នៅក្នុង​ការ​រក្សា EBA ជូន​កម្ពុជា​បន្តទៀត និង​គោរពគ្នា​ទៅវិញទៅមក៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;