តៃវ៉ាន់​ស្នើសុំទិញ​រថក្រោះ​ជាង ១០០​គ្រឿង និង​មីស៊ីល​ជិត ២ពាន់​គ្រាប់ ពី​អាមេរិក

  • 2019-06-07 03:01:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងការពារ​កោះ​តៃវ៉ាន់ បាន​ចេញសេចក្តី​ថ្លែងការណ៍​កាលពីថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៩ ដោយ​បញ្ជាក់​ថា ខ្លួន​បាន​ស្នើសុំ​ទិញ​ពី​អាមេរិក នូវ​រថក្រោះ M1A2 Abrams ចំនួន ១០៨គ្រឿង, មីស៊ីល​ប្រឆាំង​រថក្រោះ TOW ចំនួន ១២៤០គ្រាប់, មីស៊ីល​ប្រឆាំង​រថក្រោះ Javelin ចំនួន ៤០៩​គ្រាប់ និង​ខែល​មីស៊ីល Stinger Man-portable ចំនួន ២៥០​គ្រាប់​ផងដែរ។

រថក្រោះ M1A2 Abrams (រូបថត៖ squadron)
មីស៊ីល​ប្រឆាំង​រថក្រោះ Javelin (រូបថត៖ Defend News)

គម្រោង​ទិញ​សព្វាវុធរបស់​តៃវ៉ាន់​ខាងលើ​នេះ គឺក្នុង​ខណៈ​ដែល​កោះនេះ កំពុងរង​ការគំរាម​កំហែងពី​មហាយក្ស​ចិន ដែលតែងតែង​ចាត់ទុក​តៃវ៉ាន់​ជាខេត្តមួយ​របស់​ខ្លួន ហើយគំរាម​តៃវ៉ាន់​ថា ខ្លួននឹង​ប្រើ​កម្លាំង​យោធា បើ​ហ៊ាន​ប្រកាស​ឯករាជ្យ។

ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី Tsai Ing-wen បាន​ថ្លែង​កាលពី​ខែមីនា​កន្លង​ទៅថា តៃវ៉ាន់​កំពុង​ស្វែងរក​ទិញ​រថក្រោះ និង​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​ប៉ុន្តែ​មិនបាន​បញ្ជាក់​លម្អិត​ឡើយ។

ជាមួយគ្នា​នោះ កាលពី​ម្សិលមិញ​ក្នុងការ​បង្ហាញ​ខ្លួនជា​សាធារណៈ​មួយ លោកស្រី Tsai ក៏បាន​បញ្ជាក់​ទៀតដែរ​ថា លោកស្រី​សន្យា​បន្ត​គាំទ្រ​ការ​ពង្រឹង​សមត្ថភាព​យោធា​តៃវ៉ាន់ និង​ប្រឹងប្រែង​ចូលរួម​ចំណែក​ក្នុង​សន្តិភាព​តំបន់៕

ប្រភព៖ AP ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;