សម្តេច ហ៊ុន សែន នឹងទៅប្រទេសហុងគ្រី និងតាជីគីស្ថាន ក្នុងគោលបំណងផ្សេងគ្នា
- 2019-06-10 06:25:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន នឹងទៅប្រទេសហុងគ្រី និងតាជីគីស្ថាន ក្នុងគោលបំណងផ្សេងគ្នា
ចន្លោះមិនឃើញ
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហុងគ្រី និងចូលរួមសន្និសីទកំពូលលើកទី៥ ស្តីពី «អន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី» នៅសាធារណរដ្ឋតាជីគីស្ថាន ពីថ្ងៃទី១៣-១៥ ខែមិថុនា ឆ្នាំ២០១៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩។
តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្រ្តី វីកទ័រ អ័របាន (Viktor Orbán) សម្តេចតេជោ នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហុងគ្រី ពីថ្ងៃទី១៣ ដល់១៤ ខែមិថុនា ឆ្នាំ២០១៩។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ សម្តេចនឹងជួបសម្តែងការគួរសមដោយឡែកពីគ្នាជាមួយថ្នាក់ដឹកនាំហុងគ្រី និងមានជំនួបពិភាក្សាទ្វេភាគីជាមួយសមភាគីហុងគ្រី លើបញ្ហាជាច្រើនសំដៅលើកកម្ពស់ និងពង្រឹងទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ ក៏ដូចជាកិច្ចសហប្រតិបត្តិការជិតស្និទ្ធនៅលើវេទិកាពហុភាគីនានា។ នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកសារពីរគឺ៖ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង កម្មវិធីផ្លាស់ប្តូរវិស័យអប់រំ នឹងត្រូវចុះហត្ថលេខា។
ចំណែកនៅប្រទេសតាជីគីស្ថានវិញ សម្តេច ហ៊ុន សែន នឹងអញ្ជើញចូលរួម 5th CICA Summit ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងឌូស្ហាន់បេ សាធារណរដ្ឋតាជីគីស្ថាន នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៩។
នៅក្នុងកិច្ចប្រជុំកំពូលនេះ សម្តេចនឹងថ្លែងសុន្ទរកថាដ៏សំខាន់មួយដោយផ្តោតលើបញ្ហាគន្លឹះជាច្រើន ដែលជាការប្រឈមរួមរបស់តំបន់អាស៊ី និងចែករំលែកទស្សនៈស៊ីជម្រៅថា អាស៊ីនឹងរួមគ្នាដោះស្រាយបញ្ហាសន្តិសុខ សេដ្ឋកិច្ច និងនយោបាយ តាមរយៈការពង្រឹងជំនឿទំនុកចិត្ត និងទំនាក់ទំនងក្នុងចំណោមប្រទេសជាសមាជិក CICA។
ក្រៅពីកិច្ចប្រជុំកំពូលនេះ សម្តេច ហ៊ុន សែន នឹងមានជំនួបពិភាក្សាការងារទ្វេភាគី ជាមួយលោក អ៊ីម៉ូម៉ាលី រ៉ាម៉ុន ប្រធានាធិបតីតាជីគីស្ថាន និងប្រមុខរដ្ឋ/រដ្ឋាភិបាលនៃប្រទេសមួយចំនួនដែលអញ្ជើញមកពីប្រទេសសមាជិកផ្សេងទៀត។
CICA គឺជាវេទិកាពហុភាគីដែលមានវត្ថុបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោម រដ្ឋសមាជិករបស់ខ្លួន ក្នុងវិស័យមួយចំនួនដូចជា សន្តិភាព សន្តិសុខ និងស្ថិរភាពនៅអាស៊ី និងពិភពលោកទាំងមូល។ បច្ចុប្បន្ន សន្និសីទនេះ មានសមាជិកអចិន្រៃ្តយ៍ចំនួន ២៦ប្រទេស ហើយកម្ពុជាបានចូលជាសមាជិកនៅឆ្នាំ២០១១៕